លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានកត់សម្គាល់ឃើញថា តម្រូវការរថយន្តអគ្គិសនីបានហក់ឡើងគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ។ ក៏ប៉ុន្តែ លោកបានគូសបញ្ជាក់ថា កំណើននេះនៅមិនទាន់អាចវ៉ាដាច់រថយន្តប្រើប្រេងឥន្ធនៈបាននៅឡើយទេ ដោយសារកត្តាអវិជ្ជមានមួយចំនួន។ បើតាមលោក ងន សាំង បញ្ហាប្រឈមធំៗរួមមានកង្វះខាតស្ថានីយសាកថ្មនៅតាមបណ្តាខេត្ត និងផ្លូវឆ្ងាយៗ, កង្វះជាងជំនាញ និងគ្រឿងបន្លាស់សម្រាប់ជួសជុល និងភាពមិនច្បាស់លាស់នៃតម្លៃរថយន្តអគ្គិសនីនៅពេលលក់ចេញវិញ។
មិនខុសគ្នានោះទេ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ច កត់សម្គាល់ឃើញថា បច្ចុប្បន្ននេះតម្រូវការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា កំពុងកើនឡើង ជាពិសេសក្នុងចំណោមពលរដ្ឋរស់នៅទីក្រុង ព្រោះការប្រើប្រាស់រថយន្តអគ្គិសនីចំណាយទាបជាងរថយន្តប្រើថាមពលប្រេងឥន្ធនៈ។ សម្រាប់អ្នកជំនាញរូបនេះ កង្វះស្ថានីយសាកថ្មបានក្លាយជាបញ្ហាចោទមួយសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនី ដែលទាមទារឱ្យវិស័យឯកជនចូលរួមជាមួយរដ្ឋាភិបាលវិនិយោគឱ្យមានកន្លែងសាកថ្មរថយន្តអគ្គិសនីឱ្យបានច្រើនទូទាំងប្រទេស ក៏ដូចជាបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ឱ្យបានខ្ពស់បន្ថែមទៀត ទើបអាចរុញឱ្យមានពលរដ្ឋប្រើប្រាស់ច្រើន។
យោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានយានយន្តអគ្គសនីចុះបញ្ជីសរុបចំនួន១៦,២១០គ្រឿងក្នុងនោះរថយន្តមានចំនួន១១,៦៥៦ គ្រឿង ទោចក្រយានយន្តមានចំនួន៣,៨៣២ គ្រឿង និងត្រីចក្រយានយន្តមានចំនួន៧២២គ្រឿង។ យ៉ាងណាមិញតាមរយៈគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ រាជរដ្ឋាភិបាលដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០ ក្នុងនោះរថយន្តអគ្គិសនីចំនួន៣ម៉ឺនគ្រឿង ទោចក្រយានយន្តអគ្គិសនី៧២ម៉ឺនគ្រឿង និងត្រីចក្រយានយន្តអគ្គិសនីចំនួន២ម៉ឺនគ្រឿង។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះអត្រាពន្ធគយនាំចូលរថយន្តអគ្គិសនីដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ពី១៥% មកនៅ០% និងរថយន្តអគ្គិសនីគ្រួសារប្រភេទ PHEV ពី៣៥% មកនៅត្រឹម៧% និងរថយន្តគ្រួសារប្រភេទ EV ពី៣៥% មកនៅ០% ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ៕
អត្ថបទ៖ ជា ម៉ារ៉ា