លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម សង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ កម្ពុជា បាននាំចូលបន្លែ និងផ្លែឈើពីប្រទេសវៀតណាម និងចិន ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈការនាំចូលមួយចំនួនបានធ្វើឡើងតាមច្រករបៀង ដែលមានការគប់គិតគ្នា ដែលបង្កការលំបាកដល់មន្រ្តីក្នុងការត្រូតពិនិត្យលើគុណភាព។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ ស្នើដល់មន្រ្តីពាក់ព័ន្ធឱ្យរឹតបន្តឹងក្នុងការស្វែងរកសារធាតុហាមឃាត់ក្នុងបន្លែ និងផ្លែឈើនៅតាមព្រំដែន និងក្នុងទីផ្សារ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងធានាដល់សុខភាពរបស់ពលរដ្ឋ។ បន្ថែមលើនេះ លោកបណ្ឌិត អំពាវនាវដល់អ្នកពាក់ព័ន្ធជួយគាំទ្រសកម្មភាពដាំដុះក្នុងស្រុក និងផ្ដល់បច្ចេកទេសសំដៅជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បីឈានដល់ការកាត់បន្ថយការនាំចូលពីបរទេស។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា កម្ពុជា គួរមានយន្តការត្រួតពិនិត្យតាមស្តង់ដា ដើម្បីពង្រឹងសុវត្ថិភាពចំណីអាហារ និងការពារសុខភាពអ្នកប្រើប្រាស់។ បើតាមការសង្កេតឃើញរបស់អ្នកជំនាញរូបនេះ ការហូរចូលបន្លែ ផ្លែឈើ ឬទំនិញជាច្រើនពីបរទេសច្រើន ក៏ដោយសារតែពុំសូវមានការគាំទ្រ និងលើកទឹកចិត្តដល់អ្នកផលិតក្នុងស្រុក។ សម្រាប់លោក សេក សុជាតិ ការប្រើប្រាស់បន្លែ ផ្លែឈើ ឬទំនិញដែលផ្ទុកសារធាតុគីមីនឹងបង្កហានិភ័យដល់សុខភាពក្នុងរយៈពេលវែងហើយធ្វើឱ្យខាតបង់សេដ្ឋកិច្ចសម្រាប់ការព្យាបាលផងដែរ។
គួររំលឹកថា ពាក់ព័ន្ធនឹងការនាំចូលបន្លែ និងផ្លែឈើពីបរទេសនេះ កាលពេលថ្មីៗនេះ សារព័ត៌មាន BBC បានចុះផ្សាយពីករណីស្ពៃក្ដោប និងស្ពៃស្រួយចិន ដែលរងការសង្ស័យថា បានជ្រលក់ ឬបាញ់សារធាតុគីមីត្រាំសាកសព ហ្វ័រម៉ាល់ដេហាយ (Formaldehyde) ដើម្បីរក្សាភាពស្រស់ឱ្យបានយូរ ដែលសារធាតុនេះត្រូវបានគេស្គាល់ថា ជាភ្នាក់ងារបង្កជំងឺមហារីក។ ក្រោយផ្ទុះករណីនេះប្រទេសនានាដូចជាកូរ៉េខាងត្បូង និងវៀតណាមដែលជាអ្នកក្បែរខាងកម្ពុជាជាដើមបានបង្កើតការត្រួតពិនិត្យ និងរឹតបន្តឹងការនាំចូលស្ពៃពីប្រទេសចិន ដើម្បីទប់ស្កាត់ហានិភ័យ។
ទោះបីជានៅក្នុងសារព័ត៌មានអន្តរជាតិ មិនបានបញ្ជាក់ពីប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែតាមការទម្លាយពីអាជីវករលក់បន្លែនៅរាជធានីភ្នំពេញបានឱ្យដឹងថា បច្ចុប្បន្នបន្លែ និងផ្លែឈើនាំចូលពីចិន រួមទាំងប្រភេទស្ពៃក្តោប និងស្ពៃបូកគោ កំពុងហូរចូលមកចរាចរណ៍ និងលក់នៅទីផ្សារកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជុំវិញបញ្ហានេះសារព័ត៌មានខេមបូណូមីស មិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបាននៅឡើយទេ៕
អត្ថបទ៖ បូ ដូឡា