លោក Wang Yi បានថ្កោលទោសថា យុទ្ធសាស្ត្ររបស់អាមេរិកទប់ទល់នឹងចិន មានចេតនាចង់បង្កើតសង្គ្រាមត្រជាក់ជាមួយទីក្រុងប៉េកាំង ហើយបាននិយាយថា សហរដ្ឋអាមេរិកទៅវិញទេ ដែលជាប្រភពនៃភាពវឹកវរ ដែលអង្រួនឲ្យសណ្តាប់ធ្នាប់អន្តរជាតិរង្គោះរង្គើនាពេលបច្ចុប្បន្ន និង ជាឧបសគ្គដល់ការឈានទៅមុខនៃលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ។
ការកត់សម្គាល់របស់លោក Wang Yi បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសុន្ទរកថារបស់លោក Blinken ដែលចោទប្រកាន់ប្រទេសចិនថា បានធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់ពិភពលោក ហើយរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះក៏បានសន្យាទៀតថា នឹងធ្វើការកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ទីក្រុងប៉េកាំង។
ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីជី ជាផ្នែកនៃដំណើរទេសចរណ៍ប្រាំបីប្រទេសនៅប៉ាស៊ីហ្វិកខាងត្បូង លោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំងចង់ប្រាប់ភាគីអាមេរិកថា ទំនាក់ទំនងចិន និង អាមេរិក មិនមែនជាល្បែងចង់ឈ្នះតែឯង ឲ្យគេចាញ់ខ្លួនតែរហូតនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងការបរទេសចិន។
លោក Wang Yi បានអះអាងថា ក្រុងប៉េកាំងនឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំឡើយ ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សន្តិសុខ និង ផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន។ លោកបានបន្តថា ចិនមានឆន្ទៈក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមិនមែនប្រើមធ្យោបាយសាហាវឃោរឃៅនោះទេ។
គួររំឭកថា កាលពីថ្ងៃទី ២៦ ឧសភា លោក Blinken បានថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ George Washington ដោយពណ៌នាប្រទេសចិនថាជា ប្រទេសតែមួយគត់ដែលកំពុងបង្កើនអំណាចសេដ្ឋកិច្ច ការទូត យោធា និង បច្ចេកវិទ្យាកាន់តែខ្លាំង ខណៈគោលនយោបាយខ្លះនឹងប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិនាពេលខាងមុខ។ ទន្ទឹមនឹងនោះ លោក Blinken បានគូសបញ្ចាក់ថា សហរដ្ឋអាមេរិកមិនបានចង់បង្កើតសង្គ្រាមត្រជាក់ថ្មី ចំពោះប្រទេសចិននោះទេ ប៉ុន្តែអាមេរិកបានបង្កើត និង អនុវត្តយុទ្ធសាស្ត្រដ៏ទូលំទូលាយឆ្ពោះចំពោះទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់ឥទ្ធិពលប្រទេសចិន។
គួរជម្រាបថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ឥឡូវនេះត្រូវបានជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នាដ៏តឹងតែងបំផុតរបស់ពួកគេ ដែលមិនធ្លាប់មាន ហើយភាពតានតឹងនេះ កំពុងកើតមានឡើងស្ទើរតែគ្រប់វិស័យទាំងអស់ រាប់ចាប់តាំងពីពាណិជ្ជកម្ម បច្ចេកវិទ្យា និង ឧត្តមភាពយោធា រហូតដល់មនោគមវិជ្ជាផងដែរ៕