ការនាំចេញអង្ករ

តើផែនការនាំចេញអង្ករឱ្យបាន១លានតោនអាចរាំងស្ទះទេ ក្រោយស្រូវរាប់ម៉ឺនហិកតារងការវាយប្រហារពីទឹកជំនន់?


ឥទ្ធិពលព្យុះ ស៊ូរីហ្គាអេ ដែលបោកបក់ចេញពីមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានបង្កឱ្យមានភ្លៀងធ្លាក់ទំហំធំជាប់ៗគ្នា និងបង្កជាគ្រោះទឹកជំនន់នៅក្នុងខេត្តចំនួន១០នៃប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិកររាប់ម៉ឺនហិកតា។ ស្របពេលដែលកម្ពុជាកំពុងពន្លឿនល្បឿនដើម្បីសម្រេចមហិច្ឆតានាំចេញអង្ករឱ្យបាន១លានតោននៅឆ្នាំ២០២៦ នេះ តើគ្រោះធម្មជាតិដែលបានវាយប្រហារលើផ្ទៃដីកសិកម្មយ៉ាងច្រើននេះនឹងក្លាយជាកត្តារាំងស្ទះដល់ផែនការនេះឬយ៉ាងណា?
ការនាំចេញអង្ករ
ដោយ

ឧកញ៉ា​ ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា ផែនការនាំចេញអង្ករឱ្យបាន១លានតោនរបស់កម្ពុជានៅឆ្នាំនេះនៅតែអាចសម្រេចបានទៅតាមផែនការ បើទោះបីជាដំណាំស្រូវប្រមាណ៥ម៉ឺនហិកតាបានរងផលប៉ះពាល់ដោយសារបញ្ហាទឹកជំនន់នៅប៉ុន្មានថ្ងៃមកនេះក៏ដោយ។ ការបង្ហាញក្តីរំពឹងបែបនេះរបស់ប្រធានសហព័ន្ធស្រូវអង្ករ ក៏ដោយសារតែការច្រូតកាត់ប្រមូលផលស្រូវភាគច្រើនស្រូវនៅរដូវនេះត្រូវបានបិទបញ្ចប់រួចហើយ ជាពិសេសប្រភេទពូជស្រូវ OM ស្រង៉ែ និងសែនក្រអូបជាដើម។ យ៉ាងណាមិញប្រធានសហព័ន្ធរូបនេះមិនទាន់អាចវាយតម្លៃពីទំហំស្រូវ ដែលរងការខូចខាតជាក់ស្តែងដោយសារបញ្ហាគ្រោះទឹកជំនន់បាននៅឡើយទេ ពោលគឺត្រូវរង់ចាំមើលរហូតដល់ពេលទឹកស្រកចុះវិញសិន។

ជាមួយគ្នានេះ លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិ នៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្មបានគូសបញ្ជាក់ថា ទោះបីជាដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅពុំទាន់អាចវាយតម្លៃបានថា នឹងខូចខាតទាំងស្រុងក៏ដោយ ប៉ុន្តែប្រសិនបើការជន់លិចនេះនៅតែបន្តអូសបន្លាយពេលយូរ វានឹងអាចបង្កឱ្យមានការខូចខាតផលស្រូវក្នុងទ្រង់ទ្រាយធំ ដែលវានឹងអាចធ្វើឱ្យប៉ះពាល់ដល់ផែនការនាំចេញអង្ករឱ្យបាន១លានតោនរបស់កម្ពុជានៅឆ្នាំនេះ។ បើតាមអ្នកជំនាញរូបនេះ ក្នុងបរិបទដែលការប្រែប្រួលអាកាសធាតុកាន់តែមានភាពធ្ងន់ធ្ងរ ភាគីពាក់ព័ន្ធគួរបង្កើនការយកចិត្តទុកដាក់ និងជំរុញការវិនិយោគលើប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកឱ្យបានកាន់តែប្រសើរ ដើម្បីឱ្យប្រជាកសិករអាចត្រៀមខ្លួនបត់បែនឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយហានិភ័យបង្កដោយទឹកជំនន់ ឬគ្រោះរាំងស្ងួតដែលអាចកើតមាននាពេលខាងមុខ។

បើតាមការបញ្ជាក់របស់លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា មានខេត្តចំនួន១០បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃជាប់ៗគ្នា បន្ទាប់ពីកម្ពុជារងឥទ្ធិពលពីព្យុះ ស៊ូរីហ្គាអេ ដែលបានបោកបក់ចេញពីមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ទឹកជំនន់នេះបានបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង៤៤,៨០០គ្រួសារ ផ្ទះជាង៤០,០០០ខ្នង និងស្រូវជិត៥០,០០០ហិកតា ខណៈពលរដ្ឋជាង៣,៦០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

គួរជម្រាបថា នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៦ កម្ពុជាសម្រេចបានការនាំចេញអង្ករជិត៨០ម៉ឺនតោនទៅកាន់ទីផ្សារ៦៦គោលដៅនៅលើពិភពលោកជាមួយទំហំទឹកប្រាក់ជាង៤៦៤លានដុល្លារ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕




អត្ថបទបន្ទាប់


តើការចំណាយរបស់ពលរដ្ឋក្នុងពិធីបុណ្យភ្ជុំបិណ្ឌអាចជួយជំរុញសកម្មភាពសេដ្ឋកិច្ចកម្រិតណា?

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា។ ជារៀងរាល់ឆ្នាំនៅក្នុងឱកាសប…

តើការប្រើម៉ាស៊ីនទំនើប និងរថយន្តអគ្គិសនីអាចជួយបង្កើតការផលិត និងសន្សំសំចៃរបស់អាជីវកម្មក្នុងបានកម្រិតណា?

អ្នកជំនាញក្នុងវិស័យផលិតកម្ម និងធុរកិច្ចបានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ