ទីផ្សារនានាមានការភ្ញាក់ផ្អើលនៅពេលដែលមហាយក្សចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥,៤% ក្នុងត្រីមាសទី៤ ដែលធ្វើឱ្យប្រទេសនេះសម្រេចបានតាមគោលដៅកំណើនផ្លូវការ៥% នៅក្នុងឆ្នាំ២០២៤ ទាំងមូល។
លោក ជីវ័យ ចាង (Zhiwei Zhang) ដែលជានាយក និងជាប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Pinpoint Asset Management ដែលមានមូលដ្ឋាននៅហុងកុង បានលើកឡើងថា ការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលចិន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ បានជួយឱ្យសេដ្ឋកិច្ចចិន មានស្ថិរភាពក្នុងត្រីមាសទី៤ ប៉ុន្តែដើម្បីអាចរក្សាសន្ទុះងើបឡើងនៃសេដ្ឋកិច្ច រដ្ឋាភិបាលចិន ចាំបាច់ត្រូវបន្តដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចយ៉ាងម៉ឺងម៉ាត់ និងទ្រង់ទ្រាយធំ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានព្រមានថា រដ្ឋាភិបាលចិន ត្រូវដឹងថា ផលប៉ះពាល់អវិជ្ជមានដែលបណ្ដាលមកពីបរិយាកាសខាងក្រៅកំពុងកើនឡើង ខណៈដែលតម្រូវការក្នុងស្រុកក៏មានមិនគ្រប់គ្រាន់ ហើយបានជំរុញឱ្យរដ្ឋាភិបាលចិន អនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមានលក្ខណៈបុរេសកម្ម និងមានប្រសិទ្ធភាពជាងមុន។
បើទោះបីចិន អាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥% នៅក្នុងឆ្នាំ២០២៤ ដូចគោលដៅដែលបានកំណត់ជាផ្លូវការយ៉ាងណាក្ដី ក៏វាមានសន្ទុះយឺតជាងឆ្នាំ២០២៣ ដែលសម្រេចបានកំណើនក្នុងរង្វង់៥,៤% បន្ទាប់ពីវិបត្តិកូវីដ-១៩៕
ដោយ: តែម សុខុម