ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាឡិស មីឆែល (Charles Michel) បានជំរុញឱ្យប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រើប្រាស់«ឥទ្ធិពល»របស់ប្រទេសនេះ ទៅលើប្រទេសរុស្ស៊ីជុំវិញសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីដើមខែនេះ។
ឆ្លើយតបនឹងការជំរុញរបស់សហភាពអឺរ៉ុបនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំសហភាពអឺរ៉ុបលោក ហ្វូ ខុង (Fu Cong) បានក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានចិន The South China Morning Post កាលពីថ្ងៃថា សង្រ្គាមដែលផ្តួចផ្តើមដោយរុស្ស៊ីជាអ្វីមួយដែលហៅថាជាប្រតិបត្តិការពិសេស» ឬក៏«វិបត្តិអ៊ុយក្រែន»នោះ បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបខណៈដែលលោកមិនចង់ធ្វើឱ្យប៉ះពាល់នយោបាយនោះទេ។
លោក ហ្វូ និយាយថា ប្រទេសចិនបានមើលឃើញខ្លួនឯងថាកំពុងរងគ្រោះទាំងសងខាងចំពោះវិបត្តិនោះដោយសារទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន គឺជាមិត្តល្អរបស់ចិន ដូច្នេះហើយចិនមិនចង់ជ្រើសរើសរវាងមិត្តភក្តិទាំង២នេះទេ ដែលវាជាគោលជំហរតាំងពីដើមមករបស់ចិន។
លោក ហ្វូ បាននិយាយថា ក្រោយពីរុស្ស៊ីបានធ្វើការលុកលុយពេញលេញលើអ៊ុយក្រែនបានមួយថ្ងៃ ការសន្ទនាតាមទូរស័ព្ទត្រូវបានធ្វើឡើងរវាងមេដឹកនាំចិនលោក ជីនពីង និងមេដឹកនាំរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ហើយក្នុងអំឡុងពេលសន្ទនានោះលោក ជីនពីង បានតស៊ូមតិយ៉ាងច្បាស់លាស់ក្នុងការព្យាយាមស្វែងរកដំណោះស្រាយដោយសន្តិភាព។
ឯកអគ្គរដ្ឋទូតចិនរូបនេះក៏បានបដិសេធដែរថា ចិនមិនបានផ្តល់ជំនួយយោធាណាមួយដល់ទីក្រុងមូស្គូនោះទេ។
លោក ហ្វូ បាននិយាយថា តាមពិតជំហររបស់ចិនគឺមានតុល្យភាពខ្លាំងណាស់ ដូច្នេះហើយគេត្រូវតែទទួលស្គាល់ពីបញ្ហានេះ ហើយចិនត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពណាមួយ។ លោក បន្ថែមថា ការឃោសនាពីការបំពានរបស់រុស្ស៊ីនេះ គឺបានធ្វើឱ្យសហរដ្ឋអាមេរិកទទួលបានផលចំណេញពីវិបត្តិនេះ។
កាលពីដើមខែធ្នូនេះលោក ស៊ី ជីនពីង បាននិយាយថា អឺរ៉ុប និងបណ្តាប្រទេសនៅតំបន់អឺរ៉ាស៊ីទាំងអស់ចង់ឃើញការបញ្ចប់សង្រ្គាមតាមរយៈការចរចាសន្តិភាព ហើយលោកបាននិយាយថាវាចាំបាច់ក្នុងការជៀសវាងការកើនឡើង និងការពង្រីកនៃវិបត្តិនេះ។
ក៏ប៉ុន្ដែ កាសែតសហរដ្ឋអាមេរិក the Wall Street Journal បានរាយការណ៍ថា លោក ស៊ី ជីនពីង បានបញ្ជារដ្ឋាភិបាលរបស់លោកឱ្យបង្កើតទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធឡើងថែមទៀតជាមួយរដ្ឋាភិបាលក្រុងម៉ូស្គូនៃប្រទេសរុស្ស៊ី។
ប្រភពមួយចំនួនដែលកាសែតអាមេរិកនេះបានសម្ភាសន៍បាននិយាយថា ប្រទេសចិនចង់ជំរុញការនាំចូលប្រេងពីរុស្ស៊ី ពង្រីកកិច្ចសហប្រតិបត្តិការថាមពល និងបង្កើនការវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីផងដែរ៕
អត្ថបទ៖ សុខ ជា