លោក វ៉ាង ជួនហ្វូ (Wang Chuanfu) ប្រធានក្រុមហ៊ុនផលិតរថយន្ត BYD បាននិយាយនៅក្នុងសន្និសីទវិនិយោគនៅទីក្រុងហុងកុងកាលពីចុងខែមុននេះថា គោលដៅរបស់ក្រុមហ៊ុននឹងលក់ឱ្យបានចាប់ពី ៣ លានគ្រឿងឡើងទៅ ប៉ុន្តែលោក បានបន្ថែមថា ក្រុមហ៊ុន BYD នឹងបង្កើនឱ្យបានទ្វេដងពីបរិមាណលក់កាលពីឆ្នាំមុន ដើម្បីឈានឱ្យដល់ ៣លាន៦សែនលានគ្រឿង ហើយតួលេខកើនខ្ពស់នេះក៏រួមបញ្ចូលការនាំចេញផងដែរ។
ក្រុមហ៊ុន BYD បានបញ្ឈប់ការផលិតរថយន្តប្រើសាំងធម្មតានៅក្នុងខែមីនា ឆ្នាំ២០២២ឋដើម្បីផ្តោតលើរថយន្តថាមពលថ្មីដូចជារថយន្តអគ្គិសនី និងរថយន្តកូនកាត់ឋ (Hybrid)ជាដើម។ ទោះយ៉ាងណា ក្រុមហ៊ុននេះ មិនបានបង្ហាញពីការវិភាគប៉ាន់ស្មាននៃបរិមាណលក់នៅឆ្នាំនេះទេ ប៉ុន្តែផ្អែកតាមសមាមាត្រនៃការលក់នៅឆ្នាំ២០២២ ក្រុមហ៊ុននេះនឹងត្រូវលក់រថយន្តអគ្គិសនីដឹកអ្នកដំណើរឱ្យបានចំនួន ជាង១លាន៧៥ម៉ឺនគ្រឿងនៅឆ្នាំ២០២៣ ដែលតាមជិតទាន់គោលដៅលក់របស់ក្រុមហ៊ុន Tesla ដែលមានប្រហែល១លាន៨០ម៉ឺនគ្រឿង។
ប៉ុន្តែនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីបានត្រឹមតែ ២៦ ម៉ឺនគ្រឿងប៉ុណ្ណោះ ដែលតាមពីក្រោយនៃការលក់បានរបស់ក្រុមហ៊ុន Tesla គឺមានចំនួន ៤២ ម៉ឺនគ្រឿងដោយសារតែក្រុមហ៊ុន Tesla បានបញ្ចុះតម្លៃរថយន្ដរបស់ខ្លួននៅលើទីផ្សារជាច្រើន។
ក្រុមហ៊ុន BYD ត្រូវបានគេកត់សម្គាល់ឃើញថា ហាក់ដូចជាកំពុងបន្ថែមឧបករណ៍ និងបុគ្គលិក ដើម្បីធ្វើឱ្យក្រុមហ៊ុនខ្លួន មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចតាមគោលដៅលក់រថយន្តឱ្យបានចំនួន ៣លាន៦សែនគ្រឿងនៅឆ្នាំនេះ។ ក្រុមហ៊ុននេះ រំពឹងដែរថា ខ្លួននឹងអាចកាត់បន្ថយថ្លៃដើមផលិតកម្ម និងលទ្ធកម្មឱ្យស្របតាមមាត្រដ្ឋានសេដ្ឋកិច្ច។
ក្រុមហ៊ុន BYD ក៏បានមានផែនការក្នុងការបញ្ចេញលក់រថយន្ដម៉ាកប្រណីតរបស់ខ្លួន Yangwang នៅឆ្នាំនេះផងដែរ ដោយបានកំណត់តម្លៃលក់ ចន្លោះពីជាង ១១ម៉ឺន៦ពាន់ដុល្លារដល់ ២១ម៉ឺន៨ពាន់ដុល្លារ៕