តើការធ្វើពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៣អាចនឹងជួបប្រឈមអ្វីខ្លះ?

តើការធ្វើពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៣អាចនឹងជួបប្រឈមអ្វីខ្លះ ចំពេលសេដ្ឋកិច្ចពិភពលោកកំពុងនៅលើមាត់ជ្រោះនៃវិបត្តិ?


អស់រយៈពេលជិត៣ឆ្នាំ មកហើយ ដែលសេដ្ឋកិច្ចពិភពលោកបានរងការរង្គោះរង្គើ ដោយសារតែជំងឺរាតត្បាតសាកលកូវីដ-១៩ រួមទាំងឥទ្ធិពលនៃវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន និងបញ្ហាភូមិសាស្រ្តនយោបាយសាកល។ ចង់ ឬមិនចង់ បញ្ហានេះក៏បានជិះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជាដែរ ក៏ប៉ុន្ដែ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា វាមិនបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះដុនដាប់ខ្លាំងពេកនោះទេ ហើយថែមទាំងអាចឈរបានយ៉ាងរឹងមាំតាមរយៈនៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសជាដៃគូកាន់តែមានភាពល្អប្រសើរ។
តើការធ្វើពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៣អាចនឹងជួបប្រឈមអ្វីខ្លះ ចំពេលសេដ្ឋកិច្ចពិភពលោកកំពុងនៅលើមាត់ជ្រោះនៃវិបត្តិ?

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបង្ហាញនូវក្ដីរំពឹងថា ការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ឆ្នាំ២០២៣នេះ កាន់តែមានកំណើនបន្ថែមទៀត ដែលជាកត្តាជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា នាឆ្នាំនេះនឹងបន្តរក្សាបាននូវសញ្ញាណវិជ្ជមាន ខណៈធនាគារជាតិនៃកម្ពុជា ចុងក្រោយនេះ បានព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជានឹង សម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ ក៏ដោយ។

ក្រុមអ្នកជំនាញនៅតែបង្ហាញពីភាពវិជ្ជមានចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ មានលក្ខណៈល្អប្រសើរ បើទោះបី ស្ថាប័នអន្តរជាតិធំៗដូចជា IMF និងធនាគារពិភពលោក បានបន្តព្រមានពីហានិភ័យនៃការធ្លាក់ចូលក្នុងវិបត្តិចំពោះសេដ្ឋកិច្ចសាកលឆ្នាំ២០២៣នេះក៏ដោយ។ បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ឃើញថា មានកត្តាជាច្រើនដែលធ្វើឲ្យលោកមើលឃើញពីសញ្ញាណវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ ដោយផ្អែកទៅលើកិច្ចការប្រមូលចំណូលពន្ធអាកររបស់កម្ពុជាសម្រេចបាននូវកំណើនគួរឲ្យកត់សម្គាល់ វិស័យផ្សេងមានការស្ទុះងើបឡើងវិញ រួមទាំងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដៃគូក៏កាន់តែល្អប្រសើរ។

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថា នៅរយៈពេញមួយឆ្នាំ២០២២ ទំហំពាណិជ្ជកម្មអន្តរជាតិសរុបកម្ពុជា សម្រេចបានក្នុងទំហំជាង ៥២ពាន់លានដុល្លារ មានកំណើន៩% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ២២ពាន់លានដុល្លារ បានកើនឡើងជាង ១៦% ខណៈការនាំចូល មានទំហំទឹកប្រាក់ជិត ៣០ពាន់លានដុល្លារ បានកើនឡើង ៤%។ ប្រទេសចិន នៅតែស្ថិតក្នុងចំណាត់លេខ១ ក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសកម្ពុជាច្រើនជាងគេ ក្នុងទំហំទឹកប្រាក់ជាង១១ពាន់លានដុល្លារ។ ខណៈអាមេរិក ជាប់ចំណាត់ថ្នាក់លេខ២ ដែលសម្រេចបានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារ បន្ទាប់មកគឺ ប្រទេសវៀតណាមមានទំហំពាណិជ្ជកម្មជាង៦ពាន់លានដុល្លារ និងប្រទេសថៃមានជាង ៤ពាន់លានដុល្លារ។

ដោយឡែក ឧកញ៉ា លឹម ហេង អនុប្រធាននៃសភាពពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ជារួមសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជា សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា មួយប្រទេសដទៃ ពិតជាមានភាពចាំបាច់បំផុត។ ត្រង់ចំណុចនេះ ឧកញ៉ា លឹម ហេង បានពន្យល់ដូច្នេះ រាល់សកម្មភាពសេដ្ឋកិច្ច គឺទាមទារឲ្យមានសកម្មភាពនាំចេញ-ចូល ហើយមិនមែនទាល់តែកម្ពុជា មានការនាំចេញច្រើនជាងការនាំចូល ទើបបង្ហាញពីសេដ្ឋកិច្ចល្អ នោះទេ ព្រោះកម្ពុជា ត្រូវការនាំចូលនូវវត្ថុធាតុដើម សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ យ៉ាងណាមិញ សម្រាប់សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅតែមើលឃើញថាមានភាពល្អប្រសើរ ជាពិសេសការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្ដាដៃគូពាណិជ្ជកម្មធំៗ ដូចជា ចិន អាមេរិក វៀតណាម និងថៃ ជាដើម។

យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមបន្ថែមទៀតផងដែរ ចំពោះសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ តាមរយៈការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវកំណែទម្រង់នៃច្បាប់វិនិយោគថ្មី និងការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP សុទ្ធតែកត្តាចម្បងនិងសំខាន់ ក្នុងការទាក់ទាញការវិនិយោគ ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ឲ្យសម្រេចបានដល់ក្នុងរង្វង់ ៦% ដូចដែលធនាគារជាតិនៃកម្ពុជាបានព្យាករនៅចុងក្រោយនេះ៕




អត្ថបទបន្ទាប់


ការបើកដំណើរការអាកាសយានដ្ឋានសៀមរាបអង្គរ នឹងអាចយឺតជាងផែនការ ខណៈមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធកំពុងពិនិត្យវាយតម្លៃ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា មកទល់ពេលនេះការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតម្លៃប្រមាណ ៨៨០លា…

មកទទួលអាំងប៉ាវលាបសំណាងសម្រាប់ឆ្នាំថ្មីជាច្រើនពីមេហ្គាឌីស

ព័ត៌មាន
ហាងផ្គត់ផ្គង់សម្ភារៈបន្ទប់គេង និងផ្ទះបាយ មេហ្គាឌីស នឹងផ្តល់ជូនអាំងប៉ាវច្រើនជូនអតិថិជនរបស់ខ្លួន នៅពេលដែលបានមកទិញអីវ៉ាន់ពីហាងមេហ្គាឌីសផ្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ