រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសកាលពីពេលថ្មីៗថា ប្រទេសចិននឹងកាត់បន្ថយពន្ធនាំចូលលើវត្ថុធាតុដើមជាច្រើនមុខរួមទាំងអេតាន និងវត្ថុធាតុដើមទង់ដែង និងអាលុយមីញ៉ូមកែច្នៃឡើងវិញ ដែលជាវត្ថុធាតុដើមចាំបាច់បំផុតសម្រាប់ផលិតកម្មឧស្សាហកម្មនៅក្នុងប្រទេស។ តាមការគ្រោងទុកតម្លៃពន្ធថ្មីលើវត្ថុធាតុដើមទាំងនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ក្នុងគោលបំណងបង្កើនការនាំចូលផលិតផលដែលមានគុណភាពខ្ពស់ ពង្រីកតម្រូវការក្នុងស្រុក និងលើកកម្ពស់ការបើកចំហកម្រិតខ្ពស់សម្រាប់ជំរុញកំណើនឧស្សាហកម្ម។
ក្រសួងហិរញ្ញវត្ថុចិន បានគូសបញ្ជាក់ថា អត្រាពន្ធនាំចូលថ្មីនឹងត្រូវអនុវត្តលើទំនិញសរុបចំនួន៩៣៥មុខ ដើម្បីជំរុញការអភិវឌ្ឍ និងធានានិរន្តរភាពផលិតកម្មក្នុងឧស្សាហកម្មមួយចំនួនរួមទាំងឧស្សាហកម្មរថយន្ត និងគ្រឿងបន្លាស់ផងដែរ។ ក្នុងចំណោមមុខទំនិញដែលនឹងទទួលបានការកែសម្រួលពន្ធនោះ ក៏អាចមានរ៉ែនីកែល និងទីតាញ៉ូម ដែលជាលោហៈស្រាលបំផុតសម្រាប់បម្រើឧស្សាហកម្មវេជ្ជសាស្រ្តផងដែរ។
មកទល់ពេលនេះ ចិនត្រូវបានគេដឹងថា គឺជាឃ្លាំងនៃកំណប់រ៉ែលោហៈកម្រជាច្រើនប្រភេទ ប៉ុន្តែដើម្បី បម្រើឲ្យការកៃច្នៃកំណប់ធម្មជាតិទាំងនោះ ចិនក៏ត្រូវការចាំបាច់ក្នុងការនាំចូលសារធាតុ និងសមាសធាតុផ្សំសំខាន់ៗមួយចំនួនពីប្រទេសផ្សេងៗផងដែរ៕
ដោយៈ សរ សុជាតិ