ប្រភពព័ត៌មានបានឱ្យដឹងថា សណ្ឋាគារ Sheraton មានកម្ពស់ ១៨ ជាន់មានទីតាំងស្ថិតនៅតំបន់ទុងជុង (Tung Chung) នៅទីក្រុងហុងកុង ដែលបានបើកដំណើរការនៅឆ្នាំ២០២០នេះ ហើយត្រូវបានដាក់លក់នៅក្នុងតម្លៃ ៨២៨ លានដុល្លារអាមេរិក។
សណ្ឋាគារនេះមានបន្ទប់ចំនួន ១ ២១៩ និងមានកន្លែងជួបជុំទាំងក្នុងនិងក្រៅទំហំ ៣ ៤០០ ម៉ែត្រការ៉េ ហើយសណ្ឋាគារ Sheraton ក៏បានជាប់លំដាប់ថ្នាក់សណ្ឋាគារធំបំផុតទី២នៅទីក្រុងហុងកុងផងដែរ បើគិតតាមចំនួនបន្ទប់ ដោយសណ្ឋាគារ Nina Tsuen Wan West បានជាប់លំដាប់កំពូលទី១ ដែលមានបន្ទប់ចំនួនជាង ១ ៦០០ បន្ទប់។
ក្រុមហ៊ុន Shimao ដែលកំពុងស្ថិតក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញចំនួនជិត ១២ ពាន់លានដុល្លារអាមេរិកនោះ បានទិញដីសណ្ឋាគារនេះជាមួយក្រុមហ៊ុន Mingfa Group International នៅក្នុងតម្លៃ ២៣៣ លានដុល្លារក្នុងឆ្នាំ២០១៤។
លោក Tan Ling Wei អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន JLL Hotels & Hospitality Group បាននិយាយថា «ឧស្សាហកម្មសណ្ឋាគារនៅទីក្រុងហុងកុងកំពុងស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញពេញលេញនៅឆ្នាំ២០២៣ ដោយសារការបើកឡើងវិញនូវព្រំដែនរបស់ប្រទេសចិននាពេលថ្មីៗនេះ និងការទម្លាក់ចោលវិធានការទប់ស្កាត់ជំងឺកូវីដ១៩ចុងក្រោយមួយចំនួន។
នីតិវិធីនៃការលក់សណ្ឋាគារ Sheraton នេះនឹងត្រូវធ្វើការដេញថ្លៃចំនួន២ទៅ៣លើកដោយការដេញថ្លៃនៅលើកចុងក្រោយសម្រាប់អ្នកចាប់អារម្មណ៍នឹងត្រូវធ្វើនៅពាក់កណ្តាលខែឧសភា។ នេះបើតាមលោក Jonathan Law អនុប្រធានក្រុមហ៊ុន JLL Hotels & Hospitality Group។
ចំណែកលោក Tan បាននិយាយថា ជាមួយតម្រូវការទេសចរណ៍កើនឡើងខ្លាំង និងមានមូល ដ្ឋានគ្រឹះនៃការជួញដូរសណ្ឋាគារនោះដូច្នេះហើយទីក្រុងហុងកុងគឺជាទីផ្សារវិនិយោគជាប្រវត្តិសាស្ត្រដែលតែងតែមានតម្រូវការយ៉ាងខ្លាំងជាមួយទំហំប្រតិបត្តិការសណ្ឋាគារជាមធ្យមចំនួន ១ ពាន់លានដុល្លារនៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០២២។
ក្រុមហ៊ុន JLL ដែលជាភ្នាក់ងារលក់អចលនទ្រព្យមួយនេះបានរំពឹងថា កម្រិតកិច្ចព្រមព្រៀងសណ្ឋាគារទិញលក់សណ្ឋាគារនៅហុងកុង នឹងកើនឡើង ២៤% នៅឆ្នាំ២០២៣នេះ ដោយសារក្រុមអ្នកវិនិយោគមានទំនុកចិត្តឡើងវិញចំពោះទីផ្សារដែលកំពុងតែរីកចម្រើនមួយនេះ៕