វិស័យ​សហគ្រាស​ធុនតូច និងមធ្យម

សួនបណ្តុំ​សហគ្រាសធុនតូច និងមធ្យម មានប្រើប្រាស់បច្ចេកវិទ្យាទំនើបដំបូងគេ​នៅកម្ពុជា នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១


សួនបណ្តុំសហគ្រាសធុនតូច និងមធ្យម វើលដ៏ប្រ៊ីដ i4.0 ដែលជាបណ្តុំ SME ដំបូងបង្អស់នៅកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី សំណាក់វិស័យឯកជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងឧស្សាហកម្ម បានចាត់ទុកគម្រោងនេះ គឺជាគំរូ ទី១ នៃការប្រមូលផ្តុំ និងគ្រប់គ្រង SME ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយជំនាន់ទី ៤ និងជា តំបន់សេដ្ឋកិច្ចពិសេសអាទិភាពមួយ សម្រាប់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
សួនបណ្តុំ សហគ្រាសធុនតូច និងមធ្យម មានប្រើប្រាស់បច្ចេកវិទ្យាទំនើបដំបូងគេ នៅកម្ពុជា នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១
ដោយ

លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​វើលប្រ៊ីដគ្រុប បានថ្លែងនៅ​ក្នុង​ពិធីបើក​ការដ្ឋាន​សាងសង់​ចង្កោម​សហគ្រាសធុនតូច និងមធ្យម នៅព្រឹកថ្ងៃទី ២៧ ខែ​វិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា គម្រោងនេះ ត្រូវបាន​បង្កើតឡើង​ក្នុងគោល​បំណង​ប្រមូលផ្តុំនូវ​ SMEs នៅកម្ពុជា ពង្រឹង​ការគ្រប់គ្រង និងជំរុញ​លើកកម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង តាមរយៈ​កិច្ចដំណើរការ​អាជីវកម្ម ដែលមានភាព​ប្រទាក់ក្រឡាគ្នា និងបំពេញ​ឲ្យគ្នា​ទៅវិញទៅមក ជាពិសេសគឺ សម្រេចទៅ​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដោយមាន​ការគាំទ្រពី សំណាក់អង្គការ​អន្តរជាតិ​ជាច្រើន និងរាជរដ្ឋាភិបាល​កម្ពុជា​តែម្តង។

សួនបណ្តុំ សហគ្រាសធុនតូច និងមធ្យម មានប្រើប្រាស់បច្ចេកវិទ្យាទំនើបដំបូងគេ នៅកម្ពុជា នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១

នាឱកាសនោះ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមាន​ប្រសាសន៍ថា គម្រោង​បង្កើត​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុនតូច និងមធ្យម គឺពិត​ជាសំខាន់ណាស់​ក្នុងការ​ប្រមូលផ្តុំ​នូវ SME ការគ្រប់គ្រង និងការជួយ​ជ្រោម​ជ្រែង​វិស័យ​មួយនេះ ឲ្យរីក​ចម្រើនឡើង​ប្រកប​ដោយចីរភាព ជាពិសេស​គឺការប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បង្អស់ ដើម្បីអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ឲ្យដើរទាន់​ទៅនឹង​តម្រូវការ​នៅ​លើទីផ្សារ​សកលលោក។

លោក Nick Beresford អ្នកតំណាង​និវេសនដ្ឋាន អង្គការ​ UNDP ប្រចាំ​ប្រទេស​កម្ពុជា ក៏បានលើក​ឡើងដែរថា ក្នុងនាមជា​អង្គការអន្តរជាតិ លោកសម្តែងនូវការ​គាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះគំនិត​ផ្តួចផ្តើម​បង្កើត​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុនតូច និងមធ្យមនេះឡើង ដែលជាការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព គិតគូរ​ពីផល​ប៉ះពាល់បរិស្ថាន ជាពិសេស វាគឺជាការ​អភិវឌ្ឍ​សម្រាប់យុវជន​ជំនាន់ក្រោយ ដែលធ្វើឲ្យ ប្រទេស​កម្ពុជា កាន់តែ​មានសមត្ថភាព​ប្រកួត​ប្រជែងលើ​ទីផ្សារ​អន្តរជាតិ។

សួនបណ្តុំ សហគ្រាសធុនតូច និងមធ្យម មានប្រើប្រាស់បច្ចេកវិទ្យាទំនើបដំបូងគេ នៅកម្ពុជា នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១

លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា បានមាន​ប្រសាសន៍ដែរថា ការប្រើប្រាស់​បច្ចេកវិទ្យា​ជំនាន់ទី ៤ សម្រាប់​ការអភិវឌ្ឍ​វិស័យ SMEs​ នៅ​កម្ពុជា​គឺពិតជា​សំខាន់ណាស់ ក្នុងការបង្ក​ភាពងាយស្រួល​ដល់ ដំណើរការ​អាជីវកម្ម និងការ​កំណត់​ទីផ្សារ​គោលដៅ ជាពិសេសដើរ​ឲ្យទាន់ទៅនឹង ការអភិវឌ្ឍ​របស់​ទីផ្សារ​សកលលោក។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់នៃ​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ សម្តែងការ​កោត​សរសើរ​ចំពោះ​គម្រោង​បង្កើត​ចង្កោម​សហគ្រាស​ធុនតូច និងមធ្យមនេះ ដែលស្វាគមន៍​ទាំង​វិនិយោគិន​ក្នុងស្រុក និងមក​ពីបរទេស ចូលមក​អភិវឌ្ឍ​ក្នុងគម្រោងនេះ។ ឯកឧត្តម បន្ថែមទៀតថា វាក៏​ជាឱកាស​នៃការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការសិក្សា​ពីបទពិសោធន៍​ជាក់ស្តែង​របស់​វិនិយោគិនបរទេស និងការសិក្សា​ពីបច្ចេកវិទ្យាថ្មីៗ​ទាំងអស់នោះ។

លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន​ផលិតនំស្រួយ លីលី ក៏បានសម្តែង​ការគាំទ្រចំពោះ គំនិត​ផ្តួចផ្តើម​បង្កើតគម្រោង​នេះឡើង​ ដែលបង្កភាពងាយ​ស្រួល​ដល់ប្រតិបត្តិការ​នានារបស់​​SMEs ​ហើយ​រំពឹងថា​ វិស័យ SMEs នឹងទទួល​បានការលើក​ទឹកចិត្ត​កាន់តែច្រើន​បន្ថែមទៀត ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា។

សូមជម្រាប​ផងដែរថា សួនបណ្តុំ​សហគ្រាស​ធុនតូច និងមធ្យមមួយនេះ នឹងលេច​រូបរាង​ឡើងនៅ​ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយចំណាយ​ពេលសាងសង់ ៨ខែ ដែលនឹងបញ្ចប់នៅចុងឆ្នាំ ២០២១​ខាងមុខ ដែលបែងចែក​ចេញជា ៧ផ្នែកសំខាន់ៗ រួមមាន មជ្ឈមណ្ឌលសេវាកម្ម មណ្ឌលទ្រទ្រង់គ្រឿង​បរិក្ខារ​ឧស្សាហកម្ម​ចង្កោម​សហគ្រាស​ខ្នាតតូច និងមធ្យម​មួយឈុត ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌល​ភស្តុភារកម្ម និងសេវាកម្ម ភាពងាយស្រួល​ក្នុងការប្រកប​ធុរកិច្ច ភាពងាយ​ស្រួល​ដល់កម្មករ​ក្នុងការ​ប្រកបការងារ និងផ្តល់សេវាកម្ម​គាំទ្រ​ដទៃទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB សម្រេចសម្រេចផ្ដល់កម្ចី ៧០លានដុល្លារដល់កម្ពុជា ដើម្បីជំរុញវិស័យកសិកម្ម

ព័ត៌មាន
ធនាគារ អភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានសម្រេចអនុម័តប្រាក់ទឹកប្រាក់កម្ចី ៧០លានដុល្លារអាមេរិក សម្រាប់កម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព…

កម្ពុជាគ្រោងដាក់ចេញក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងពេលឆាប់ៗ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសនាពេលថ្មីៗនេះថា នឹងដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈវិធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ