រថយន្តអគ្គិសនី

ទីបំផុត សហភាពអឺរ៉ុបសម្រេចដំឡើងពន្ធលើរថយន្តអគ្គិសនីចិនជាផ្លូវការ ដែលអាចធ្វើឱ្យក្រុងប៉េកាំងចាត់វិធានការសងសឹកវិញ


នៅទីបំផុតសហភាពអឺរ៉ុប បានសម្រេចដំឡើងពន្ធជាផ្លូវការលើរថយន្តអគ្គិសនីចិន រហូតដល់ទៅ៤៥,៣% បន្ទាប់ពីបានបិទបញ្ចប់ការស៊ើបអង្កេតដ៏ធំរបស់ខ្លួន ដែលបានធ្វើឱ្យមានការខ្វែងគំនិតគ្នានៅអឺរ៉ុប ហើយការដំឡើងពន្ធនេះអាចនឹងរុញច្រានឱ្យក្រុងប៉េកាំង ចាត់វិធានការសងសឹក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
រថយន្តអគ្គិសនី
ដោយ

ក្រោយបើកការស៊ើបអង្កេតអស់រយៈពេលជាង១ឆ្នាំលើការប្រឆាំងនឹងការឧបត្ថម្ភធន ទីបំផុតគណៈកម្មការអឺរ៉ុប បានឈានដល់ការសម្រេចជាផ្លូវការក្នុងការដំឡើងពន្ធ៧,៨% សម្រាប់រថយន្តអគ្គិសនី Tesla និង៣៥,៣% សម្រាប់រថយន្តអគ្គិសនីចិន បន្ថែមពីលើពន្ធនាំចូលរថយន្តស្តង់ដារ១០%របស់សហភាពអឺរ៉ុប។ ដូចនេះមានន័យថា ពន្ធសរុបលើរថយន្តអគ្គិសនី Tesla ឈានដល់១៧,៨% ហើយពន្ធសរុបលើរថយន្តអគ្គិសនីចិន ឈានដល់៤៥,៣%។

ពន្ធបន្ថែមនេះត្រូវបានអនុម័តជាផ្លូវការហើយ និងត្រូវបានបោះពុម្ពផ្សាយក្នុងព្រឹត្តបត្រផ្លូវការរបស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ទី២៩ ខែតុលា ដែលមានន័យថា ពន្ធបន្ថែមនេះនឹងចូលជាធរមាននៅថ្ងៃពុធ ទី៣០ ខែតុលា នេះតទៅ។

គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បាននិយាយថា ការយកពន្ធគយ គឺមានភាពចាំបាច់ណាស់ ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនហៅថា ការឧបត្ថម្ភធនមិនយុត្តិធម៌ រួមទាំងការផ្តល់ហិរញ្ញប្បទានអនុគ្រោះ និងជំនួយឥតសំណងក៏ដូចជាការលក់ដីធ្លី អាគុយ និងវត្ថុធាតុដើមក្នុងតម្លៃក្រោមទីផ្សារផងដែរ។

គណៈកម្មការអឺរ៉ុប បានសង្កត់ធ្ងន់ថា សមត្ថភាពផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន ចំនួន៣លានគ្រឿងក្នុងមួយឆ្នាំ គឺស្មើនឹង២ដងបើធៀបនឹងសមត្ថភាពផលិតរថយន្តអគ្គិសនីរបស់ទីផ្សារសហភាពអឺរ៉ុប ដែលនេះគឺមិនសមទំនងទាល់តែសោះ។ ហើយដោយសារពន្ធលើរថយន្តអគ្គិសនីចិន ត្រូវបានដំឡើងរហូតដល់១០០% នៅសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា ការដំឡើងពន្ធលើរថយន្តអគ្គិសនីចិន នៅអឺរ៉ុប ឱ្យឈានដល់៤៥,៣% គឺសមរម្យបំផុតហើយ។

សភាពាណិជ្ជកម្មចិន ប្រចាំសហភាពអឺរ៉ុប បានបង្ហាះពីការខកចិត្តយ៉ាងខ្លាំងចំពោះការដំឡើងពន្ធរបស់សហភាពអឺរ៉ុប ដោយចាត់ទុកការដំឡើងពន្ធនេះថា ជាវិធានការគាំពារនិយម និងធ្វើតាមតែអំពើចិត្តនឹកឃើញ ហើយមានការខកចិត្តចំពោះកង្វះវឌ្ឍនភាពជាដុំកំភួនក្នុងការចរចា ដើម្បីស្វែងរកជម្រើសផ្សេងក្រៅពីពន្ធ។

សូមបញ្ជាក់ថា ក្រុងប៉េកាំងបានចាប់ផ្តើមបើកការស៊ើបអង្កេតផ្ទាល់ខ្លួននៅឆ្នាំនេះទៅលើការនាំចូលស្រាខ្លាំង Brandy ទឹកដោះគោ និងសាច់ជ្រូករបស់សហភាពអឺរ៉ុប ជាការសងសឹក ហើយអាចនឹងមានវិធានការសងសឹកជាបន្តបន្ទាប់ទៀត។ ទន្ទឹមនេះ ក្រុងប៉េកាំង ក៏បានជំទាស់នឹងវិធានការបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបទៀតផងនៅអង្គការពាណិជ្ជកម្មពិភពលោក WTO៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ប្រេស៊ីល និងឥណ្ឌា សុទ្ធតែច្រានចោលមិនចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់មហាយក្សចិន

ប្រទេសប្រេស៊ីល បានសម្រេចជាផ្លូវការមិនចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់មហាយក្សចិន នោះឡើយ ហើយនេះបង្ហាញពីការដើរថយក្រ…

អាជ្ញាធរម៉ាឡេស៊ី កំពុងស៊ើបអង្កេតលើការលក់បង្ខូចថ្លៃចំពោះផលិតផលដែក ដែកថែប និងផ្លាស្ទិក ដែលនាំចូលពីចិន

ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម (Miti) របស់ម៉ាឡេស៊ី កំពុងស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃពាក់ព័ន្ធនឹងផលិតផលដែក ដែកថែប និងប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ