កិច្ចព្រមព្រៀងពាណិជ្ជកម្ម

កម្ពុជាបង្ហើបពីគោលបំណងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុន បន្ទាប់ពីចិន និងកូរ៉េ


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងប្រាប់ខេមបូណូមីសថា បន្ទាប់ពីប្រទេសចិន និង កូរ៉េ កម្ពុជាមានបំណងចាប់យកប្រទេស ជប៉ុន គឺជាគោលដៅបន្ទាប់ ក្នុងការសិក្សាលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីពង្រឹងនិងពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។ ទោះយ៉ាងណា ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា មុនឈានដល់ការចុះហត្ថលេខា ភាគីទាំងពីរត្រូវឆ្លងកាត់ការសិក្សាកម្រិតបឋមសិន។
កម្ពុជាគ្រោងនឹងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុន

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ជា​ចេតនា​របស់ កម្ពុជា គឺ​ចង់​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ ជប៉ុន ដែល​ជា​បងធំ​សេដ្ឋកិច្ច​មួយ​នៅ​តំបន់​អាស៊ី និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ផង​ដែរ​របស់​កម្ពុជា​។ ក្រោយ​ពេល​គោលបំណង​នេះ អាច​សម្រេច​បាន​មែន​នោះ ជប៉ុន​នឹង​ក្លាយជា​គោលដៅ​បន្ទាប់​ពី​ចិន និង​កូរ៉េ​ដែល​អាច​មាន​កិច្ចព្រមព្រៀង​នេះ​ជាមួយ​កម្ពុជា ខណៈ​ដែល​បច្ចុប្បន្ន​កម្ពុជា​ក៏​កំពុង​សិក្សា​ពី​លទ្ធភាព​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​ប្រទេស​ឥណ្ឌា​ផង​ដែរ​។

អ្នកនាំពាក្យ​ឆ្លាស់​វេន​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុ​វិជាតិ​បាន​អះអាង​ថា កិច្ច​ការងារ​នេះ​គ្រាន់តែ​ជា​គោលដៅ​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​ទាំង​ភាគី​កម្ពុជា និង​ជប៉ុន​មិន​ទាន់​ឈាន​ដល់​ការ​សិក្សា​លទ្ធភាព​កម្រិត​បឋម​នៅឡើយ​ទេ​។ ឯកឧត្តម បាន​បន្ថែម​ថា ជា​នីតិវិធី​មុន​ឈាន​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ភាគី​ទាំង​ពីរ ត្រូវ​ឆ្លងកាត់​ការ​សិក្សា​លទ្ធភាព​កម្រិត​បឋម និង​វាយតម្លៃ​លទ្ធផល​នៃ​ការ​សិក្សា​ជា​មុន​សិន មុន​ឈាន​ដល់​ការ​រៀបចំ​នីតិវិធី​ផ្ទៃក្នុង​ផ្សេង​ៗ​។ 

គិត​មក​ទល់​ពេល​នេះ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ចិន​រួចរាល់​ហើយ ខណៈ​ដែល​ការ​ចុះហត្ថលេខា​ជាមួយនឹង​កូរ៉េ​ខាងត្បូង​ធ្លាប់​គ្រោង​ធ្វើ​ឡើង​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១ ប៉ុន្ដែ ត្រូវ​អូស​បន្លាយពេល​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​បាន​ចុះហត្ថលេខា​នៅឡើយ​ទេ ដោយសារ​តែ​បញ្ហា​រំខាន​ពី​មេរោគ​រាតត្បាត​កូ​វី​ដ​-១៩​។ សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ​នោះ គ្រោង​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​២០២២ ខាង​មុខ​នេះ​។

បើ​តាម​របាយការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម Jetro របស់​ជប៉ុន នៅ​ឆមាស​ទី​១​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន​សម្រេច​បាន​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ជិត​១០% បើ​ធៀប​នឹង​ឆមាស​ទី​១​កាលពី​ឆ្នាំ​២០២០ ដែល​មាន​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ជប៉ុន​នៅ​ឆមាស​ទី​១​សម្រេច​បាន​ជាង​៨​រយ​លាន​ដុល្លារ កើនឡើង​ជិត​៣% ខណៈ​ការ​នាំ​ចូល​ពី​ជប៉ុន​មក​កម្ពុជា​មាន​ទឹកប្រាក់​ជិត​៣​រយ​លាន​ដុល្លារ កើនឡើង​៣៥% បើ​ធៀប​នឹង​ឆមាស​ទី​១​កាលពី​ឆ្នាំ​មុន​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេធំក្រុមហ៊ុន Huawei ប្ដេជ្ញាដណ្ដើមយកតំណែងកំពូលស្មាតហ្វូនលក់ដាច់បំផុតក្នុងពិភពភពលោកត្រឡប់មកវិញ

ព័ត៌មាន
ប្រធានក្រុមហ៊ុន Huawei Technologies បានប្រកាសក្ដែងៗនាពេលថ្មីៗនេះថា ក្រុមហ៊ុនខ្លួននឹងមិនបោះបង់ចោលការផលិតទូរស័ព្ទជាដាច់ខាត និងនៅតែបន្ដម…

តើកម្ពុជានឹងផ្ដោតលើផែនការយុទ្ធសាស្ត្រធំៗអ្វីខ្លះ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញសម្រាប់ឆ្នាំ ២០២១-២០២៣?

ព័ត៌មាន
វិបត្តិសេដ្ឋកិច្ច និងរោគរាតត្បាតទូទាំងសកលលោកដោយសារការឆ្លងរាតត្បាតជំងឺ កូវីដ-១៩ បានបង្កការគំរាមកំហែងខ្លាំងមែនទែនមកលើសេដ្ឋកិច្ចកម្ពុជា រួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ