យោងតាមអ្នកជំនាញខ្លះ បានអះអាងថា ការនាំចេញរបស់ប្រទេសចិន ដែលបានកើនឡើងរយៈពេល ២ ខែមុន ពោលគឺក្នុងខែមីនា និងខែមេសា ទំនងជាបណ្ដាលមកពី លទ្ធផលនៃការបកស្រាយខុសចំពោះទិន្នន័យគយតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ការិយាល័យគយរបស់ប្រទេសចិនបានរាយការណ៍នៅថ្ងៃពុធនេះថា ការធ្លាក់ចុះនូវការបញ្ជាទិញទូរស័ព្ទចល័តនិងសម្លៀកបំពាក់ បានរួមចំណែកដល់ការធ្លាក់ចុះនៃការនាំចេញរបស់ប្រទេសចិនក្នុងអត្រា ៧,៥%។ ការថមថយប៉ុណ្ណេះបានទាញទម្លាក់តម្លៃនីហរ័ណរបស់ចិនឱ្យមកនៅត្រឹមជាង ២៨៣ ពាន់លានដុល្លារ។
ការនាំចេញរបស់ប្រទេសចិនមានការប្រែប្រួលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បន្ទាប់ពីបានធ្លាក់ចុះរយៈពេល ៥ ខែមុន វាបានកើនឡើងវិញក្នុងខែមីនា និងខែមេសា ហើយក៏បានធ្លាក់ចុះទៅវិញនៅខែឧសភា។
លោក ជូលៀន អេវ៉ាន-ព្រីតឆាដ (Julian Evans-Pritchard) ប្រធានផ្នែកសេដ្ឋកិច្ចចិនប្រចាំក្រុមហ៊ុន ខេពីថល អ៊ីខូណូមិក (Capital Economics) នៅចក្រភពអង់គ្លេស បានសរសេរក្នុងកំណត់ត្រាមួយនៅថ្ងៃពុធនេះថា ការធ្លាក់ចុះនៃការនាំចេញរបស់ប្រទេសចិនគឺចង់បង្ហាញពីការធ្លាក់ចុះតម្រូវការទំនិញចិនជាសកល និងបង្ហាញពីការគាំទ្រចំពោះទស្សនៈរបស់ក្រុមហ៊ុនលោកដែលថា កំណើននៃនាំចេញរយៈពេល ២ ខែមុននេះ ជាលទ្ធផលនៃការបកស្រាយខុសលើទិន្នន័យគយ មិនមែនជាលទ្ធផលនៃការប្រែប្រួលខ្លាំងនៃតម្រូវការទំនិញចិនពីបរទេសទេ។
ទន្ទឹមនឹងការនាំចេញធ្លាក់ចុះ ការនាំទំនិញចូលប្រទេសចិននៅក្នុងខែឧសភាក៏បានធ្លាក់ក្នុងអត្រា ៤,៥% ដែរ ដោយចុះមកនៅត្រឹមតម្លៃជាង ២១៧ ពាន់លានដុល្លារ។ មូលហេតុនៃការថយចុះក្នុងផ្នែកអាហរ័ណរបស់ប្រទេសចិន គឺតម្រូវការក្នុងស្រុកទន់ខ្សោយ ជាពិសេសមុខទំនិញមួយចំនួន ដូចជាកៅស៊ូធម្មជាតិ និងកៅស៊ូកែច្នៃ ព្រមទាំងបន្ទះគ្រឿងអេឡិចត្រូនិកទំនើបៗជាដើម។
គួរកត់សម្គាល់ថា ក្នុងខែឧសភា ការនាំចេញរបស់ប្រទេសចិនទៅកាន់តំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះជាង ១០% ហើយទៅកាន់សហរដ្ឋអាមេរិកបានថយជាង ១% ខណៈដែលការនាំចូលរបស់ចិនពីប្រទេសរុស្ស៊ីបានកើនឡើងជាង ១៧%។
រដ្ឋាភិបាលចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចឱ្យបានប្រហែល ៥% នៅក្នុងឆ្នាំ២០២៣ពោលគឺខ្ពស់ជាងឆ្នាំ២០២២ ដែលមានអត្រា ៣%៕