សារព័ត៌មាន CNBC បានធ្វើការគណនាពីទំហំនៃការខាតប្រាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗទាំងបួននេះ ដោយផ្អែកតាមទិន្នន័យដែលចូលមើលបានតាមរយៈ Refinitiv Eikon ។
ការខាតបង់ដ៏ច្រើនសន្ធឹកនេះកើតឡើងចំពេលដែលមានការគំរាមដកក្រុមហ៊ុនទាំងនេះចេញពីផ្សារហ៊ុនអាមេរិក ។
គិតត្រឹមការបិទការជួញដូរនៅថ្ងៃសុក្រ (ទី២៦ មីនា) នេះ តម្លៃទីផ្សារនៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនទាំងបួននេះ បានធ្លាក់ចុះ ៤៦៨,៦៤ពាន់លានដុល្លារហុងកុង (ប្រហែល ៦០,៣១ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលតែ ០៣ថ្ងៃប៉ុណ្ណោះ ។
គិតចាប់ពីការបិទការជួញដូរនៅថ្ងៃអង្គារ មកដល់ត្រឹមម៉ោងបិទការជួញដូរនៅថ្ងៃសុក្រនេះ ម៉ោងក្នុងទីក្រុងហុងកុង ៖
- អាលីបាបា (Alibaba) បានខាត ៣០៣,១ពាន់លានដុល្លារហុងកុង (ស្មើនឹង ៣៩ពាន់លានដុល្លារអាមេរិក)
- បៃឌូ (Baidu) ខាត ១០៧,៥៤ពាន់លានដុល្លារហុងកុង
- JD.com ខាត ៣០,៦៧៤ពាន់លានដុល្លារហុងកុង
- Netlease ខាត ២៧,៣៣៤ពាន់លានដុល្លារហុងកុង ។
កាលពីថ្ងៃពុធសប្ដាហ៍នេះ គណៈកម្មការផ្សារមូលបត្រសហរដ្ឋអាមេរិក (SEC) បានអនុម័តច្បាប់មួយដែលគំរាមដកក្រុមហ៊ុននានាចេញពីផ្សារមូលបត្រសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនទាំងនោះមិនគោរពតាមស្តង់ដារសវនកម្មរបស់អាមេរិកទេនោះ ។
នៅក្រោមច្បាប់ដែលគេឲ្យឈ្មោះថា ច្បាប់កំណត់ឲ្យក្រុមហ៊ុនបរទេសមានទំនួលខុសត្រ ក្រុមហ៊ុនទាំងឡាយណាដែលកំណត់អត្តសញ្ញាណដោយគណៈកម្មការផ្សារមូលបត្រសហរដ្ឋអាមេរិក នឹងត្រូវតម្រូវឲ្យធ្វើសវនកម្មដោយស្ថាប័នរបស់អាមេរិក និងចាំបាច់ត្រូវតែបង្ហាញភ័ស្តុតាងថាក្រុមហ៊ុនទាំងនោះមិនមែនកាន់កាប់ ឬគ្រប់គ្រងដោយអង្គភាពរដ្ឋាភិបាលនៅក្នុងដែនយុត្តាធិការបរទេសឡើយ ។ ក្រុមហ៊ុនក៏នឹងត្រូវប្រាប់ឈ្មោះសមាជិកក្រុមប្រឹក្សាភិបាលណា ដែលជាមន្ត្រីបក្សកុំម្មុយនិស្តចិនផងដែរ ៕