តំណាងចិននៅអង្គការសហប្រជាជាតិក្រៅតែពីព្រមានអំពីសង្គ្រាមស៊ីវិល ដែលអាចកើតមានហើយនោះ ខ្លួនក៏បានអំពាវនាវ និងជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយក្នុងការបញ្ចប់ជម្លោះ ដែលអូសបន្លាយអស់ជិតជាង៣ខែមកហើយចាប់តាំងពីមានរដ្ឋប្រហារនៅដើមខែកុម្ភៈមក។
លោក ចាង ជុន តំណាងប្រទេសចិននៅអង្គការសហប្រជាជាតិបាននិយាយថា៖ ការផ្តល់ដំណោះស្រាយខុសណាមួយទៅអោយភូមា អាចនឹងនាំឲ្យមានភាពតានតឹងបន្ថែមទៀតនៅក្នុងប្រទេសមួយនេះ។
លោក ចាង ជុន បន្តថា៖ ប្រទេសចិនគាំទ្រពេញទំហឹង ដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះតាមរយៈផ្លូវការទូត ដែលដឹកនាំដោយប្រទេសសមាជិកអាស៊ាន បូករួមនឹងវត្តមានប្រេសិតពិសេសអង្គការសហប្រជាជាតិផងដែរ។ ចិនបានបង្ហាញក្តីសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អជុំវិញចំណាត់ការរបស់អាស៊ាន ក្នុងការដោះស្រាយជម្លោះនៅភូមា។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ លោក ចាង ជុន បានឆ្លៀតនិយាយបែបផ្លែផ្កាឲ្យលោកខាងលិចថា៖«ចិនមិនគាំទ្រការដោះស្រាយបញ្ហាដោយការប្រើប្រាស់ទណ្ឌកម្មនោះទេ»។
គួររំឭកថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក៏បានចេញមកនិយាយគាំទ្រផងដែរ លើដំណោះស្រាយដែលកើតចេញពីផ្លែផ្ការរបស់កិច្ចប្រជុំនៃក្រុមប្រទេសសមាគមន៍អាស៊ាន ដែលបានជំរុញឲ្យបញ្ឈប់អំពើហិង្សានានាក្នុងប្រទេសភូមា។ ក្រុមប្រឹក្សាសន្តិសុខបានលើកសរសើរថា វាជា កច្ចពិភាក្សាជំហានដំបូង ដើម្បីឆ្ពោះទៅរកដំណោះស្រាយបន្ទាប់ពីរដ្ឋប្រហារយោធា ដែលបានបណ្តេញមេដឹកនាំស៊ីវិល លោកស្រីអ៊ុងសានស៊ូជីនិងគណបក្សរបស់លោកស្រីចេញពីតំណែង។
ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក៏មិនភ្លេចទាមទារជាថ្មីម្តងទៀតឲ្យមានការស្តារលិទ្ធិប្រជាធិបតេយ្យឡើងវិញ និងដោះលែងអ្នកទោសនយោបាយទាំងអស់ ដែលកំពុងជាប់ឃុំឃាំង។
សូមបញ្ជាក់ថា មិនមែនតែប្រទេសចិននោះទេ ដែលព្រួយបារម្ភពីករណីសង្គ្រាមស៊ីវិលនៅភូមា កន្លងមកមានមជ្ឈដ្ឋានអន្តរជាតិជាច្រើនបានបង្ហាញក្តីបារម្ភដូចគ្នា ដោយសារតែគេសង្កេតឃើញ មានការប៉ះទង្គិចគ្នាជាច្រើនរវាងក្រុមយោធាភូមា ជាមួយនឹងទ័ពជនជាតិភាគតិច កាឈីន និងការ៉ែនដែលរស់នៅតាមតាមបណ្តោយព្រំដែនភូមា-ថៃ។ ជនជាតិភាគតិចទាំងនេះសន្យាថានឹងការពារពលរដ្ឋភូមា ហើយថែមទាំងមានបំណងចង់ផ្តួលរំលំរបបសឹកភូមាទៀតផង៕