ចិន-វៀតណាម

ចិន-វៀតណាមឯកភាពកសាងជោគវាសនាអនាគតរួម និងបានចុះកិច្ចព្រមព្រៀងជាមួយគ្នាជាង៣០


ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងលោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បានយល់ព្រមកសាងជោគវាសនាអនាគតរួម ចិន-វៀតណាម ក៏ដូចជាពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីប្រមាណ៣៦ឯកសារ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យ ទាំងសន្តិសុខ ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ចិន-វៀតណាម
ដោយ

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការមជ្ឈិមបក្សក្នុងទីក្រុងហាណូយ លោក ង្វៀន ភូជុន ប្រធានបក្សកុម្មុនិស្តវៀតណាម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស៊ី ជីនពីង ប្រធានាធិបតីចិនជាមួយនឹងភរិយារបស់លោក គឺលោកស្រី Peng Liyuan ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ពីថ្ងៃអង្គារ ដល់ថ្ងៃពុធ។

មែនទែនទៅ ដំណើរទស្សនកិច្ចរបស់លោក ស៊ី នេះកើតឡើង៣ខែប៉ុណ្ណោះ បន្ទាប់ពីដំណើររបស់លោក ចូ បៃដិន មកកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ វៀតណាមបានក្លាយជាប្រជាជាតិតែមួយគត់នៅលើពិភពលោក ដែលត្រូវបានមេដឹកនាំចិន និងអាម៉េរិក ធ្វើដំណើរមកជាន់ដីនៅឆ្នាំនេះ ដែលសបញ្ជាក់យ៉ាងច្បាស់ពីការកើនឡើងនូវសារសំខាន់ជាយុទ្ធសាស្រ្តរបស់វៀតណាម និងជាមជ្ឈមណ្ឌលផលិតកម្មអាស៊ីដ៏សំខាន់មួយ ស្របពេល ដែលការប្រកួតប្រជែងរវាងសហរដ្ឋអាម៉េរិក និងចិនកាន់តែមានភាពតានតឹង។

នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយក្នុងកាសែតបក្សកុម្មុយនិស្តវៀតណាមមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង មកដល់ មេដឹកនាំកំពូលចិនរូបនេះ បានបង្ហាញគំនិតចង់ផ្សារភ្ជាប់«ជោគវាសនាអនាគតរួម»រវាងប្រទេសទាំងពីរ និងមានសារសំខាន់ជាយុទ្ធសាស្ត្រ។

លោក ស៊ី ក៏បាននិយាយផងដែរថា ប្រទេសទាំងពីរគួរតែពង្រីកកិច្ចសហប្រតិបត្តិការនានា ការកែទម្រង់សហគ្រាសគ្រប់គ្រងដោយរដ្ឋ ថាមពលបៃតង និងរ៉ែកម្រ។ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេលប្រាំមួយឆ្នាំនេះ លោក ស៊ី ជិនពីង បានជួបជាមួយមេដឹកនាំកំពូលៗរបស់វៀតណាមផ្សេងទៀតនៅថ្ងៃពុធ ក្រៅតែពីប្រធានបក្សលោក ង្វៀន ភូជុង រួមមានប្រធានាធិបតីវៀតណាមលោក Vo Van Thuong នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានរដ្ឋសភា Vuong Dinh Hueផងដែរ។

ក្រៅពីនោះ មេដឹកនាំទាំងពីរបានយល់ព្រមធ្វើជាសាក្សីលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣៦ឯកសារផ្សេងៗគ្នាស្ទើគ្រប់វិស័យ។ ក្នុងចំណោមឯកសារទាំងនោះ មានបួនពាក់ព័ន្ធនឹងនយោបាយ និងកិច្ចការបរទេស ហើយឯកសារទាំងនោះត្រូវបានចុះហត្ថលេខារវាងគណបក្សប្រទេសទាំងពីរ និងក្រសួងការបរទេស។

ខណៈឯកសារបួនផ្សេងទៀតពាក់ព័ន្ធនឹងសន្តិសុខ និងការពារជាតិ ការទប់ស្កាត់ឧក្រិដ្ឋកម្ម កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងប្រព័ន្ធតុលាការ។ ដោយឡែក ឯកសារចំនួន២៤ទៀត ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យនៅថ្នាក់រដ្ឋាភិបាល និងក្រសួង និងឯកសារចំនួនបួនផ្សេងទៀត គឺផ្តោតទៅលើកិច្ចសហប្រតិបត្តិការរវាងមន្ត្រីមូលដ្ឋានរវាងប្រទេសទាំងពីរ។

ទោះបីជាប្រទេសទាំងពីរបាននិងកំពុងមានជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងក៏ដោយ ទាំងចិននិងវៀតណាមនៅតែបន្តកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច នយោបាយ និងយោធានឹងគ្នាដែរ។ ស្របពេលដែលក្រុមអ្នកសង្កេតការណ៍ក្នុងស្រុកបាននិយាយថា ទីក្រុងហាណូយ កំពុងស្ថិតនៅក្រោមសម្ពាធបន្ទាប់ពីបានពង្រីកទំនាក់ទំនងដល់កម្រិតខ្ពស់បំផុតជាមួយសហរដ្ឋអាម៉េរិក និងជប៉ុននៅឆ្នាំនេះ។

យ៉ាងណាមិញ បើតាមទិន្នន័យគយវៀតណាម បានបង្ហាញថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ខណៈដែលវៀតណាម គឺជាដៃគូធំបំផុតរបស់ចិននៅក្នុងអាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ទំហំជាង១៧៥ពាន់លានដុល្លារ កាលពីឆ្នាំមុន ដោយការនាំចេញរបស់វៀតណាមឈានដល់ជិត៥៨ពាន់លានដុល្លារ និងនាំចូលមានដល់ទៅ ជិត១២០ពាន់លានដុល្លារ៕

None



អត្ថបទបន្ទាប់


បណ្តាប្រទេសដែលក្រីក្របំផុតកំពុងតែជំពាក់បំណុលគេរហូតដល់ខ្ទង់៣,៥ទ្រីលានដុល្លារ

បណ្តាប្រទេសក្រីក្របំផុតនៅអាហ្វ្រិក អាម៉េរិកឡាទិន រហូតដល់អាស៊ី កំពុងតែស្ថិតនៅក្នុងស្ថានភាពនៃការជំពាក់បំណុលដ៏ក្រាស់ក្រែល ដែលមានតម្លៃសរុបដល…

គម្រោងដំឡើងប្រាក់ឈ្នួលអប្បបរមានៅថៃនៅតែប្រទាំងប្រទើស ទោះគណរដ្ឋមន្រ្តីទទូចឱ្យមានការដំឡើង

ទោះបីជាគណៈរដ្ឋមន្រ្តីថៃ បានដុតដៃដុតជើងជំរុញឲ្យគ្រប់ភាគីគិតគូអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃក៏ដោយ ក៏នៅពេលនេះការចរចារនៅក្នុងចំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ