ឆ្លើយតបនឹងការលើកឡើងនេះ ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយនៅកម្ពុជា បានដៀមដាមត្រឡប់ទៅវិញចំៗថា កម្ពុជា មិនមែនរស់ដោយសារដកដង្ហើមតាមច្រមុះថៃនោះទេ ហើយកម្ពុជា ក៏មានដៃគូអភិវឌ្ឍន៍ធំៗជុំវិញពិភពលោកច្រើនរាប់មិនអស់ដែរ ដូច្នេះជំនួយបន្តិចបន្តួចរបស់ថៃ មិនមានអ្វីចាំបាច់ ដែលខ្មែរត្រូវស្រេកឃ្លាននោះឡើយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer សមាជិកព្រឹទ្ធសភាថៃ លោក ផារិនយ៉ា វុងឆឺតក្វាន់ (Parinya Wongcherdkwan) បានសម្តែងចរិតខឹងខុសរឿង ដោយបានអំពាវនាវឱ្យប្រទេសថៃ ផ្អាករាល់ជំនួយផ្នែកអប់រំដល់កម្ពុជា លុបចោលកម្មវិធីអាហារូបករណ៍ ក៏ដូចជាកម្មវិធីផ្លាស់ប្តូរនិស្សិត ដែលពាក់ព័ន្ធនឹងកម្ពុជាទាំងអស់ ព្រមទាំងទាមទារឱ្យរំលាយក្រុមមិត្តភាពសភាថៃ-កម្ពុជា ចោលថែមទៀត ក្រោមលេសថា មានភាពតានតឹងតាមព្រំដែន។
លើសពីនេះ ព្រឹទ្ធសមាជិកថៃ រូបនេះ បានជំរុញឱ្យប្រធានរដ្ឋសភាថៃ លោក សុផុន សារ៉ាម (Sophon Saram) ឱ្យលុបចោលចំណងមេត្រីភាពសភា ដែលធ្លាប់តែលើកកម្ពស់ទំនាក់ទំនង និងការផ្លាស់ប្តូរមិត្តភាពរវាងសមាជិកសភាទាំងពីរប្រទេស ហើយថែមទាំងបានបង្ខំឱ្យសមាជិកថៃ ទាំង៩រូបនៃក្រុមការងារនេះលាលែងពីតំណែងទាំងអស់គ្នាទៀតផង។ ជាមួយគ្នានេះ លោក ផារិនយ៉ា ក៏បានស្នើឱ្យបញ្ចប់ការឧបត្ថម្ភសម្រាប់និស្សិតកម្ពុជា នៅប្រទេសថៃ បញ្ឈប់គម្រោងសហប្រតិបត្តិការអប់រំថ្មីៗ និងយកកូតាអាហារូបករណ៍ទាំងនោះទៅប្រគល់ឱ្យប្រទេសដទៃជំនួសវិញ។
បន្ថែមលើនេះ សមាជិកព្រឹទ្ធសភាថៃ រូបនេះ បាននិយាយរាលដាលដល់ការទាមទារឱ្យមានការពិនិត្យ និងផ្អាករាល់ជំនួយទូលំទូលាយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ ដែលផ្តល់ជូនកម្ពុជា ទាំងផ្នែកសុខភាពសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការព្រំដែន ដោយលោកអាងថា ត្រូវតែផ្អាករហូតដល់ស្ថានភាពព្រំដែនវិលមករកភាពធម្មតាវិញ។
បើយោងតាមស្ថិតិដែលថៃ តែងតែយកមកអួតអាង ប្រទេសថៃ បានចំណាយប្រាក់ប្រហែលជាង២៥លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីអប់រំកុមារបរទេសជាង ១សែន៨ម៉ឺននាក់ ដែលនៅក្នុងនោះក៏មានកម្ពុជា ផងដែរ។ ដោយឡែក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ បានឱ្យដឹងថា កាលពីឆ្នាំ២០២៥ កន្លងទៅខ្លួនបានចំណាយថវិកាប្រមាណ១៩លានដុល្លារសម្រាប់គម្រោងនានា ដោយត្រូវចែកគ្នារហូតដល់ទៅ៤ប្រទេសរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ពោលគឺបើចែកមកដល់កម្ពុជា គឺទទួលបានតិចតួចស្តួចស្តើងបំផុត។
ពាក់ព័ន្ធបញ្ហានេះដែរ ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយកម្ពុជា បានលើកឡើងដៀមដាម និងផ្លែផ្កាទៅវិញថា កន្លងមកគម្រោងទាំងនេះវាគ្រាន់តែជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការតាមទម្លាប់ការទូតរវាងប្រទេសជិតខាងតែប៉ុណ្ណោះ វាមិនមែនមានន័យថា បើគ្មានជំនួយថៃទេ វិស័យអប់រំខ្មែរត្រូវដួលរលំនោះឡើយ។ ដូច្នេះបើភាគីថៃ ចង់ផ្អាក ឬចង់លុបចោល គឺជារឿងរបស់ថៃ ខ្មែរមិនដែលទៅអង្វរសុំឡើយ។
ក្រុមអ្នកជំនាញកម្ពុជា បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជា មានធនធាន មានសមត្ថភាព និងមានដៃគូអភិវឌ្ឍន៍ធំៗលំដាប់អន្តរជាតិ ជាច្រើនទៀត ដែលមានចិត្តទូលាយ និងត្រៀមខ្លួនជួយគាំទ្រដល់វិស័យអប់រំ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា មិនចាំបាច់មករំពឹងលើជំនួយដ៏ចង្អៀតចង្អល់ និងការយកមកធ្វើជាល្បែងនយោបាយដោះដូរពីខាងភាគីថៃ នោះឡើយ៕
ដោយៈ សរ សុជាតិ