ភាពតានតឹងសំណុំរឿងតៃវ៉ាន់

ស្ថានទូតចិនព្រមានអង់គ្លេសថា អាចនឹងរងគ្រោះធ្ងន់ធ្ងរ ប្រសិនបើហ៊ានទៅទស្សនកិច្ចនៅតៃវ៉ាន់ តាមក្រោយអាមេរិក


ឯកអគ្គរដ្ឋទូតចិនប្រចាំនៅចក្រភពអង់គ្លេសគឺលោក ចេង ចឺហ្គ័ង (Zheng Zeguang) បាននិយាយព្រមានទុកមុនទៅកាន់រដ្ឋាភិបាលអង់គ្លេសថា អង់គ្លេសនឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើសមាជិកសភាប្រទេសនេះហ៊ានទៅទស្សនកិច្ចនៅកោះតៃវ៉ាន់ ពោលគឺនៅក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី មែននោះ។ នេះបើតាមការចុះផ្សាយដោយ The Gaudian។
លោក Zheng Zeguang ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស
ដោយ

នៅក្នុងរបាយការណ៍មួយពីស្ថានទូតចិននៅអង់គ្លេសបាននិយាយថា ដំណើរទស្សនកិច្ចទៅកាន់ដែនកោះតៃវ៉ាន់ គឺជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយនឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរនៅក្នុងទំនាក់ទំនងចិន និងចក្រភពអង់គ្លេស។ កាសែត The Guardian បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតចិនលោកចេង ចឺហ្គ័ង ដែលមានន័យជាខេមរភាសាថា «យើងអំពាវនាវឱ្យភាគីអង់គ្លេសគោរពតាមសេចក្តីថ្លែងការណ៍រួមចិន-អង់គ្លេស ហើយកុំមើលស្រាលស្ថានការណ៍ដ៏រសើប នៃបញ្ហាតៃវ៉ាន់ និងសូមកុំដើរតាមគន្លងរបស់អាមេរិកឱ្យសោះ»។

ការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំអង់គ្លេសយ៉ាងដូច្នេះ បានធ្វើឡើងបន្ទាប់ពីមានលេចលឺដំណឹងមកថា គណៈកម្មាធិការកិច្ចការបរទេសរបស់សភាអង់គ្លេស កំពុងរៀបចំផែនការធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដោយទំនងជាធ្វើឡើងនៅក្នុងខែវិច្ឆិកា ឬដើមខែធ្នូឆ្នាំនេះ។

ទោះយ៉ាងណា គណៈកម្មាធិការកិច្ចការបរទេសរបស់សភាអង់គ្លេស មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបកស្រាយជុំវិញបញ្ហានេះទេ ខណៈការិយាល័យការបរទេសតៃវ៉ាន់ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ។ នេះបើតាមការអះអាងពីសារព័ត៌មានរ៉យទ័រ។

គួរកត់សម្គាល់ថា ការព្រមានខ្លាំងៗពីខាងភាគីចិនចំពោះអង់គ្លេសនេះ បានធ្លាក់មកជួនចំពេលទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ កាន់តែយ៉ាប់យ៉ឺន ក្រោយបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីៗទាំងពីររបស់អង់គ្លេសគឺលោកស្រី Liz Truss និងលោក Rishi Sunak សុទ្ធតែបានបង្ហាញពីជំហរតឹងរ៉ឹងចំពោះប៉េកាំង ស្របពេលដែលពួកគេកំពុងប្រជែងកៅអីជំនួសលោក Boris Johnson ដែលបានលាលែងពីតំណែងកាលពីខែមុន។

គួរជម្រាបថា កោះតៃវ៉ាន់ដែលបច្ចុប្បន្នកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងពីចិនដីគោក ដែលចាត់ទុកកោះមួយនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ស្របតាមគោលនយោបាយចិនតែមួយ ដែលប្រទេសភាគីច្រើនក្នុងលោកទទួលស្គាល់។

ដោយឡែក នៅប៉ុន្មានថ្ងៃមកនេះភាពតានតឹងបានកើនឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ។ ចិនបានចេញមកថ្កោលទោសទង្វើនេះ ហើយចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពតំបន់៕




អត្ថបទបន្ទាប់


តើចិនទម្លាក់ទណ្ឌកម្មសេដ្ឋកិច្ចអ្វីខ្លះលើកោះតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក?

មិនបង្អង់យូរក្រោយពីប្រធានសភាអាមេរិកដាក់ជើងដល់ទឹកដីតៃវ៉ាន់ភ្លាមនៅយប់ថ្ងៃអង្គារ ចិនបានប្រកាសបិទការនាំចូលអាហាររាប់ពាន់មុខពីកោះតៃវ៉ាន់ …

អាមេរិក និងឥណ្ឌូនេស៊ីធ្វើសមយុទ្ធរួមគ្នា ចំពេលចិនកំពុងធ្វើប្រតិបត្តិយោធានៅជុំវិញតំបន់កោះតៃវ៉ាន

យោធាសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ីបានចាប់ផ្តើមសមយុទ្ធប្រយុទ្ធរួមគ្នាប្រចាំឆ្នាំនៅថ្ងៃពុធសប្ដាហ៍នេះនៅលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី ដែលជាការរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ