ឧត្តមនាវីឯក ចន អាឃ្វីលីណូ (John Aquilino) មេបញ្ជាការអាម៉េរិកនៃបញ្ជាការដ្ឋានប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានទម្លាយប្រាប់សារព័ត៌មាន Nikkei Asia និងសារព័ត៌មានផ្សេងៗទៀតក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុន ថា ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានស្នើឱ្យយោធារបស់លោកត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ប្រតិបត្តិការចូលឈ្លានពានកោះតៃវ៉ាន់ ដែលអាចធ្វើឡើងនៅឆ្នាំ២០២៧។
យ៉ាងណាមិញឧត្តមនាវីឯករូបនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កើនកម្លាំងយោធារបស់មហាយក្សចិន ក៏ដូចជាការបង្កើនការរករឿងកោះតៃវ៉ាន់ជាបន្តបន្ទាប់។លោកជឿជាក់ថា ទោះបីជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដាំក្បាលចុះយ៉ាងណាក៏ដោយ ក៏ចិន នឹងបន្តចំណាយធនធានយ៉ាងច្រើនសម្បើមលើវិស័យយោធារបស់ខ្លួន។
ទន្ទឹមនេះ លោក ក៏បានរិះគន់ប្រទេសចិនផងដែរ ចំពោះការផ្គត់ផ្គង់បន្ទះឈីប និងផលិតផលប្រើប្រាស់សម្រាប់គោលបំណង២ផ្សេងៗទៀតដល់ប្រទេសរុស្ស៊ី ដោយលោកអះអាងថា ការធ្វើបែបនេះបង្ហាញពីការជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ក្រុងមូស្គូ នៅអ៊ុយក្រែន។
លោកបន្តថា ក្រុងប៉េកាំង បានប្រកែកថា ក្រុមហ៊ុននានាជាអ្នកលក់ផលិតផលទាំងនេះ ដូច្នេះវាមិនបង្ហាញថា រដ្ឋាភិបាលចិន គាំទ្ររុស្ស៊ីនោះឡើយ។ ទោះជាយ៉ាងណា លោកបានច្រានចោលទស្សនលើកឡើងនេះ ដោយលោកអះអាងថា វាមានការពាក់ព័ន្ធគ្នារវាងវិស័យយោធា និងវិស័យស៊ីវិលរបស់ប្រទេសចិន។
លើសពីនេះ លោកបានគូសបញ្ជាក់ថា សកម្មភាពបង្ករឿងកាន់តែខ្លាំងឡើងរបស់មហាយក្សចិន នៅសមុទ្រចិនខាងត្បូង អាចនឹងបង្ខំឱ្យសហរដ្ឋអាម៉េរិក និងប្រទេសហ្វីលីពីន ចាប់ផ្ដើមបង្កើតសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕
ដោយ: តែម សុខុម