ការវិនិយោគបរទេសផ្ទាល់នៅក្នុងប្រទេសចិនប្រែទៅជាអវិជ្ជមានជាលើកដំបូង

ការវិនិយោគបរទេសផ្ទាល់នៅក្នុងប្រទេសចិនធ្លាក់ចុះជាលើកដំបូងនៅត្រីមាសទី៣ឆ្នាំនេះ


រំហូរចេញនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិន មានការកើនឡើងជាងរំហូរចូលទៅក្នុងប្រទេសនេះជាលើកដំបូងនៅក្នុងត្រីមាសទី៣ឆ្នាំ ខណៈដែលចិនមានភាពតានតឹងជាមួយនឹងសហរដ្ឋអាម៉េរិកជុំវិញបច្ចេកវិទ្យាបន្ទះឈីប និងការព្រួយបារម្ភអំពីការកើនឡើងនូវសកម្មភាពប្រឆាំងនឹងចារកម្ម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការវិនិយោគបរទេសផ្ទាល់នៅក្នុងប្រទេសចិនប្រែទៅជាអវិជ្ជមានជាលើកដំបូង
ដោយ

រដ្ឋបាលរូបិយប័ណ្ណបរទេសរបស់រដ្ឋចិន បានចេញផ្សាយទិន្នន័យស្ពីពីសមតុល្យទូទាត់កាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកាថា ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិន បានធ្លាក់ចុះជាលើកដំបូងសម្រាប់ត្រីមាសចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៣។ ទិន្នន័យនេះបានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសនៅប្រទេសចិន បានថយចុះជិត១២ពាន់លានដុល្លារជាមួយនឹងការដកប្រាក់កាន់តែច្រើន និងការធ្លាក់ចុះការវិនិយោគថ្មីសម្រាប់ការសាងសង់រោងចក្រ និងគោលបំណងផ្សេងទៀត ដែលវាបានបង្ហាញពីតួលេខអវិជ្ជមានលើកដំបូងដូចអ្វីដែលធ្លាប់កើតឡើងនៅក្នុងឆ្នាំ១៩៩៨។

ការវិនិយោគបរទេសនៅតែបន្តមានកំណើនយឺតបន្ទាប់ពីបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងត្រីមាសខែមេសា ដល់ខែមិថុនា ឆ្នាំ២០២២ ជាពេលដែលសេដ្ឋកិច្ចរបស់ចិន ស្ថិតក្នុងភាពចលាចលបណ្ដាលមកពីវិធានការបិទខ្ទប់សូន្យកូវីដ នៅក្នុងទីក្រុងសៀងហៃ។

នៅក្នុងការស្ទង់មតិក្នុងខែកញ្ញា ជាមួយក្រុមហ៊ុនដែលចុះបញ្ជីជាសមាជិករបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន នៅក្នុងប្រទេសចិនបានបង្ហាញថា អ្នកឆ្លើយតបសំណួរជិតពាក់កណ្តាលនិយាយថា ពួកគេមិនបានវិនិយោគនៅក្នុងប្រទេសចិនទាល់តែសោះនៅក្នុងឆ្នាំ២០២៣ ឬក៏វិនិយោគខ្លះដែរ ប៉ុន្តែមានទំហំតិចជាងឆ្នាំ២០២២។ ការស្ទង់មតិមួយដែលរៀបចំធ្វើដោយសភាពាណិជ្ជកម្មអាម៉េរិកប្រចាំប្រទេសចិន កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុនបានបង្ហាញថា ក្រុមហ៊ុនជាសមាជិក៦៦% បានឆ្លើយថា មូលហេតុចម្បងនៃការធ្លាក់ចុះការវិនិយោគបរទេសនេះ គឺដោយសារតែការកើនឡើងនូវភាពតានតឹងរវាងចិន និងសហរដ្ឋអាម៉េរិក។

កាលពីខែសីហា សហរដ្ឋអាមេរិកបានប្រកាសពីការរឹតបន្តឹងលើការវិនិយោគបន្ទះឈីប និងបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសចិន ហើយឥឡូវនេះក្រុងវ៉ាស៊ីនតោនកំពុងសម្របសម្រួលជាមួយទីក្រុងប៉េកាំងនៅមុនពេលកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងខែវិច្ឆិកានេះ ប៉ុន្តែសហរដ្ឋអាម៉េរិកនៅតែប្តេជ្ញាចិត្តចំពោះការរឹតបន្តឹងបច្ចេកវិទ្យាក្នុងបុព្វហេតុសន្តិសុខសេដ្ឋកិច្ច។

ច្បាប់ប្រឆាំងចារកម្មរបស់ចិន ដែលបានចូលជាធរមាននៅក្នុងខែកក្កដា និងពង្រីកវិសាលភាពរបស់ច្បាប់នេះ ដើម្បីប្រឆាំងនឹងអ្វីដែលចិនចាត់ទុកថាជាចារកម្មនោះបានធ្វើឱ្យក្រុមហ៊ុននានាមានការភ័យខ្លាចផងដែរ។ លោក យូស៊ូកេ មីអ៊ូរ៉ា (Yusuke Miura) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ NLI បាននិយាយថា ច្បាប់ និងបទប្បញ្ញត្តិរបស់ចិន គឺខ្វះតម្លាភាពជាកត្តាមួយដែលបង្កើនការព្រួយបារម្ភអំពីការបន្តអាជីវកម្មនៅក្នុងប្រទេសចិន។

លោក មីអ៊ូរ៉ា បានបន្ថែមថា ក្រុមហ៊ុនបរទេសកំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងពីការសង្កត់ធ្ងន់របស់អាជ្ញាធរចិនទៅលើផ្នែកសន្តិសុខ ហើយវាមិនទំនងថា ក្រុមហ៊ុនទាំងនេះនឹងផ្លាស់ប្ដូរជំហរដ៏ប្រុងប្រយ័ត្នចំពោះប្រទេសចិនក្នុងពេលដ៏ឆាប់រហ័សនោះឡើយ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើចិនពិតជាអ្នកនៅពីក្រោយបញ្ហានៃការតម្លើងអត្រាការប្រាក់ខ្ពស់នៅអាម៉េរិកមែនទេ?

ព័ត៌មាន
អ្នកវិភាគបានអះអាងថា ទីក្រុងប៉េកាំងនៅពេលនេះកំពុងតែទម្លាក់សន្និធិបំណុលរបស់អាម៉េរិករហូតដល់៤០ភាគរយ ដោយគេជឿថា ការសម្រេចចិត្តនេះ គឺដើម្បី…

ការនាំចូលសាច់ខុសច្បាប់ បង្កបញ្ហាដល់អាជីវកម្មស្របច្បាប់ និងប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ

ព័ត៌មាន
សាច់បង្កកនិងសត្វរស់ ដែលលួចនាំចូលខុសច្បាប់ កំពុងបង្កក្ដីបារម្ភដល់អ្នកធ្វើអាជីវកម្មស្របច្បាប់ និងប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ ស្របពេលនិន្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ