យ៉ាងណាមិញ សម្រាប់អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយនៅប្រទេសថៃ មើលឃើញថា ដំណើរទស្សនកិច្ចនេះ វាឆ្លុះបញ្ចាំងឲ្យឃើញ ពីការប្រជែងឥទ្ធិពលរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ិនតោន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
លោក Sitthiphon Kruarattikan នាយកវិទ្យាស្ថានសិក្សាអាស៊ីបូព៌ា និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Thammasat Studies បាននិយាយថា ដំណើរទស្សនៈកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ទំនងជាផ្នែកមួយនៃការប្រកួតប្រជែងឥទ្ធិពលរបស់ចិន ជាមួយសហរដ្ឋអាមេរិក។ លោកបាននិយាយថា ប្រទេសដែលលោក Wang Yi ធ្វើទស្សនកិច្ចនៅ២សប្ដាហ៍នេះនៅតំបន់អាស៊ីអាគ្នេយ៍ គឺសុទ្ធសឹងជាប្រទេស ដែលទីក្រុងប៉េកាំង និង ទីក្រុងវ៉ាស៊ីនតោន កំពុងប្រកួតប្រជែងគ្នាដើម្បីពង្រីកភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការ នៅពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែកើនឡើង។
បើយោងតាមការផ្សាយរបស់សារព័ត៌មានចិនកាសែត People's Daily ទំនាក់ទំនងការទូតរបស់ប្រទេសចិនចាប់ពីត្រីមាសទីពីរតទៅនឹងផ្តោតលើតំបន់អាស៊ី និង អាស៊ានជាពិសេសតែម្ដង។
លោក Sitthiphon បាននិយាយថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនរូបនេះ មកកាន់តំបន់អាស៊ីថ្មីៗនេះ គឺដើម្បីវាយតម្លៃថាតើប្រទេសក្នុងតំបន់អាស៊ីមានទស្សនៈយ៉ាងណាចំពោះទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសចិននិងសហរដ្ឋអាមេរិក។ លោកបានបន្តថា ទោះជាយ៉ាងណា ចិនទំនងជាមិនបង្ខំប្រទេសអាស៊ានណាមួយឲ្យចូលខាងខ្លួននោះទេ។
លោក Piti Srisaengnam នាយកផ្នែកកិច្ចការសិក្សានៅមជ្ឈមណ្ឌលសិក្សាអាស៊ាននៃសាកលវិទ្យាល័យChulalongkorn បាននិយាយថា ការដាក់បញ្ចូលប្រទេសថៃនៅក្នុងដំណើរទស្សនកិច្ចរបស់លោក Wang Yi ឆ្លុះបញ្ចាំងអំពីអព្យាក្រឹតការទូតរបស់ប្រទេសថៃ។
មែនទែនទៅ ប្រទេសថៃការពារផលប្រយោជន៍របស់ខ្លួន ដោយមិនជ្រើសរើសភាគី និងព្យាយាមធ្វើឱ្យមានតុល្យភាពអំណាច ដែលជាមូលហេតុ ដែលមន្ត្រីកំពូលៗមកពីប្រទេសចិន និង សហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ក្នុងការមកទស្សនកិច្ចនៅប្រទេសនេះ។
គួរសង្កេតឃើញថា មុនដំណើរទស្សនកិច្ចរបស់លោក Wang Yi រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ក៏បានធ្វើទស្សនកិច្ចនៅទីក្រុងបាងកក ដើម្បីពិភាក្សាអំពីសន្តិសុខម្តងរួចទៅហើយ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងធ្វើទស្សនកិច្ចក្នុងប្រទេសថៃម្តងទៀត បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់កោះបាលីក្នុងប្រទេសឥណ្ឌូនេស៊ី។
នាយកផ្នែកកិច្ចការសិក្សានៅមជ្ឈមណ្ឌលសិក្សាអាស៊ានលោក Piti បាននិយាយថា
ក្នុងឱកាសខួប១០ឆ្នាំនៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ថៃ ប្រទេសទាំងពីរទំនងជាកសាងខ្សែចង្វាក់តម្លៃដ៏រឹងមាំ និងពង្រឹងទំនាក់ទំនងជាមួយគ្នា ដើម្បីផលប្រយោជន៍រួម។
លោកបានបន្តថា ក្នុងកំឡុងពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងរបាំងពាណិជ្ជកម្ម ទីក្រុងប៉េកាំងត្រូវការប្រទេសថៃ និងអាស៊ានជាវេទិកាសម្រាប់ធ្វើពាណិជ្ជកម្មជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិក ។
យោងតាមក្រុមអ្នកវិភាគ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចទាំងពីរកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយមើលឃើញលើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំង ២ ទៅកាន់ប្រទេសថៃ សិង្ហបុរី វៀតណាម និងឥណ្ឌូនេស៊ី ដែលជាទីតាំងយុទ្ធសាស្ត្រនៅក្នុងតំបន់។
គួរជម្រាបថា ទំនាក់ទំនងចិន និង ថៃនៅតែស្ថិតក្នុងកម្រិតធម្មតា ខណៈប្រទេសថៃត្រូវបានគេរំពឹងទុកថាទីក្រុងប៉េកាំងនឹងព្យាយាមពង្រឹងទំនាក់ទំនងបន្ថែមទៀត ដោយសារតែបារម្ភពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។ ទោះយ៉ាងណា រាជរដ្ឋាភិបាលថៃទំនងជាមិនទទួលយកនោះទេ ប៉ុន្តែប្រទេសថៃត្រូវបានគេចាត់ទុកថា កំពុងខិតទៅជិតសហរដ្ឋអាមេរិកដែលនៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសនេះ។ ថ្វីបើបែបនេះក្តី ប្រទេសចិននឹងប្រើប្រាស់ផលប្រយោជន៍សេដ្ឋកិច្ចរួម និងការវិនិយោគជាឧបករណ៍មួយក្នុងការចូលរួមជាមួយប្រទេសថៃ និងពង្រឹងទំនាក់ទំនងផងដែរ៕