បាតុកម្មក្នុងប្រទេសចិន

បុរសខ្លាំង ស៊ី ជីនពីងប្រឈមនឹងបាតុកម្មការទាមទារឲ្យចុះចេញពីតំណែង ជុំវិញវិធានការកូវីដ១៩ដ៏តឹងតែង


ក្រោយពីប្រកាសចូលក្តាប់អំណាចសម្រាប់អាណត្តិទី៣ជាប្រវត្តិសាស្ត្រមិនទាន់បានមួយខែស្រួលផង បុរសខ្លាំងលោកស៊ី ជីនពីង កំពុងប្រឈមនឹងកំហឹងក្រេវក្រោធរបស់ពលរដ្ឋចិន ជុំវិញវិធានការណ៍សូន្យកូវីដ ដែលបង្កជាចលនាបាតុកម្មតវ៉ានៅតាមដងផ្លូវ មិនធ្លាប់មានពីមុនមកក្នុងទសវត្សន៍ចុងក្រោយ។ ដោយក្នុងនោះ ក្រុមអ្នកតវ៉ាក៏បានស្រែកទាមទារឲ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែងផងដែរ។ នេះបើយោងតាមការចុះផ្សាយពាសពេញសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោក ស៊ី ជីនពីង ប្រធានាធិបតីចិន

ចាប់តាំងពីចុងសប្តាហ៍មុនមក បាតុករបាននាំគ្នាចេញដើរតាមផ្លូវ នៅក្រុងសំខាន់ៗជាច្រើន ដូចជា ក្រុងសៀងហៃ និងប៉េកាំង ដោយបានស្រែករិះគន់លើគោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹងគ្មានពីរដែលបានអនុវត្តជិតចូលដល់ឆ្នាំទី៤ទៅហើយ។ ប្រឈមមុខជាមួយនឹងប៉ូលីសបង្ក្រាបបាតុកម្មផងនោះ បាតុករថែមទាំងបានស្រែកទាមទារ ឱ្យប្រធានាធិបតីចិនស៊ី ជីនពីង ចុះចេញពីអំណាចផងដែរ។

បាតុកម្មមិនត្រឹមតែធ្វើឡើងនៅចិនដីគោកឡើយ កាលពីថ្ងៃចន្ទក្រុមបាតុករបានប្រមូលផ្តុំនៅភាគខាងត្បូងនៃដែនដីស្វយ័តក្រុងហុងកុង ជាទីដែលអ្នកប្រជាធិបតេយ្យជាច្រើនធ្លាប់បាននាំគ្នាធ្វើបាតុកម្មស្រដៀងគ្នានេះដែរ កាលពីឆ្នាំ២០១៩ តែក៏ត្រូវបានបង្ក្រាបទៅវិញអស់នៅប៉ុន្មានឆ្នាំក្រោយ។ និស្សិតមកពីសាកលវិទ្យាល័យចិន នៃទីក្រុងហុងកុង ស្រែកតវ៉ាថា៖ «យើងប្រឆាំងនិងរបបផ្តាច់ការ យើងត្រូវការសេរីភាព»។

គួរជម្រាបថា ចលនាបាតុកម្មក្នុងប្រទេសចិនដោយផ្ទាល់ គឺជារឿងកម្រ ហើយបាតុកម្មដ៏ខ្លាំងក្លាបំផុតក្នុងប្រទេសដែលគ្រប់គ្រងដោយបក្សកម្មុយនីស្តមួយនេះ គឺកាលពីឆ្នាំ ១៩៨៩ ជាគ្រាដែលនិស្សិតនិយមប្រជាធិបតេយ្យជាច្រើន ប្រមូលផ្តុំធ្វើបាតុកម្មប្រឆាំងរបបកម្មុយនីស្ត នៅមុខទីលានធានអានមែន ហើយដែលត្រូវបានបង្ក្រាបយ៉ាងចាស់ដៃ។

ទោះយ៉ាងណា បាតុកម្មដ៏កម្រនៅចុងឆ្នាំ២០២២នេះ ភាគច្រើនមិនមែនដោយសារពលរដ្ឋមិនពេញចិត្តរបស់របបកម្មុយនីស្តដូចកាលពីច្រើនឆ្នាំមុននោះទេ តែដោយសារការដាក់កំហិតខ្លាំងពេកពីរដ្ឋអំណាចប៉េកាំង អនុត្តគោលនយោបាយសូន្យកូវីដ ដែលអាជ្ញាធរជឿជាក់ថា បានទទួលជោគជ័យក្នុងការទប់ស្កាត់កូវីដ១៩កាលពីពេលកន្លងមក។

ត្រូវបានបង្ហោះព្រោងព្រាតនៅក្នុងបណ្តាញសង្គមរបស់ចិន ពលរដ្ឋខ្លះអះអាងថាពួកគេ និងក្រុមគ្រួសារត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកអស់រាប់ខែមកហើយ ខណៈមួយចំនួនទៀតអះអាងថា រដ្ឋអំណាចមិនបានឆ្លើយតបតាមតម្រូវការចង់បានរបស់ពលរដ្ឋ អំឡុងពេលបិទខ្ទប់ដូចជា ការខ្វះខាតស្បៀងអាហារ និងថ្នាំសង្កូវជាដើម។

គួរជម្រាបថា ការស្រែកទាមទារឱ្យលោកស៊ី ជីនពីង លាលែងពីតំណែង ឬចលនាទាមទារឱ្យរំលាយបក្សកុម្មុយនិស្តដែលបានគ្រប់គ្រងប្រទេសចិនអស់រយៈពេល៧៣ឆ្នាំហើយនេះ អាចត្រូវបានគេចាត់ទុកថា ជាអំពើបះបោរ ហើយដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។

កាលពីយប់ថ្ងៃអាទិត្យ ប៉ូលីសបានចាប់ផ្តើមបើកការបង្ក្រាបក្នុងទីក្រុងសៀងហៃ ដោយបានប្រើប្រាសស្ព្រាយបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ខណៈមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន។ ប៉ូលីសក៏បានចាប់ខ្លួនអ្នកយកព័ត៌មានរបស់ សារព័ត៌មានអង់គ្លេស BBC ម្នាក់ផងដែរ ដែលបានធ្វើឱ្យរដ្ឋាភិបាលអង់គ្លេសប្រតិកម្មយ៉ាងខ្លាំង។

សូមបញ្ជាក់ថា គេមិនទាន់ដឹងច្បាស់ឡើយថា ចលនាបាតុម្មអាចនឹងបន្តធ្វើឡើងច្រើនថ្ងៃទៀត ឬយ៉ាងណានោះទេ ប៉ុន្ដែសកម្មភាពប្រមូលផ្ដុំតវ៉ាហាក់មានភាពស្ងប់ស្ងាត់វិញហើយនៅថ្ងៃទី ២៩ ខែវិច្ឆិកា ប៉ុន្ដែ ក្រុមអ្នកតវ៉ាខ្លះបានប្រាប់អ្នកសារព័ត៌មានថា ខាងអាជ្ញាធរកំពុងតាមស៊ើបរកអ្នកដែលមនុស្សមួយចំនួនដែលពាក់ព័ន្ធនឹងការតវ៉ានេះ។ រដ្ឋអំណាចចិនបានចាប់ផ្តើមរឹតបន្តឹងសន្តិសុខកាន់តែខ្លាំង ដោយមានពង្រាយប៉ូលីសនៅតាមផ្លូវសំខាន់ៗសម្រាប់ធ្វើការឆែកឆេ។ បណ្តាញអ៊ីនធឺណេត និងបណ្តាញសង្គមនៅចិន ក៏ចាប់ផ្តើមរឹតត្បិតជាងមុនដែរ ពិសេសនៅលើសារ ឬវីដេអូណាដែលបង្ហាញពីចលនាតវ៉ា និងការគាំទ្របាតុកម្ម៕




អត្ថបទបន្ទាប់


សេដ្ឋកិច្ចកោះតៃវ៉ាន់ធ្លាក់ចុះ១២ខែជាប់ៗគ្នា ចំពេលទំនាក់ទំនងជាមួយចិនដីគោកពិបាកស្រោចស្រង់

សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់បានឈានចូលដល់ដំណាក់កាលដ៏ទន់ខ្សោយមួយ បន្ទាប់ពី សូចនាករពាណិជ្ជកម្មដែលបានចេញផ្សាយកាលពីថ្ងៃចន្ទទី ២៨ ខែវិច្ឆិកា បង្ហ…

នាយករដ្ឋមន្ត្រីអង់គ្លេស៖ «សករាជមាស» នៃទំនាក់ទំនងល្អូកល្អិនរវាងចក្រភពអង់គ្លេស និងចិនបានបញ្ចប់ហើយ

នាយករដ្ឋមន្ត្រីអង់គ្លេសលោក រីស៊ី ស៊ូណាក (Rishi Sunak) បាននិយាយបញ្ជាក់ច្បាស់ៗកាលពីថ្ងៃចន្ទ ទី ២៨ វិច្ឆិកានេះថា អ្វីដែលគេប្រសិទ្ធិនាមថា «ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ