តើស្ថានការណ៍កូវីដ១៩ ក្រោយចូលឆ្នាំចិនធ្ងន់ធ្ងរដូចការប៉ាន់ស្មានទុកដែរឬទេ?

អាជ្ញាធរចិនអះអាងថា ស្ថានភាពឆ្លងរាលដាលកូវីដ១៩នៅក្រោយបុណ្យចូលឆ្នាំចិនមានក្នុងកម្រិតទាប


អ្នកនាំពាក្យគណៈកម្មាធិការសុខភាពជាតិចិន លោក មី ហ្វឹង (Mi Feng) បានថ្លែងនៅក្នុងសេចក្ដីរាយការណ៍មួយកាលពីថ្ងៃច័ន្ទទី៣០ខែមករាថា ស្ថានភាពជំងឺកូវីដ១៩ ទូទាំងប្រទេសចិន នៅក្រោយបុណ្យចូលឆ្នាំប្រពៃណីចិន គឺស្ថិតក្នុងកម្រិតទាប ហើយចំនួនអ្នកជំងឺគ្រុនក្តៅដោយសារវីរុសកូរ៉ូណា ដែលបានទៅពិនិត្យនៅតាមមន្ទីរពេទ្យ បានធ្លាក់ចុះប្រហែល៤០% បើធៀបទៅអំឡុងមុនថ្ងៃឈប់សម្រាក។ ក្រៅពីនោះ ការឆ្លងរាតត្បាតនៅកន្លែងផ្សេងៗទៀតក៏បានរក្សានិន្នាការធ្លាក់ចុះជាលំដាប់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
អាជ្ញាធរចិនអះអាងថា ស្ថានភាពឆ្លងរាលដាលកូវីដ១៩នៅក្រោយបុណ្យចូលឆ្នាំចិនមានក្នុងកម្រិតទាប

បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានបន្ធូរបន្ថយគោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹង កាលពី ខែធ្នូកន្លងទៅនេះ ការធ្វើដំណើរនៅក្នុង និងទៅក្រៅប្រទេសចិន អំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន បានកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ដែលក្នុងនោះ មនុស្សរាប់លាននាក់បានធ្វើដំណើរតាមមធ្យោបាយផ្សេងៗដូចជាយន្តហោះ រថភ្លើង និងឡានក្រុង ជាដើម ដើម្បីទៅដើរកម្សាន្តនៅតំបន់ទេសចរណ៍នានា និងទៅស្រុកកំណើត។

មន្ត្រីក្រសួងដឹកជញ្ជូនចិនបានប្រាប់អ្នកយកព័ត៌មានថា ចំនួនអ្នកដំណើរប្រចាំឆ្នាំបានកើនឡើងដល់ ៨៩២លាននាក់ នៅចន្លោះពីថ្ងៃទី៧ ដល់ថ្ងៃទី២៩ ខែមករា ដែលចំនួននេះបានកើនឡើងប្រមាណ ៥៦% ធៀបទៅនឹងឆ្នាំ២០២២ ប៉ុន្តែបានធ្លាក់ចុះប្រមាណ ៤៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មុនពេលផ្ទុះកូវីដ១៩។

គួររំឭកថា កាលពីដើមខែធ្នូឆ្នាំ២០២២ រលកនៃការឆ្លងទូទាំងប្រទេសចិនបានរីករាលដាលយ៉ាងគំហុក នៅក្រោយពេលដែលប្រទេសចិនបើកទ្វារប្រទេសឲ្យមានការធ្វើដំណើរដោយគ្មានការរិតត្បិត។ ក្នុងនោះ អ្នកជំនាញក្នុងវិស័យសុខាភិបាលក៏បានព្រមានថា អាចមានដល់ទៅ ៨០% នៃប្រជាជនសរុប បានឆ្លងមេរោគនេះរួចទៅហើយ ដូចនេះវាក៏អាចបន្ធូរបន្ថយនូវលទ្ធភាពនៃការផ្ទុះឡើងវិញនៃជំងឺរាតត្បាត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះបានដែរ។ ប៉ុន្តែ គេនៅតែមានការព្រួយបារម្មណ៍ពី ប្រជាជននៅតាមទីជនបទដាច់ស្រយាលដែលមិនសូវមានលទ្ធភាពព្យាបាលជំងឺគ្រប់គ្រាន់។

សូមជម្រាបថា កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសចិន ហៅកាត់ថា CDC បាននិយាយថា ចំនួនអ្នកឆ្លងធ្ងន់ធ្ងរ និងចំនួនអ្នកស្លាប់បានធ្លាក់ចុះ ហើយគេក៏មិនបានរកឃើញប្រភេទរីរុសបម្លែងថ្មីដែរ។ ករណីជំងឺ COVID-19 នៅក្នុងប្រទេសចិនបានធ្លាក់ចុះចំនួន៧២% ពីកម្រិតកំពូលនៅដើមខែមករានេះ ខណៈដែលចំនួនអ្នកស្លាប់នៅក្នុងមន្ទីរពេទ្យបានធ្លាក់ចុះរហូតដល់ ៧៩%។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបរទេសមួយចំនួននៅតែមានមន្ទិលថា ទិន្នន័យចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ ដែលរដ្ឋាភិបាលចិនបានរាយការណ៍នោះ អាចមិនមែនជាចំនួនសរុបពិតប្រាកដនោះទេ ព្រោះគេមិនបានរាប់បញ្ចូលចំនួនអ្នកដែលស្លាប់នៅផ្ទះនោះឡើយ។ លើសពីនេះគ្រូពេទ្យខ្លះបាននិយាយថា ពួកគេត្រូវបានលើកទឹកចិត្ត មិនឲ្យរាប់ករណីស្លាប់មួយចំនួនដោយសារកូវីដ១៩ ជាមូលហេតុនៃការស្លាប់របស់អ្នកជំងឺនោះទេ៕

អត្ថបទដោយ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


អង្គការណាតូ និងជប៉ុនប្រកាសរឹតចំណងសម្ព័ន្ធភាព ចំពោះមុខការគំរាមកំហែងជាប្រវត្តិសាស្ត្ររបស់ចិន និងរុស្ស៊ី

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសន្យារួមគ្នាកាលពីថ្ងៃអង្គារទី៣១ខែមករា ដើម្បី…

អាមេរិក និងសម្ព័ន្ធមិត្តបន្ថែមទណ្ឌកម្មលើមីយ៉ាន់ម៉ា ក្រោយ២ឆ្នាំនៃរដ្ឋប្រហារ និងការបង្ក្រាបដ៏ព្រៃផ្សៃ

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសមីយ៉ាន់ម៉ា ចំពេលរដ្ឋប្រហារដែលដឹកនាំដោយមេរបបយោធាលោក មីន អ៊ុងឡាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ