នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង បានគូសបញ្ជាក់ថា ការមកបំពេញទស្សនកិច្ចរបស់គណៈប្រតិភូក្រុងសានថូវនៅពេលនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ ខេត្តក្វាងតុង និងកម្ពុជា។ ទន្ទឹមនេះ គណ:ប្រតិភូទីក្រុងសានថូវ ក៏មានបំណងជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍ ព្រមទាំងលទ្ធភាពក្នុងការបើកដំណើរការឡើងវិញនូវការហោះហើរត្រង់ពីទីក្រុងសានថូវ មកប្រទេសកម្ពុជានាពេលខាងមុខផងដែរ។
ជាមួយគ្នានេសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូខាងលើក្នុងការវិនិយោគលើវិស័យសក្តានុពលផ្សេងៗនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី បានរំលេចពីទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបកម្ពុជា-ចិន និងបានចាត់ទុកទស្សនកិច្ចនាពេលនេះ វានឹងកាន់តែរួមចំណែកជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការតភ្ជាប់ក្នុងចំណោមវិស័យឯកជន និងវិស័យឯកជន។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់វិនិយោគិនមកពីទីក្រុងសានថូវ បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៅកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យសក្កានុពលជាច្រើនទៀត ជាពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីក្រុងសានថូវ ខេត្តក្វាងតុង នៅកម្ពុជា ក៏សម្រេចបាននូវការចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជាផងដែរ៕
អត្ថបទ៖ ខេមបូណូមីស,រូបឯកសារ