ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន ដែលចេញផ្សាយកាលពីសុក្រ សប្ដាហ៍មុនបានបង្ហាញថា កាលពីខែមេសា កន្លងទៅ ចិនទទួលបានទុនវិនិយោគពីបរទេសត្រឹមតែជាង៨ពាន់លានដុល្លារអាម៉េរិក តែប៉ុណ្ណោះ ដែលជាកម្រិតវិនិយោគប្រចាំខែទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក ខណៈកាលពីខែមីនា ប្រទេសនេះទទួលបានទុនវិនិយោគជាង១២ពាន់លានដុល្លារដុល្លារ។
រំហូរវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសចិន បានកើនឡើងជាច្រើនឆ្នាំក្នុងអំឡុងពេលជំងឺកូវីដ-១៩ មុនពេលវាបានធ្លាក់ចុះ៨% មកវិញនៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្នទីក្រុងប៉េកាំង កំពុងព្យាយាមផ្លាស់ប្តូរនិន្នាការនេះ។ កាលពីខែមីនា គណៈរដ្ឋមន្ត្រីប្រទេសចិន បានចេញវិធានការជាបន្តបន្ទាប់ដើម្បី«ពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគបរទេសក្នុងការវិនិយោគនៅក្នុងប្រទេសនេះ» រួមទាំងការពង្រីកទីផ្សារ និងការបន្ធូរបន្ថយច្បាប់ទិដ្ឋាការផងដែរ។
ប៉ុន្តែក្រុមធុរកិច្ចបរទេសមួយចំនួនបាននិយាយថា មានការសន្យាជាច្រើនដែលរដ្ឋាភិបាលចិន នៅមិនទាន់ធ្វើបាននៅឡើយក្នុងការកែលម្អបរិយាកាសអាជីវកម្មសម្រាប់ក្រុមហ៊ុនទាំងនេះ។
សភាពាណិជ្ជកម្មសហភាពអឺរ៉ុប បានធ្វើការស្ទង់មតិនាពេលថ្មីៗនេះ ដោយបានរកឃើញថា អ្នកឆ្លើយសំណួរតែ១៥%ប៉ុណ្ណោះបានចាត់ទុកប្រទេសចិនថា ជាជម្រើសកំពូលសម្រាប់ការវិនិយោគនាពេលបច្ចុប្បន្ន ខណៈ១៣% ទៀតមើលឃើញថា វាជាគោលដៅកំពូលសម្រាប់ការវិនិយោគនាពេលអនាគត។ តួលេខទាំងពីរនេះ គឺជាកម្រិតទាបជាប្រវត្តិសាស្ត្រ។
ការស្ទង់មតិដដែលនេះបានរកឃើញដែរថា ការធ្លាក់ចុះសេដ្ឋកិច្ចចិន គឺជាកង្វល់ដ៏ធំបំផុតមានរហូតដល់៣៩% នៃក្រុមហ៊ុនដែលបានឆ្លើយតបក្នុងការស្ទង់មតិនេះ។ ទិន្នន័យដែលចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ការធ្លាក់ចុះតម្រូវការក្នុងស្រុក និងបញ្ហាអចលនទ្រព្យបានបន្តបង្កបញ្ហាប្រឈមដល់គោលដៅកំណើនរបស់ទីក្រុងប៉េកាំង ប្រហែល៥%នៅឆ្នាំនេះ៕
អត្ថបទ៖ សុខ មង្គល