
ក្រុមហ៊ុនចិន ជាច្រើន កំពុងសម្លឹងរកការចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន ឬសញ្ញាបណ្ណនៅលើទីផ្សារភាគហ៊ុនសិង្ហបុរី ទោះបីកម្ដៅសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សចិន និងអាម៉េរិក មានការថមថយបន្តិចក្តី។ ជាក់ស្តែងយ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន៥ មកពីប្រទេសចិន និងកោះហុងកុង នឹងចុះបញ្ជីនៅផ្សារភាគហ៊ុនសិង្ហបុរី ក្នុងរយៈពេលចន្លោះពី១២ខែ ទៅ១៨ខែខាងមុខ។ ក្រុមហ៊ុនទាំង៥ ដែលកំពុងសម្លឹងចុះបញ្ជីនៅសិង្ហបុរី ស្ថិតក្នុងវិស័យថាមពលចិន ក្រុមសុខភាព និងក្រុមជីវបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។
អ្នកវិភាគបានចាត់ទុកការស្វែងរកឱ្យកាសវិនិយោគនៅសិង្ហបុរី ពីសំណាក់ក្រុមហ៊ុនចិន ទាំងនេះ គឺជាយុទ្ធសាស្រ្តថ្មីមួយក្នុងការពង្រឹងគោលជំហរ និងមូលដ្ឋានសេដ្ឋកិច្ចរបស់ចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈសង្រ្គាមពាណិជ្ជកម្មហាក់ថមថយកម្ដៅបន្តិចបន្ទាប់ពីសហរដ្ឋអាម៉េរិក បញ្ចុះពន្ធពី១៤៥% មកនៅ៣០% លើទំនិញចិន ហើយចិន បានបញ្ចុះពន្ធនាំចូលទំនិញអាម៉េរិក ពី១២៥% មកនៅត្រឹម១០% សម្រាប់រយៈពេលបណ្ដោះអាសន្ន៩០ថ្ងៃ។
ពាក់ព័ន្ធនឹងព័ត៌មាននេះ លោក ចេសុន ស័រ ( Jason Saw) អ្នកជំនាញនៅក្រុមហ៊ុនមូលបត្រ CGS International Securities បាននិយាយថា ក្រុមហ៊ុនចិន ពិតជាកំពុងសម្លឹង និងរៀបចំចុះបញ្ជីនៅក្នុង ផ្សារហ៊ុនសិង្ហបុរី ប្រាកដមែន។ លោកបានអះអាងថា នេះជានិន្នាការថ្មីមួយ នៃការប្រឹងប្រែងរបស់ក្រុមហ៊ុនចិន ដើម្បីពង្រឹងវត្តមាននៅក្នុងទីផ្សារហ៊ុននៅអាស៊ីអគ្នេយ៍ ខណៈសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក នៅតែជាចំណុចស្នូលនៃបញ្ហា។
លោក ប៉ូល ឌឹ វិន (Pol de Win) អ្នកជំនាញផ្សារហ៊ុនមួយរូបទៀត បានអះអាងថា ការស្វែងរកច្រកចេញពីប្រទេសចិន ទៅកាន់ពិភពលោក គឺជាគោលដៅដែលវិនិយោគិនចិន កំពុងរៀបចំ។ លោកបានអះអាងថា សិង្ហបុរី ជាច្រកចេញដ៏សំខាន់មួយ មិនថា ពាណិជ្ជកម្ម ឬសកម្មភាពអាជីវកម្មផ្សេងៗ ហើយការចុះបញ្ជីរបស់ក្រុមហ៊ុនចិន នៅសិង្ហបុរី គឺជាគោលដៅចម្បងរបស់ពួកគេ៕
ដោយៈ សរ សុជាតិ