ប្រទេសចិន

ធនាគារកណ្ដាលចិនបញ្ចុះអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល១០ខែមកនេះ ឱ្យនៅត្រឹម ១,៩០% ចំពោះកម្ចីរយៈពេលខ្លី


ប្រទេសចិនបានចាត់វិធានការមួយនៅថ្ងៃអង្គារ សំដៅស្តារទំនុកចិត្តទីផ្សារ និងជំរុញសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញនៅក្រោយសម័យជំងឺរាតត្បាតកូវីដ១៩ ដោយការបញ្ចុះអត្រាការប្រាក់សម្រាប់កម្ចីរយៈពេលខ្លី ពី ២% ឱ្យមកនៅត្រឹម ១,៩%វិញ។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មានរើយធឺថា វិធានការនេះទំនងជាធ្វើឡើង ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើប្រាក់យ័ននៅចំពោះមុខលទ្ធភាពបន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលសហរដ្ឋាអាមេរិកនាពេលខាងមុខ។
ចិនបានចាត់វិធានការហិរញ្ញវត្ថុជាលើកដំបូងដើម្បីស្តារទំនុកចិត្តទីផ្សារនិងជំរុញសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ

ធនាគារកណ្តាលចិន នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា បានទម្លាក់អត្រាការប្រាក់កម្ចីរយៈពេលខ្លីជាលើកដំបូងក្នុងរយៈពេល ១០ ខែកន្លងទៅនេះ។ នេះជាវិធានការមួយសំដៅស្តារទំនុកចិត្តទីផ្សារ និងជំរុញសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ នៅក្រោយសម័យជំងឺរាតត្បាតកូវីដ១៩។

មុននេះមិនយូរប៉ុន្មាន ទិន្នន័យសេដ្ឋកិច្ចបានបង្ហាញថា សេចក្ដីត្រូវការបានធ្លាក់ចុះ ហើយអារម្មណ៍វិនិយោគិនប្រែជាចុះខ្សោយ។ ស្ថានភាពដូច្នេះបានធ្វើឱ្យគេរំពឹងទុកថា អាជ្ញាធររបស់មហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោកមួយនេះ នឹងបន្ធូរបន្ថយវិធានការរូបិយវត្ថុ ដើម្បីរក្សាចីរភាពកំណើនសេដ្ឋកិច្ច។

លោក ខិន ជើង (Ken Cheung) ប្រធានផ្នែកយុទ្ធសាស្ត្រទីផ្សារប្ដូរប្រាក់អាស៊ីនៅធនាគារ មីហ្ស៊ុហូ (Mizuho) បាននិយាយថា ធនាគារប្រជាជនចិនប្រហែលជាចង់កាត់បន្ថយផលប៉ះពាល់ពីការបន្ធូរបន្ថយវិធានការរូបិយវត្ថុនាពេលអនាគត មកលើប្រាក់យ័នរបស់ចិន នៅមុនពេលមានមានកិច្ចប្រជុំគោលនយោបាយនៅធនាគារកណ្តាលសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ។

ប្រៀបធៀបនឹងសហរដ្ឋអាមេរិក ការកាត់បន្ថយអត្រាការប្រាក់នៅក្នុងប្រទេសចិនអាចធ្វើឱ្យប្រាក់ចំណេញពីការប្រាក់កម្ចីនៅប្រទេសចិនកាន់តែទាបជាងនៅសហរដ្ឋអាមេរិក បើទោះបីជាធនាគារកណ្ដាលសហរដ្ឋអាមេរិកផ្អាកការដំឡើងអត្រាការប្រាក់ក្នុងខែនេះក៏ដោយ។

ជាធម្មតា ការផ្លាស់ប្តូរអត្រាការប្រាក់កម្ចីរយៈពេល ៧ ថ្ងៃ នៅប្រទេសចិន តែងបង្ហាញថា ការផ្លាស់ប្តូរអត្រាការប្រាក់កម្ចីរយៈពេលវែងទំនងជានឹងកើតមានដែរ។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចិនគ្រោងផ្តល់ប្រាក់កម្ចីរយៈពេលមធ្យមប្រហែល ២៨ ប៊ីលានដុល្លារអាមេរិក។

គួរកត់សម្គាល់ថា បន្ទាប់ពីការសម្រេចចិត្តបន្ទាបអត្រាការប្រាក់ដោយធនាគារកណ្ដាលចិន តម្លៃប្រាក់យ័នបានចុះទាបបំផុត បើគិតពីចុងខែវិច្ឆិកា ឆ្នាំ ២០២២ មក ដោយ ១ ដុល្លារអាមេរិក ស្មើនឹងជាង ៧,១៦ យ័ន៕

ដោយ៖ ឯម មាឃ




អត្ថបទបន្ទាប់


មេ UN គាំទ្រគំនិតបង្កើតឱ្យមានអង្គការអន្តរជាតិឃ្លាំមើល AI ស្រដៀងទីភ្នាក់ងារនុយក្លេអ៊ែរសាកលដែរ

អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ទី ១២ មិថុនា បានបង្ហាញការគាំទ្រគំនិតផ្ដួចផ្ដើមរបស់ប្រធានក្រុមហ៊ុនបញ្ញាសប្បនិម្មិតមួយចំនួន ដែល…

ទីផ្សារឧស្សាហកម្មគ្រឿងសំណង់វៀតណាមកំពុងស្ទះ ចំពេលទីផ្សារអចលនទ្រព្យនៅទ្រឹង

ក្រុមមេដឹកនាំក្រុមហ៊ុនផលិតគ្រឿងសំណង់ ដែលរួមមានដែក ស៊ីម៉ង់ សេរ៉ាមិច នៅក្នុងប្រទេសវៀតណាម សុទ្ធតែអះអាងអំពីការធ្លាក់ចុះ ក្រោយពេលដែលទីផ្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ