ការស្នើឡើងរបស់និយ័តករចិនបែបនេះ បានធ្វើឲ្យអ្នកវិនិយោគជាច្រើនមានការបារម្ភអំពីការអូសបន្លាយយូរនៃការបង្ក្រាបពីសំណាក់រដ្ឋាភិបាលចិនទៅលើក្រុមហ៊ុនច្ចេកវិទ្យាយក្សៗ ខណៈដែលកន្លងមកក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ចិនជាច្រើនត្រូវបានរងការបង្ក្រាបយ៉ាងចាស់ដៃពីអាជ្ញាធរចិន។
ការស្នើឡើងរបស់និយ័តករចិន ដើម្បីត្រួតពិនិត្យការវិនិយោគរបស់ក្រុមហ៊ុនរដ្ឋ ដែលមានវិនិយោគ និងមានជាប់ទងនឹងក្រុមហ៊ុន Ant Group របស់មហាសេដ្ឋីចិន Jack Ma នេះ គឺបានធ្វើឡើងកាលពីសប្ដាហ៍មុននេះ ប៉ុន្ដែ គេមិនច្បាស់នៅឡើយទេថា តើក្រុមហ៊ុនទាំងនោះ ត្រូវបានអាជ្ញាធរបានកំណត់ថ្ងៃឲ្យមានការបញ្ជូនឯកសារទៅឲ្យអាជ្ញាធរឬក៏អត់នោះទេ។ ហើយគេក៏មិនទាន់ដឹងដែរថា បើក្រុមហ៊ុនទាំងនោះខកខានការផ្ដល់ឯកសារទាំងនោះ តើអាជ្ញាធរនឹងមានចំណាត់អ្វីបន្ដទៀតនោះដែរ។
មែនទែនទៅ ក្រុមហ៊ុន Ant Group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba ត្រូវបានទទួលរងនូវការរៀបចំរចនាសម្ព័ន្ធឡើងវិញពីសំណាក់រដ្ឋអំណាចក្រុងប៉េកាំង ក្រោយការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO របស់ក្រុមហ៊ុននេះចំនួន ៣៧ ពាន់លានដុល្លារ ត្រូវបានផ្អាកដំណើរការ ព្រោះតែត្រូវមានការត្រួតពិនិត្យឡើងវិញពីនិយ័តករចិន កាលពីចុងឆ្នាំ ២០២០។
ចាប់តាំងពីការលុបចោលការបោះផ្សាយ IPO មក ក្រុមហ៊ុន Ant Group ដែលគ្រប់គ្រងដោយស្ថាបនិកមហាសេដ្ឋី ជេក ម៉ា បានចាប់ផ្តើមផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលត្រូវបានតម្រូវដោយបទប្បញ្ញត្តិជាច្រើនរបស់រដ្ឋាភិបាល។
ការដាក់ចេញនូវបទបញ្ញត្តិថ្មីៗរបស់និយ័តករចិន គឺកើតមានឡើងនៅពេលដែលអាជ្ញាធរបន្ដដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីបន្ថែមទៀត សម្រាប់វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសចិន ដែលវិស័យនេះត្រូវបានរងកការបង្ក្រាបពីសំណាក់រដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រោះតែរដ្ឋាភិបាលចិន ចង់រក្សាហានិភ័យហិរញ្ញវត្ថុឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
វិធានការរបស់រដ្ឋាភិបាលចិនចុងក្រោយនេះ ក៏បានបន្ថែមក្ដីព្រួយបារម្ភកាន់តែខ្លាំងពីសំណាក់អ្នកវិនិយោគ ដោយសារពួកគេបារម្ភថា ទីក្រុងប៉េកាំងអាចនឹងបន្តការគៀបសង្កត់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាកាន់តែខ្លាំងនៅក្នុងឆ្នាំនេះ ដែលវាអាចនឹងបង្កឱ្យការលក់ភាគហ៊ុននៅក្នុងវិស័យបច្ចេកវិទ្យាមានការធ្លាក់ចុះ។
គួរជម្រាបថា កាលពីខែមុន ក្រុមហ៊ុន China Cinda ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដ៏ធំបំផុតមួយក្នុងប្រទេសចិនបានប្រកាសលុបចោលកិច្ចព្រមព្រៀងទិញភាគហ៊ុន ២០% ក្នុងតម្លៃ ៩៤៤លានដុល្លារ ពីក្រុមហ៊ុន Ant Groupដោយសារតែរងសម្ពាធពីអាជ្ញាធររដ្ឋចិន៕
អត្ថបទ ស៊ើង និមល់