វិស័យពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតកប៉ាល់ដឹកទំនិញធំៗរបស់ចិន កំពុងត្រូវប៉ាន់ខ្លាំង ចំពេលតម្រូវការទីផ្សារពិភពលោកកើនឡើង


មហាយក្សចិន ដែលជាប្រទេសផលិតកប៉ាល់ដឹកទំនិញ ឬកប៉ាល់កុងតឺន័រដ៏ធំបំផុតរបស់ពិភពលោកត្រូវបានក្រុមអ្នកវិភាគព្យាករថា នឹងទទួលបានការបញ្ជាទិញកប៉ាល់កុងតឺន័រថ្មីៗក្នុងចំនួនយ៉ាងច្រើន ដែលធ្វើឱ្យក្រុមហ៊ុនផលិតកប៉ាល់កុងតឺន័រនានារបស់ចិន កំពុងត្រូវប៉ាន់ខ្លាំង ស្របពេលតម្រូវការទីផ្សារពិភពលោកកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រុមអ្នកវិភាគមកពីក្រុមហ៊ុនផ្ដល់សេវាធនាគារ និងហិរញ្ញវត្ថុហូឡង់ ING Group បានលើកឡើងថា បណ្ដាក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកប៉ាល់កំពុងទទួលរងសម្ពាធឱ្យផ្លាស់ប្ដូរកប៉ាល់ចាស់ៗរបស់ខ្លួនចេញ ដើម្បីបំពេញបានតាមបទប្បញ្ញត្តិបរិស្ថានថ្មី ដែលដាក់ចេញដោយអង្គការសហប្រជាជាតិ ហើយកត្តានេះបានជួយជំរុញឱ្យតម្រូវការកប៉ាល់កុងតឺន័រថ្មីៗកើនឡើង។

ក្រុមអ្នកវិភាគបានលើកឡើងថា ប្រទេសចិន ទំនងជាទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីកំណើនទីផ្សារកប៉ាល់កុងតឺន័រនេះ ខណៈកូរ៉េខាងត្បូង ដែលជាគូប្រជែងធំរបស់ខ្លួនត្រូវបានរំពឹងថា នឹងប្រើប្រាស់ប្រយុទ្ធសាស្ត្រដែលមានការប្រយ័ត្នប្រយែងជាងមុន ដោយផ្ដោតលើការបញ្ជាទិញ ដែលផ្ដល់ប្រាក់ចំណេញខ្ពស់ និងអាចទុកចិត្តបាន។

ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ការដ្ឋានផលិតកប៉ាល់មួយចំនួននៅក្នុងប្រទេសចិន ដែលបានបិទចោលកាលពីមុននោះ ពេលនេះបានបើកដំណើរការឡើងវិញហើយ ហើយចាប់ផ្តើមទទួលការបញ្ជាទិញជាថ្មី ជាពិសេសកប៉ាល់កុងតឺន័រ ដែលភាគច្រើនត្រូវបានផលិតនៅតាមការដ្ឋានផលិតកប៉ាល់របស់ចិន។ ការកើនឡើងនៃតម្រូវការនេះអាចជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងឧស្សាហកម្មផលិតកប៉ាល់នៅក្នុងប្រទេសចិន។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូនទំនិញតាមកប៉ាល់ Hartland Shipping Services ដែលមានការិយាល័យនៅទីក្រុងឡុងដ៍ ក្រុងសៀងហៃ និងប្រទេសសិង្ហបុរី បានឱ្យដឹងថា កាលពីអំឡុងខែតុលា ឆ្នាំ២០២៤ នេះ តម្រូវការទីផ្សារកប៉ាល់កុងតឺន័រថ្មីៗបានកើនឡើងឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១ មក។

របាយការណ៍ដដែលបានបង្ហាញទៀតថា ការដាក់ចេញបទប្បញ្ញត្តិបរិស្ថានថ្មីៗដោយអង្គការនាវាចរណ៍អន្តរជាតិ (IMO) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ កាលពីអំឡុងខែមករា ដើមឆ្នាំ២០២៣ ក៏ជាកត្តាដ៏សំខាន់មួយដែលជួយជំរុញឱ្យតម្រូវការកប៉ាល់កុងតឺន័រថ្មីៗកើនឡើងផងដែរ។

សូមបញ្ជាក់ថា មហាយក្សចិន បានក្លាយជាប្រទេសឈានមុខគេទូទាំងពិភពលោកផ្នែកផលិតកប៉ាល់កុងតឺន័រ ដោយសារតែផលិតកម្មមានទ្រង់ទ្រាយធំ កម្លាំងពលកម្មច្រើន ការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការជួយជ្រោមជ្រែងយ៉ាងសម្បើមពីរដ្ឋាភិបាលចិន។

ទិន្នន័យបានបង្ហាញថា តម្លៃពលកម្មនៅប្រទេសចិន គឺទាបជាងតម្លៃពលកម្មនៅកូរ៉េខាងត្បូង ឬជប៉ុនរហូតដល់ទៅប្រមាណ៥០% ឯណោះ ហើយទន្ទឹមនេះ បណ្ដាក្រុមហ៊ុនចិន ក៏ទទួលបានអត្ថប្រយោជន៍ពីដែកថែប ដែលមានតម្លៃថោកជាងទីផ្សារអន្តរជាតិ ផងដែរ ទើបធ្វើឱ្យបណ្ដាក្រុមហ៊ុនផលិតកប៉ាល់ចិនមានប្រៀបជាងគេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រដ្ឋាភិបាលអាម៉េរិក អាចប្រឈមនឹងការបិទសកម្មភាពរហូតដល់លោក ដូណាល់ ត្រាំ ឡើងកាន់តំណែង

ការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងរវាងសមាជិកសភាពាក់ព័ន្ធនឹងច្បាប់ថវិកាសម្រាប់ចំណាយនៅចុងឆ្នាំ២០២៤ អាចនឹងធ្វើឲ្យរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអា…

តើមានកត្តាអ្វីធ្វើឱ្យមានការព្យាករថា សេដ្ឋកិច្ចចិននឹងអាចធ្លាក់ចុះរហូតដល់ក្រោម២% នៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ?

របាយការណ៍ថ្មីមួយបានអះអាងថា កំណើនសេដ្ឋកិច្ចរបស់ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកអាចប្រឈមនឹងធ្លាក់ចុះរហូតដល់ក្រោម២% ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ