ចិនព្រមានចាត់វិធានការទាំងបង្ខំចិត្តលើអាមេរិក!

ចិនព្រមាន «ចាត់វិធានការទាំងបង្ខំចិត្ត» លើអាមេរិក ប្រសិនបើប្រធានសភាអាមេរិកិធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់


រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមាន នៅថ្ងៃទី ១៩ ខែកក្កដាថា ខ្លួននឹងចាត់វិធានការទាំងបង្ខំចិត្តដើម្បីឆ្លើយតប ប្រសិនបើប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ពិតជាហ៊ានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់មែននោះ។ ការឆ្លើយតបព្រមានទុកមុនពីសំណាក់ទីក្រុងប៉េកាំងយ៉ាងដូច្នេះ គឺធ្វើឡើង បន្ទាប់ពីកាសែត Financial Times បានចុះផ្សាយថា លោកស្រីនឹងទៅទស្សនកិច្ចកោះតៃវ៉ាន់នេះនៅខែក្រោយ។
ចិនព្រមាន «ចាត់វិធានការទាំងបង្ខំចិត្ត» លើអាមេរិក ប្រសិនបើប្រធានសភាអាមេរិកិធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់

បើតាមការស្រង់សំដីពីមន្ត្រីដែលបានដឹងអំពីរឿងរ៉ាវនេះបានបញ្ជាក់ថា លោកស្រី Pelosi និងគណៈប្រតិភូរបស់គាត់ នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ហើយនឹងទៅកោះហាវ៉ៃ ដែលជាទីស្នាក់ការកណ្តាលនៃយោធាជើងទឹកដ៏ធំរបស់សហរដ្ឋអាមេរិក​នៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

ទោះជាយ៉ាងណា ខាងអាជ្ញាធរកោះតៃវ៉ាន់វិញបាននិយាយថា ខ្លួនមិនបានទទួលព័ត៌មានជាក់លាក់​ណាមួយពាក់ព័ន្ធ អំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក មកកាន់ទីក្រុងតៃប៉ិនៅឡើយទេ។

លោកឌ្រូ ហាមមីល (Drew Hammill) មន្រ្តីដែលធ្វើការស្និទ្ធជាមួយលោកស្រី Pelosi បាននិយាយថា «អាមេរិកមិនបញ្ជាក់ថា យល់ព្រម ឬបដិសេធនៃការធ្វើដំណើរអន្តរជាតិណាមួយ​ជាមុនទេ ដោយសារតែចង់ការពារសន្តិសុខ និងសុវត្ថិភាព»។

គួររំលឹកថា ពី​ខែ​មេសាកន្លងទៅ ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi នេះទៅកោះ​តៃវ៉ាន់​ត្រូវ​បាន​ពន្យារ​ពេល បន្ទាប់​ពី​លោកស្រី​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ១៩។ ហើយនៅពេលនោះ ចិនបាននិយាយថា ដំណើរទស្សនៈកិច្ចនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់ទំនាក់ទំនងចិន-អាមេរិក។

ថ្លែងនៅក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោកចៅ លីចៀន (Zhao Lijian) បានសង្កត់ធ្ងន់ៗថា ដំណើរទស្សនកិច្ចណាមួយរបស់លោកស្រី​ប្រធានសភាអាមេរិក Pelosi នឹង «ធ្វើឱ្យប្រេះស្រាំអធិបតេយ្យភាព និងបូរណភាពទឹកដី​របស់ចិនយ៉ាងធ្ងន់ធ្ងរ»។

លោកបានបន្តយ៉ាងដូច្នេះថា «ប្រសិនបើភាគីអាមេរិកនៅតែ​ប្រកាន់ខ្ជាប់នូវគោលជំហរបែបនេះ ប្រទេសចិននឹងចាត់វិធានការទាំងបង្ខំ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ហើយសហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកទាំងអស់ដែលខ្លួនបង្កឡើង»។

ទោះបីបែបនេះក្តី អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ​អាមេរិកម្នាក់មិនបានធ្វើ​សេចក្តីអត្ថាធិប្បាយលើរឿងនេះទេ ដោយគ្រាន់តែរំលឹកឡើងវិញថា «សហរដ្ឋអាមេរិកនៅតែ​ប្តេជ្ញាចិត្ត​គោរព​ចំពោះគោលនយោបាយចិនតែមួយ»។

ពាក់ព័ន្ធនឹង​ទំនាក់ទំនង​សែនតានតឹង​រវាង​អាមេរិក និងចិន ជុំវិញសំណុំរឿងកោះតៃវ៉ាន់នេះដែរ កាលពីថ្ងៃ១៩ ខែកក្កដា កងនាវាចរទី ៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវាពិឃាតប្រភេទយូអេសអេស បេនហ្វូលដ៍ (Arleigh Burke-class USS Benfol) បានធ្វើការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាប្រចាំ ដោយបានហៅ «ច្រកសមុទ្រនេះជាដែនទឹកអន្តរជាតិ ហើយធ្វើដំណើររបស់ខ្លួនស្របតាមច្បាប់អន្តរជាតិទាំងស្រុង»។

ជាការឆ្លើយតប ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមួយថា​៖ «ទង្វើបង្កហេតុជាញឹកញាប់ដោយសហរដ្ឋអាមេរិកនេះបានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក គឺកំពុងបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងជាអ្នកបង្កើតហានិភ័យក្នុងតំបន់តែម្តង»។

មួយវិញទៀត កាលពីថ្ងៃទី១៨កក្កដា ប្រទេសចិនបានស្នើឱ្យសហរដ្ឋអាមេរិកលុបចោលជាបន្ទាន់នូវការលក់ជំនួយបច្ចេកទេសយោធាដ៏ធំរបស់ខ្លួន ដល់កោះតៃវ៉ាន់ដែលមានតម្លៃប្រមាណ ១០៨ លានដុល្លារ ក្រោយពីមានការយល់ព្រម​ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។

មែនទែនទៅ កោះតៃវ៉ាន់បានសម្តែង​ការពេញចិត្តយ៉ាងខ្លាំង ចំពោះការបន្តគាំទ្រដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ទាំងផ្នែកយោធា និងសេដ្ឋកិច្ចជាដើម ហើយលោកបៃដិនតែងនិយាយម្តងហើយម្តងទៀតថា «ការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនទៅ​លើទីក្រុងតៃប៉ិក គឺរឹងមាំដូចថ្ម»ដូច្នេះដែរ៕




អត្ថបទបន្ទាប់


មីយ៉ាន់ម៉ា រិះរកជំនួយពីរុស្ស៊ី ដើម្បីជំរុញការបង្កើតថាមពលនុយក្លេអ៊ែរ

នៅមួយរយៈពេលចុងក្រោយនេះ ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេមើលឃើញថា បាននិងកំពុងមានទំនាក់ទំនងកាន់តែស្អិតល្មួតឡើងជាមួយរុស្ស៊ី ដូចជាធ្វើកិច្ចសហប្រ…

អាជ្ញាធរចិនពិន័យក្រុមហ៊ុនយក្ស Didi ក្នុងតម្លៃទឹកប្រាក់ជាង ១ពាន់លានដុល្លារ

រដ្ឋអំណាចទីក្រុងប៉េកាំងកំពុងរៀបចំផាកពិន័យក្រុមហ៊ុន កក់សេវាធ្វើដំណើរ ដ៏ធំមួយរបស់ចិន Didi Global ក្នុងទំហំទឹកប្រាក់ជាង ១ ពាន់លានដុល្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ