សន្ទស្សន៍សកម្មភាពផលិតកម្មបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរោងចក្រនានានៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេលប្រាំខែជាប់គ្នាគិតរហូតដល់ ខែកុម្ភៈ ចំពេលនៃការធ្លាក់ចុះស្រាប់ដោយសារតែកត្តារដូវកាលនៃការឈប់សម្រាករបស់ពលរដ្ឋចិន រួមទាំងចំណាប់អារម្មណ៍របស់អ្នកជំនួញក្នុងការធ្វើអាជីវកម្មមានការថយចុះ។
ការិយាល័យស្ថិតិជាតិនៃប្រទេសចិនដែលបានរាយការណ៍ ថា សន្ទស្សន៍សកម្មភាពផលិតកម្មនៅក្នុងប្រទេសមហាយក្សសេដ្ឋកិច្ចមួយនេះសម្រេចបានបានត្រឹមតែកម្រិត ៤៩,២ ពិន្ទុ ប៉ុណ្ណោះ នៅក្នុងខែទី២នៃឆ្នាំ២០២៤ ។
យោងតាមទិន្នន័យដដែល សន្ទស្សន៍សកម្មភាពផលិតកម្មនៅប្រទេសចិន កាលពីខែតុលា គឺស្ថិតនៅក្នុងកម្រិត ៥០ ពិន្ទុ ហើយបានថយចុះជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់លើទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន និងតម្រូវការក្នុងស្រុកដែលធ្លាក់ចុះ។
ជាទូទៅសន្ទស្សន៍សកម្មភាពផលិតកម្មនៅចិនតែងតែធ្លាក់ចុះជាធម្មតានៅក្នុងរង្វង់ខែមករា និង កុម្ភៈ។ ទោះយ៉ាងណាគេសង្កេតឃើញថា ក្រៅពីសន្ទស្សន៍ផលិតកម្ម សន្ទស្សន៍នៃការបញ្ជាទិញថ្មី សារពើភ័ណ្ឌវត្ថុធាតុដើម និងសន្ទស្សន៍ការងារ គឺសុទ្ធតែបានធ្លាក់ចុះនៅខែផ្សេងៗទៀត។
សន្ទស្សន៍សកម្មភាពផលិតកម្មធ្លាក់ចុះមែន ប៉ុន្តែ សម្រាប់សកម្មភាពអាជីវកម្មមិនមែនផលិតកម្មរបស់ចិននៅតែមានសញ្ញាវិជ្ជមាន ដោយបានឡើងដល់ ៥១,៤ ពិន្ទុ ។
ប្រភពដដែលបានបន្ថែមថា សន្ទស្សន៍នៃសេវាកម្មដឹកជញ្ជូន ម្ហូបអាហារ និងផ្នែកហិរញ្ញវត្ថុគឺសុទ្ធតែមានសញ្ញាកើនឡើងប្រសើរ លើកលែងតែសន្ទស្សន៍នៃវិស័យសំណង់ដែលបានថយប្រមាណជា ០,៤ ពិន្ទុមកនៅត្រឹម ៥៣,៥ ពិន្ទុ។
ដោយៈ សរ សុជាតិ