ជាលទ្ធផល ទីផ្សារក្នុងប្រទេសនានាជុំវិញពិភពលោកមានជោរជន់ទៅដោយទំនិញចិនថោកៗ ដែលបណ្ដាលឱ្យអាជីវកម្មក្នុងស្រុកជួបការលំបាកក្នុងការប្រកួតប្រជែង ឬក្នុងករណីធ្ងន់ធ្ងរឈានទៅដល់ការក្ស័យធនតែម្ដង។ ដូចនេះ ដើម្បីជួយស្រោចស្រង់អាជីវកម្មក្នុងស្រុក តំបន់អាស៊ីអាគ្នេយ៍ កំពុងចាត់វិធានការក្ដៅគគុក ដើម្បីទប់រំហូរចូលយ៉ាងគំហុក នៃទំនិញនាំចូលថោកៗរបស់មហាយក្សចិន។
តំបន់អាស៊ីអាគ្នេយ៍កំពុងចាត់វិធានការក្ដៅគគុក ដើម្បីទប់រំហូរចូលយ៉ាងគំហុកនៃទំនិញនាំចូលថោកៗរបស់មហាយក្សចិន ជាពិសេសតាមរយៈ Platform លក់ទំនិញតាមប្រព័ន្ធអនឡាញ ឬ E-commerce។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។ តួយ៉ាង ប្រទេសឥណ្ឌូណេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន គ្រោងនឹងយកពន្ធរហូតដល់ទៅ២០០% លើទំនិញក្រណាត់នាំចូលពីចិន ដើម្បីការពារឧស្សាហកម្មក្នុងស្រុក។ ទន្ទឹមនេះប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ាន និងប្រទេសម៉ាឡេស៊ី ក៏បានកំណត់យកពន្ធថ្មីលើការទិញទំនិញតាមប្រព័ន្ធអនឡាញពីចិនផងដែរ។
វិធានការឆ្លើយតបយ៉ាងក្ដៅគគុកនេះ គឺដោយសារតែរំហូរចូលយ៉ាងគំហុកនៃទំនិញនាំចូលថោកៗរបស់ចិន កំពុងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្មករ និយោជិត និងអាជីវកម្មក្នុងស្រុក ដូចដែលបានឃើញនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលកម្មករនិយោជិតរហូតដល់ទៅ៤ម៉ឺន៩ពាន់នាក់ ត្រូវបានបញ្ឈប់ពីការងារនៅក្នុងវិស័យវាយនភណ្ឌ និងស្បែកជើងនៅឆ្នាំនេះ ដោយសារការលក់ធ្លាក់ចុះខ្លាំង។ ទំនិញនាំចូលថោកៗ ជាពិសេសតាមរយៈ Platform ទិញទំនិញតាមប្រព័ន្ធអនឡាញដូចជា Shopee និង TikTok Shop ជាដើម កំពុងតែធ្វើឱ្យឧស្សាហកម្មក្នុងស្រុកជួបការលំបាកខ្លាំង។
ទោះជាយ៉ាងណា ខណៈដែលកំពុងស្វះស្វែងការពារទីផ្សារក្នុងស្រុក បណ្ដារដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏កំពុងទាក់ទាញការវិនិយោគរបស់ចិន ផងដែរ នៅក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់។ យោងតាមទិន្នន័យផ្លូវការបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់តំបន់អាស៊ីអាគ្នេយ៍ជាមួយប្រទេសចិន កំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដែលជំរុញឱ្យមានការត្រួតពិនិត្យបន្ថែមទៀតលើគោលនយោបាយពាណិជ្ជកម្ម និងការនាំចូល៕
ដោយ: តែម សុខុម