
ធនាគារប្រជាជនចិន ឬធនាគារកណ្ដាលរបស់ប្រទេសចិន (PBOC) បានបង្កើនបរិមាណមាសជិត២តោនទៅក្នុងទុនបម្រុងរបស់ខ្លួនកាលពីខែឧសភា ដែលធ្វើឱ្យទុនបម្រុងមាសរបស់ចិនឡើងដល់ជាង២,២ពាន់តោន។ ចំណែកទុនបម្រុងអន្តរជាតិ របស់ចិន បានកើនឡើងដល់ជាង៣,២៨ទ្រីលានដុល្លារគិតត្រឹមខែឧសភា។
តម្លៃមាសបានឡើងដល់កំណត់ត្រាកាលពីខែមេសា ដោយសារតែការប្រមូលទិញមាសជាបន្តបន្ទាប់របស់ធនាគារកណ្តាលលើពិភពលោករួមទាំងធនាគារកណ្តាលរបស់ចិន ផងដែរ ខណៈពួកគេព្យាយាមធ្វើពិពិធកម្មការកាន់កាប់មាសជាជាងប្រាក់ដុល្លារអាម៉េរិក។ ការទិញបែបនេះត្រូវបានគេមើលឃើញថា ជាការគាំទ្រដ៏សំខាន់ក្នុងការធ្វើឱ្យតម្លៃមាសបន្តកើនឡើងនាពេលខាងមុខ។
ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Goldman Sachs បានប៉ាន់ប្រមាណថា នៅទូទាំងពិភពលោក ធនាគារកណ្ដាលកំពុងបន្ថែមទុនបម្រុងមាសប្រហែល៨០តោនក្នុងមួយខែៗ ដែលមានតម្លៃប្រហែល៨,៥ពាន់លានដុល្លារអាម៉េរិក តាមហាងឆេងមាសបច្ចុប្បន្ន។
ការឡើងថ្លៃរបស់មាសមួយផ្នែកដោយសារក្រុមអ្នកវិនិយោគស្វែងរកជម្រកវិនិយោគមានសុវត្ថិភាពសម្រាប់ទ្រព្យសម្បត្តិរបស់ពួកគេ ចំពេលសង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន កំពុងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរំជើបរំជួល និងបង្កើនការព្រួយបារម្ភអំពីទ្រព្យសម្បត្តិរបស់អាម៉េរិក។ ទោះបីតម្លៃមាសបានធ្លាក់ចុះបន្តិចដោយសារតែភាពតានតឹងពាណិជ្ជកម្មសកលបានធូរស្រាលបន្តិចក៏ដោយ ក៏តម្លៃមាសនៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ជាប្រវត្តិសាស្ត្រដដែល៕
ដោយ៖ សុខ មង្គល