បទល្មើសឆបោកអនឡាញ

ក្រសួងមហាផ្ទៃ អះអាងថា កម្ពុជា មិនបានបរាជ័យក្នុងការបង្ក្រាប Scam Online ដូចការចោទប្រកាន់នោះទេ ខណៈអ្នកជំនាញជំរុញឱ្យកាត់ឫសគល់មេកាងនៅពីក្រោយ


បណ្តាញសារព័ត៌មានអន្តរជាតិធំៗ រួមមាន Reuters, Bloomberg និង South China Morning Post បានចុះផ្សាយដោយដកស្រង់របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ដោយ​វាយតម្លៃថា យុទ្ធនាការបង្ក្រាបបទល្មើសឆបោកអនឡាញរបស់កម្ពុជា បានទទួលបរាជ័យ​។ ភ្លាមៗនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញមុខទាត់ចោលទាំងស្រុង ដោយចាត់ទុកថា ការចុះផ្សាយរបស់សារព័ត៌មានទាំងនេះមានរបៀបវារៈនយោបាយ និងមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ខណៈដែលសមត្ថកិច្ចកំពុងបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកដោយមិនរើសមុខ។
បទល្មើសឆបោកអនឡាញ
ដោយ

ដោយឡែកក្រុមអ្នកជំនាញមើលឃើញថា នេះជាវិញ្ញាសាដ៏ស្មុគស្មាញ និងបានស្នើឱ្យរដ្ឋាភិបាលពង្រឹងវិធានការច្បាប់វះកាត់សាច់ស្អុយ ដែលមានការពាក់ព័ន្ធនៅពីក្រោយខ្នងអំពើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា ការដែលប្រព័ន្ធផ្សព្វផ្សាយបរទេសប្រញាប់ប្រញាល់វាយតម្លៃថា កម្ពុជា បានបរាជ័យទាំងដែលយុទ្ធនាការបោសសម្អាតកំពុងដំណើរការយ៉ាងសកម្មនេះ គឺស្តែងឱ្យឃើញពីចេតនានយោបាយច្បាស់ក្រឡែត។ លោកបណ្ឌិត បានកត់សម្គាល់ថា កន្លងមកមានអ្នកសារព័ត៌មានបរទេសមួយចំនួន តែងតែប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីវាយប្រហារមកលើកម្ពុជា។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះ ទទូចឱ្យរាជរដ្ឋាភិបាលត្រូវតែបន្តចាត់វិធានការក្តៅ បំផ្លាញឱ្យដល់ឫសគល់ ជាពិសេសក្រុមអ្នកកាង ឬអ្នកនៅពីក្រោយខ្នង ដែលបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការខុសច្បាប់ទាំងនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា មូលហេតុដែលសារព័ត៌មានអន្តរជាតិ ចាប់កំហុស គឺដោយសារតែរដ្ឋាភិបាលធ្លាប់បានប្តេជ្ញាចិត្តថា នឹងបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦។ ប៉ុន្តែជាក់ស្តែង បទល្មើសបច្ចេកវិទ្យានេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងតំបន់ ដែលក្លាយជាវិញ្ញាសាដ៏លំបាក និងមិនទាន់អាចវះកាត់ឱ្យដាច់ស្រឡះនៅឡើយ សូម្បីតែមន្ត្រីខិលខូចមួយចំនួន ក៏មានជាប់ពាក់ព័ន្ធរហូតត្រូវរងការដកតំណែង និងចាប់ខ្លួនជាបន្តបន្ទាប់។

ដើម្បីបង្កើនប្រសិទ្ធភាពឱ្យកាន់តែខ្លាំង អ្នកជំនាញរូបនេះ បានផ្តល់ជាយោបល់ថា កម្ពុជា ត្រូវតែរឹតបន្តឹងគោលបំណងនៃការចូលមកកម្ពុជា របស់ជនបរទេស ដាក់ទោសធ្ងន់ធ្ងរលើម្ចាស់ទីតាំងដែលជួលឱ្យក្រុមឆបោក បង្ក្រាបមន្ត្រីមូលដ្ឋានដែលឃុបឃិត និងពង្រឹងប្រព័ន្ធធនាគារ ដើម្បីស៊ើបអង្កេតបទល្មើសលាងលុយកខ្វក់។

ឆ្លើយតបនឹងការរិះគន់ខាងលើ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជា មិនបានបរាជ័យក្នុងការបង្ក្រាប Scam Online ដូចការចោទប្រកាន់នោះទេ ដោយកន្លងមកសមត្ថកិច្ចសម្រេចបានសមិទ្ធផលធំៗជាច្រើន រួមមាន ការវាយកម្ទេចសម្បុកឧក្រិដ្ឋជន ចាប់ខ្លួនមេខ្លោង ព្រមទាំងសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះរាប់ពាន់នាក់ទៅប្រទេសកំណើតវិញ។ បច្ចុប្បន្នទោះបីជាក្រុមឧក្រិដ្ឋជនទាំងនោះបានបំបែកជាក្រុមតូចៗ ដើម្បីលាក់ខ្លួនក៏ដោយ ក៏កម្លាំងជំនាញរបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានកំពុងបន្តនីតិវិធីស៊ើបអង្កេត និងតាមប្រមាញ់យ៉ាងស្វិតស្វាញបំផុត។

គួរបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងការវិវត្ត នៃបទល្មើសបច្ចេកវិទ្យាដ៏ស្មុគស្មាញនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌បានបង្កើតច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានរដ្ឋសភាជាតិ អនុម័តកាលពីចុងខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។ ច្បាប់ថ្មីនេះនឹងក្លាយជាអាវុធគតិយុត្តដ៏មានឥទ្ធិពលក្នុងការលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាប ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលុបបំបាត់រាល់ទម្រង់នៃឧក្រិដ្ឋកម្មអនឡាញឱ្យអស់ពីទឹកដីកម្ពុជា៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន៣,៩% នៅឆ្នាំនេះ ទោះរងសម្ពាធពីការហក់ឡើងតម្លៃប្រេងឥន្ធនៈ

ធនាគារពិភពលោកអះអាងថា ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ កំពុងតែដាក់សម្ពាធយ៉ាងខ្លាំងលើសកម្មភាពអាជីវកម្ម និង ជីវភាពរស់នៅរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ