មេដឹកនាំហ្វីលីពីន

ហ្វីលីពីន ប្រធានប្តូរវេនអាស៊ាន កំពុងផ្ទុះជម្លោះផ្ទៃក្នុង ខណៈជោគវាសនាកូនស្រីលោក ឌូទែតេ ស្ថិតក្នុងភាពមិនច្បាស់លាស់


ហ្វីលីពីន ដែលជាប្រធានប្តូរវេនអាស៊ាន កំពុងជួបប្រទះនឹងវិបត្តិជម្លោះនយោបាយផ្ទៃក្នុងយ៉ាងស្រួចស្រាល់រវាងប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos Jr.) និងអនុប្រធានាធិបតី លោកស្រី សារ៉ា ឌូទែតេ (Sara Duterte)។ កម្តៅនយោបាយនេះ បានឈានដល់ចំណុចរបត់ថ្មីមួយ ខណៈព្រឹទ្ធសភាហ្វីលីពីន បានបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីពិនិត្យលើការដកតំណែងកូនស្រីរបស់លោក ឌូទែតេ។
មេដឹកនាំហ្វីលីពីន
ដោយ

ស្ថានភាពនយោបាយនៅទីក្រុងម៉ានីល នាពេលនេះ កំពុងស្ថិតក្នុងភាពស្រពេចស្រពិលខ្លាំង ដោយព្រឹទ្ធសភា បានចេញដីកាកោះហៅឱ្យលោកស្រី ចូលខ្លួនមកផ្តល់សក្ខីកម្ម ដើម្បីដោះស្រាយការចោទប្រកាន់ក្នុងរយៈពេលយ៉ាងយូរ១០ថ្ងៃ។
ក្រុមអ្នកវិភាគអន្តរជាតិ បានលើកឡើងថា ស្ថានការណ៍នយោបាយនៅហ្វីលីពីន ដែលទើបតែបញ្ចប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានថ្មីៗនេះ កំពុងធ្លាក់ចូលក្នុងភាពស្មុគស្មាញយ៉ាងខ្លាំង ដែលកើតចេញពីការប្រេះឆា និងខ្វែងគំនិតគ្នាយ៉ាងជ្រៅរវាងមេដឹកនាំកំពូលទាំងពីរ។ នៅពេលនេះ ក្រុមអ្នកនយោបាយបក្សកាន់អំណាច ដែលគាំទ្រលោកប្រធានាធិបតី ម៉ាកូស កំពុងរុញច្រានជោគវាសនារបស់លោកស្រី សារ៉ា ឌូទែតេ ឱ្យស្ថិតនៅលើគែមមាត់ជ្រោះ តាមរយៈការប៉ុនប៉ងដកតំណែងលោកស្រីតាមយន្តការព្រឹទ្ធសភា។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅក្នុងកិច្ចប្រជុំនាចុងសប្តាហ៍នេះ ព្រឹទ្ធសភាហ្វីលីពីន បានសម្រេចចេញដីកាកោះហៅជាផ្លូវការបង្គាប់ឱ្យលោកស្រី សារ៉ា ឆ្លើយតប និងបកស្រាយជុំវិញបណ្តឹងចោទប្រកាន់ធ្ងន់ៗជាច្រើន រួមមាន ការក្បត់ទំនុកចិត្តសាធារណៈ, អំពើពុករលួយ និងការរំលោភបំពានរដ្ឋធម្មនុញ្ញ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
គួររំឭកថា ជម្លោះនយោបាយរវាងលោក ម៉ាកូស និងលោកស្រី សារ៉ា ឌូទែតេ បានផ្ទុះឡើង និងទម្លាយជាចំហ បន្ទាប់ពីមានការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទែតេ (Rodrigo Duterte) កាលពីខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីបញ្ជូនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពាក់ព័ន្ធនឹងយុទ្ធនាការបង្ក្រាបគ្រឿងញៀនដ៏ឃោរឃៅក្នុងអាណត្តិរបស់លោក។ កាលពីមុនលោក ម៉ាកូស ធ្លាប់ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីត្រកូល ឌូទែតេ នៅក្នុងការបោះឆ្នោត ប៉ុន្តែសម្ពន្ធភាពនេះបានរលាយសាបសូន្យ ស្របពេលដែលលោកស្រី សារ៉ា ឌូទែតេ ចាប់ផ្តើមរៀបចំយុទ្ធសាស្ត្រ ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតជាតិអាណត្តិក្រោយនាឆ្នាំ២០២៨។
ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកសង្កេតការណ៍យល់ឃើញថា លទ្ធផលចុងក្រោយនៃព្យុះនយោបាយនេះ គឺនៅតែពិបាកទស្សន៍ទាយណាស់ ពីព្រោះលោក អាឡាំង ភីធ័រ ខាយេតាណូ (Alan Peter Cayetano) ដែលជាប្រធានព្រឹទ្ធសភាហ្វីលីពីនបច្ចុប្បន្ន ត្រូវបានគេដឹងថា ជាអតីតសម្ពន្ធមិត្តនយោបាយដ៏ជិតស្និទ្ធរបស់លោក ឌូទែតេ។ ម្យ៉ាងវិញទៀតលោកស្រី សារ៉ា ខ្លួនឯងក៏នៅមានអ្នកគាំទ្រ និងសម្ពន្ធមិត្តគ្រប់គ្រាន់នៅក្នុងព្រឹទ្ធសភា ដែលអាចជាខ្នងបង្អែកជួយឱ្យលោកស្រី រួចផុតពីការដកតំណែងនេះផងដែរ។
អ្នកជំនាញបានសន្និដ្ឋានថា អាជីព និងអនាគតនយោបាយរបស់លោកស្រី សារ៉ា ឌូទែតេ ពេលនេះ គឺស្ថិតនៅក្នុងដៃរបស់សមាជិកព្រឹទ្ធសភាទាំងស្រុង។ ប្រសិនបើលោកស្រី អាចឆ្លងផុតរលកបោកបក់ដ៏ធំមួយនេះបាន នោះវិថីឆ្ពោះទៅរកការដណ្តើមយកកៅអីប្រធានាធិបតីហ្វីលីពីន នៅក្នុងឆ្នាំ២០២៨ ខាងមុខ នឹងកាន់តែមានភាពស្រឡះ និងរឹងមាំជាងមុនជាក់ជាមិនខានឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


គ្រាន់តែក្រុមហ៊ុនបច្ចេកវិទ្យា AI មួយរបស់អាម៉េរិក​ មានទំហំទីផ្សារធំជាង GDP របស់អាល្លឺម៉ង់ទៅទៀត

បញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាតម្រូវការដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់សង្គមមនុស្សទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ជាក់ស្តែងយោងតាមទិន្…

សង្គ្រាមអ៊ីរ៉ង់ ធ្វើឱ្យក្រុមហ៊ុនទូទាំងពិភពលោកខាតបង់ជាង២៥ពាន់លានដុល្លារ

​​សង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានធ្វើឱ្យក្រុមហ៊ុននានា ទូទាំង​ពិភព​លោក​ខាតបង់​ធ្ងន់​ធ្ងរ​រហូតដល់២៥ពាន់លានដុល្លារ ហើយការខាតបង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ