ក្រសួងការបរទេសចិន បានលើកឡើងថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បាននិយាយនៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅប្រទេសឡាវ កាលពីដើមខែតុលា នេះថា លោកនឹងធ្វើការជាមួយមន្ត្រីឡាវ ដើម្បីប្រែក្លាយប្រទេសនេះឱ្យក្លាយជាច្រកដឹកជញ្ជូនតាមផ្លូវគោកដ៏សំខាន់មួយនៅតំបន់អាស៊ាន។ ជាក់ស្តែងកាលពីពេលថ្មីៗ ចិន និងឡាវ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយក្នុងបំណងកែលម្អច្រករបៀងអភិវឌ្ឍន៍តំណភ្ជាប់រវាងប្រទេសទាំងពីរ និងប្រទេសថៃ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ិនហួររបស់ចិន ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ដើម្បីធ្វើការឆ្ពោះទៅរកការតភ្ជាប់ផ្លូវដែកចិន-ឡាវជាមួយនឹងប្រព័ន្ធផ្លូវដែកថៃ ឆ្លងកាត់ព្រំដែនឡាវ ផងដែរ។ ប្រទេសឡាវ ដែលមានការអភិវឌ្ឍតិចតួច និងមានចំនួនប្រជាជនត្រឹមតែជាង៧លាននាក់នោះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ទីក្រុងប៉េកាំង ព្រោះប្រទេសនេះមិនត្រឹមតែមានព្រំប្រទល់ជាប់ជាមួយចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប់ប្រទេសមានសេដ្ឋកិច្ចធំជាងខ្លួននៅតំបន់អាស៊ាន រួមមានកម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម ផងដែរ។
លោកស្រី ស៊ូពិតចា ពុនយ៉ា (Supitcha Punya) ជំនួយការសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ នៅសកលវិទ្យាល័យឈៀងម៉ៃ (Chiang Mai) ប្រទេសថៃ បាននិយាយថា ប្រទេសឡាវ ត្រូវបានគេមើលឃើញថា ជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់ប្រទេសចិន ដ៏សំខាន់នៅក្នុងការនាំចេញផលិតផលរបស់ចិន មកកាន់តំបន់អាស៊ាន និងនាំចូលផលិតផលពីតំបន់នេះទៅប្រទេសចិនវិញផងដែរ។
ទំហំពាណិជ្ជកម្ម និងការវិនិយោគចិន-អាស៊ាន បានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០១០ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយចាប់តាំងពីឆ្នាំ២០១៨ មក វិនិយោគិនចិន បានប្រើប្រាស់មូលដ្ឋានអាស៊ីអាគ្នេយ៍ ដើម្បីគេចពីការបង់ពន្ធលើការនាំចេញទំនិញទៅសហរដ្ឋអាម៉េរិកដោយផ្ទាល់។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ាន បានឈានដល់ជាង៩១១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ខណៈដែលការវិនិយោគផ្ទាល់របស់ចិន នៅអាស៊ានកាលពីឆ្នាំមុន បានកើនឡើងជាង៣៤% ដោយឡើងដល់ជាង២៥ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២៕
អត្ថបទ៖ សុខ មង្គល