ក្រុមហ៊ុន ហ្សេវមី (Xiaomi) របស់ចិនមួយនេះ ត្រូវបានក្រុមហ៊ុន ខាណាលី (Canalys) ដែលជាអ្នកវិភាគទីផ្សារបច្ចេកវិទ្យាសកលលោកដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីរាយការណ៍ថា គឺជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនដ៏ធំលំដាប់ទី៣ បន្ទាប់ពី Apple និង Samsung។
គម្រោងឈានជើងចូលទៅក្នុងទីផ្សាររថយន្ដអគ្គិសនីវៃឆ្លាតរបស់ក្រុមហ៊ុន ហ្សេវមី (Xiaomi)របស់ចិននេះ គឺនៅចំពេលដែលទីផ្សារនេះ កំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ខណៈដែលក្រុមហ៊ុន Apple និង ក្រុមហ៊ុន Huawei ដែលជាគូប្រជែងដ៏ធំរបស់ខ្លួន ក៏លេចឭដំណឹងថា កំពុងមានផែនការនឹងឈានជើងចូលក្នុងការផលិតរថយន្ដអគ្គិសនីដូចគ្នានេះផងដែរ។
ក្រុមហ៊ុន ហ្សេវមី នឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយខ្លួនឯងទាំងស្រុង ជាមួយនឹងការវិនិយោគដំបូងប្រមាណ ១ពាន់៥រយលានដុល្លារ។
នាយកប្រតិបត្តិក្រុមហ៊ុន ហ្សេវមី លោក លី ជុន បាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិភាក្សាគ្នាជាច្រើនជាមួយនឹងដៃគូទាំងអស់របស់ក្រុមហ៊ុន ហើយវាគឺជាគម្រោងវិនិយោគដ៏ធំបំផុតចុងក្រោយមួយ នៃជីវិតសហគ្រិនភាពរបស់លោក។
បច្ចុប្បន្ននៅក្នុងប្រទេសចិនមានក្រុមហ៊ុនរាប់រយរួចទៅហើយដែលបានវិនិយោគ និងប្រកួតប្រជែងគ្នាដណ្ដើមចំណែកទីផ្សាររថយន្ដអគ្គិសនីនេះ។ ក្រៅពីនេះក៏មានក្រុមហ៊ុនប្រទេសជាច្រើនទៀត ក៏កំពុងស្វែងរកការវិនិយោគបង្កើតរោងចក្រផលិតរថយន្ដអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ក្នុងទីផ្សារចិនផងដែរ។
ជាមួយគ្នានោះ ក្រុមហ៊ុន Tesla របស់អាមេរិក ដែលជាក្រុមហ៊ុនខា្នតយក្សផលិតរថយន្ដអគ្គិសនី និង មានលក់នៅក្នុងទីផ្សារជាច្រើននៅទូទាំងពិភពលោកនោះ ក៏បានចាក់គ្រឹះយ៉ាងរឹងមាំរួចហើយដែរនៅក្នុងទីផ្សារប្រទេសចិន ហើយក្រុមហ៊ុននេះ ក៏បានដណ្ដើមបានចំណែកទីផ្សារធំនៅក្នុងប្រទេសចិនរួចហើយដែរ។ ដូច្នេះវាមិនមែនជារឿងងាយស្រួលប៉ុន្មានទេសម្រាប់ក្រុមហ៊ុន ហ្សេវមី ក្នុងការប្រជែងដណ្ដើមទីផ្សាររថយន្ដអគ្គិសនីវៃឆ្លាតនេះ។ យើងនឹងរង់ចាំមើលទាំងអស់គ្នាបន្ដទៀតថា តើក្រុមហ៊ុន ហ្សេវមី នឹងមានអ្វីថ្មី មានអ្វីប្លែកដើម្បីប្រជែងក្នុងទីផ្សាររថយន្ដអគ្គិសនីនេះ៕