កញ្ញា ស្តុក សុខស្រីម៉េង ប្រធានផ្នែកផលិតកម្មខ្នាតតូចនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េបានឱ្យដឹងថា មជ្ឈមណ្ឌលមានកម្មវិធីគាំទ្របច្ចេកទេសវេចខ្ចប់ដោយឥតគិតថ្លៃសម្រាប់អ្នកផលិតក្នុងស្រុក ដែលមានសមត្ថភាពផលិតផលិតផលដោយខ្លួនឯង ប៉ុន្តែខ្វះខាតម៉ាស៊ីនសម្រាប់ជួយសម្រួលដល់ការវេចខ្ចប់។ កម្មវិធីនេះមិនត្រឹមតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យអ្នកផលិតដែលចង់ស្វែងយល់ពីរបៀបប្រើប្រាស់ម៉ាស៊ីនវេចខ្ចប់អាចមកសាកល្បងដំណើរការផលិតដោយផ្ទាល់ផងដែរ។ បើតាមការបញ្ជាក់របស់កញ្ញា ស្តុក សុខស្រីម៉េង កម្មវិធីនេះទទួលបានជំនួយពីសាធារណរដ្ឋកូរ៉េតាមរយៈក្រសួងឧស្សាហកម្ម។
ជាមួយគ្នានេះលោក ថេន ម៉េងហ៊ួង ប្រធានផ្នែកលក់ នៃក្រុមហ៊ុន Car4you បានលើកឡើងថា រថយន្តអគ្គិសនីកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងវិស័យដឹកជញ្ជូន ដោយសារប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល និងសមត្ថភាពជួយកាត់បន្ថយចំណាយ ជាពិសេសក្នុងពេលដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោកកំពុងកើនឡើង។ លោកបានបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនីដឹកជញ្ជូនអាចជួយសន្សំសំចៃចំណាយបានរហូតដល់៧០%។ ជាក់ស្តែងអតិថិជនរបស់ក្រុមហ៊ុនលោកមួយចំនួនបានកាត់បន្ថយចំណាយលើការដឹកជញ្ជូនពីប្រមាណ៤៥០ដុល្លារក្នុងមួយខែមកនៅត្រឹម៥០ទៅ៧០ដុល្លារប៉ុណ្ណោះ បន្ទាប់ពីប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី។ លោករំពឹងថា នៅពេលអនាគត រថយន្តអគ្គិសនីនឹងកាន់តែមានតួនាទីសំខាន់ក្នុងការសម្រួលដល់ប្រតិបត្តិការដឹកជញ្ជូន និងជួយកាត់បន្ថយចំណាយរបស់អាជីវកម្ម។
ដោយឡែកលោក ញិវ សុភ័ក្រ្ត វិស្វករផ្នែកលក់ នៃក្រុមហ៊ុន MELCHERS Cambodia យល់ឃើញថា ការផលិត និងវេចខ្ចប់ផលិតផលកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសត្រូវការបច្ចេកវិទ្យាទំនើបមកជួយសម្រួលដល់ដំណើរការផលិត ដើម្បីធានាគុណភាពផលិតផល កាត់បន្ថយពេលវេលា និងបង្កើនសមត្ថភាពផលិតកម្ម។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុននាំចូលម៉ាស៊ីនសម្រាប់គាំទ្រដល់ឧស្សាហកម្មផលិតចំណីអាហារ ភេសជ្ជៈ និងវិស័យឧស្សាហកម្មផ្សេងៗទៀត ដែលបានប្រតិបត្តិការអស់រយៈពេល១០ឆ្នាំមកហើយ។ ក្នុងចំណោមម៉ាស៊ីនទាំងនោះមានម៉ាស៊ីនបោះពុម្ពលេខបាកូដ កាលបរិច្ឆេទផលិត និងថ្ងៃផុតកំណត់ ដែលត្រូវបានទទួលស្គាល់ដោយក្រសួង និងស្ថាប័នពាក់ព័ន្ធ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Informa Markets បានសហការរៀបចំវេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦ ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងអ្នកជំនាញផ្នែកវេចខ្ចប់ ដើម្បីជំរុញការកែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ដោយផ្សារភ្ជាប់កិច្ចពិភាក្សាគោលនយោបាយ និងឧស្សាហកម្ម ជាមួយនឹងបច្ចេកវិទ្យា និងសេវាកម្ម ដែលអាចអនុវត្តបានជាក់ស្តែងក្រោមប្រធានបទ «ការវេចខ្ចប់៖ ជំហានចុងក្រោយដើម្បីចូលទៅកាន់ទីផ្សារ»៕
អត្ថបទដោយ៖ ជា ម៉ារ៉ា