វិស័យការបរទេស

ថ្នាក់ដឹកនាំកម្ពុជា វៀតណាម និងប្រេស៊ីល សន្យាបង្កើនកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្ម


ឯកអគ្គរដ្ឋទូតវៀតណាមប្រចំាកម្ពុជា និងរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស បានប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ជាមួយកម្ពុជា។ ការប្ដេជ្ញារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរខាងលើបានធ្វើឡើងនៅក្នុងជំនួបដាច់ដោយឡែកពីគ្នាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
វិស័យការបរទេស
ដោយ

នៅក្នុងជំនួបដាច់ដោយឡែកពីគ្នារវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចំាកម្ពុជា និងឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ភាគីទាំងបីបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តម ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានគូសបញ្ជាក់ពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម, អប់រំ, សុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយសាទរចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសប្រេស៊ីល ហើយក៏បានជម្រាបផងដែរថា ប្រេស៊ីល ក៏គ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីល និងបានសម្តែងនូវការអរគុណចំពោះកម្ពុជា ដែលបានគាំទ្រប្រទេសប្រេស៊ីល ឱ្យក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២។

ដោយឡែកនៅក្នុងជំនួបមួយទៀតជាមួយភាគីវៀតណាម ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចំាកម្ពុជា បានកោតសរសើរចំពោះការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និងបានបេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់នៅគ្រប់កម្រិត ជាពិសេសវិស័យពាណិជ្ជកម្ម, ទេសចរណ៍, ការពារជាតិ និងសន្តិសុខ ក៏ដូចជាបន្តសំឡឹងមើលវិស័យសក្តានុពលថ្មីៗបន្ថែមទៀត ។

នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំទាំងពីរខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍, កសិកម្ម, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជាផលប្រយោជន៍រួមផងដែរ។

សូមបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា វៀតណាម ក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ មានទំហំជាង៤៧០០លានដុល្លារ ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រេស៊ីល នៅមានកម្រិតនៅឡើយ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្គ្រាមនៅអ៊ីស្រាអែល កំពុងដាក់សម្ពាធបន្ថែមដល់វិស័យទេសចរណ៍ថៃ

ព័ត៌មាន
សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន ត្រូវបានអ្នកជំនាញថៃ អះអាងថា កំពុងកាត់បន្ថយទំនុកចិត្តរបស់ភ្ញៀវទេសចរបរទេសជាថ្មី បន្ទាប់ពី…

អ្នកស្លាប់កើនឡើង២ពាន់នាក់ ស្របពេលអ៊ីស្រាអែល ត្រៀមធ្វើសង្គ្រាមធំលើក្រុមហាម៉ាស

ព័ត៌មាន
សង្គ្រាមបានឈានចូលដល់ថ្ងៃទីប្រាំហើយ អ៊ីស្រាអែលនៅតែបន្តវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ Gaza ឥតស្រាកស្រាន្តដដែល។ នៅថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ