ការវិនិយោគនេះ គឺដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន ដែលសព្វថ្ងៃ ប្រភេទចេកអំបូងលឿងនេះកំពុងតែមានតម្រូវការទីផ្សារខ្ពស់ ខណៈប្រទេសចិនជាប្រទេសដែលមានវិនិយោគលើដំណាំចេកនាំចេញច្រើនជាងគេមួយ បន្ទាប់ពីប្រទេសហ្វ៊ីលីពីនកំពុងតែជួបប្រទះនូវឧបសគ្គ និងហានិភ័យផ្សេងៗ ដូចជា ជំងឺស្លឹកលឿង និង ការប្រែប្រួលអាកាសធាតុត្រជាក់ខ្លាំង បានធ្វើឲ្យផ្ទៃដីដាំដុះ និងទិន្នផលមានការថយចុះយ៉ាងខ្លាំងនៅពេលបច្ចុប្បន្ន។
ការវិនិយោគនេះ អាចរាប់ចាត់ទុកថា ជាការវិនិយោគដ៏ធំជាងគេមួយមិនធ្លាប់មានក្នុងប្រវតិ្តសាស្រ្តរបស់ប្រទេសកម្ពុជា ក្នុងការវិនិយោគទៅលើការដាំចេកអំបូងលឿង ពិសេសដែលជាពូជចុងក្រោយ ដែលទើបតែសម្រេចបានមកពីការស្រាវជ្រាវនិងពិសោធន៍ ថាមានគុណភាពខ្ពស់។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការវិនិយោគដំណាំចេកអំបូងលឿងនៅកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិនេះ គឺជាការវិនិយោគរួមគ្នារវាងម្ចាស់ភាគហ៊ុនខ្មែរ ដែលមានឧកញ៉ាជាអ្នកជំនួញល្បីៗប្រាំរូបនៅពីក្រោយ និងភាគីចិនដែលមានអ្នកជំនួញល្បីៗ និងអ្នកជំនាញស្រាវជ្រាវ និង ដំណាំចេកមកពីប្រទេសចិន។ ភាគីខ្មែរនិងចិនបានសម្រេចអនុម័តបង្កើតឈ្មោះក្រុមហ៊ុនថ្មី ថា ឡងមេត អេហ្គ្រីខលឈ័រ (Longmate Agriculture) ដែលលោកឧកញ៉ា ផែ ហុក ឈួន ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ។
ក្នុងពិធីក្រុងពាលីនិងដំណើរការតំណក់ទឹកដំបូងកសិដ្ឋានចម្ការចេក ឡង មេត អេហ្គ្រីខលឈ័រ ថ្មីៗនេះ លោកឧកញ៉ា ផែ ហុក ឈួន ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ បានមានប្រសាសន៍ថា ការសម្រេចចិត្តបោះទុនវិនិយោគរួមគ្នាជាមួយចិន ក្នុងការដាំដំណាំចេកអំបូងលឿងពិសេសដំបូងគេ នៅកម្ពុជានេះ ដោយសារតែឧកញ៉ាបានជឿជាក់យ៉ាងខ្លាំងទៅលើដៃគូវិនិយោគជាភាគីចិនដែលមានបទពិសោធន៍ខ្ពស់ទៅលើការស្រាវជ្រាវ និងការដាំចេកនេះ។
ពិសេសជាងនេះទៅទៀតដោយសារតែប្រទេសកម្ពុជាមានអាកាសធាតុល្អ គួបផ្សំជាមួយទឹកដីល្អនៅស្រុកឈូក ខេត្តកំពតនេះតែម្តង ដែលសមស្របទៅនឹងដំណាំចេកនេះ។ លោកឧកញ៉ា ផែ ហុកឈួន បានជឿជាក់ជាមួយនឹងការវិនិយោគដំណាំចេកដ៏ធំដំបូងគេនៅកម្ពុជានេះដែរ គឺជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ការងារ កាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយកាត់បន្ថយការចំណាកស្រុកផងដែរ។
លោកឧកញ៉ាបានបញ្ជាក់ទៀតថា នេះជាក្តីសង្ឃឹមយើងទាំងអស់គ្នាក្នុងការចូលរួមចំណែកជំរុញវិស័យកសិកម្មកម្ពុជា លោកឧកញ៉ា នឹងធ្វើឲ្យកសិដ្ឋានចេកដ៏ធំជាងគេមួយនេ ក្លាយជាកសិដ្ឋានគំរូមួយនៅក្នុងតំបន់អាស៊ី សម្រាប់ជាមុខមាត់ប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់គ្នាផងដែរ ដោយផ្អែកទៅលើម្ចាស់ភាគហ៊ុន និងធនធានមនុស្សរបស់ក្រុមហ៊ុនសុទ្ធសឹងជាអ្នកជំនាញបចេ្ចកទេសខ្ពស់ក្នុងការដាំដុះដំណាំចេកច្បាស់លាស់ និងមានគោលនយោបាយផែនការយុទ្ធសាស្ត្រត្រឹមត្រូវយូរអង្វែងប្រកបដោយប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុននិងទីផ្សារ។
ដោយឡែកលោកសាស្ត្រាចារ្យ លី ស៊ាវ ឈាន ដែលជាម្ចាស់ភាគហ៊ុនភាគីចិន និងជានាយកគ្រប់គ្រងកសិដ្ឋានចេករបស់ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ បានលើកឡើងដែរថា មូលហេតុដែលលោកសម្រេចចិត្តមកបោះទីតាំងវិនិយោគដាំចេកនៅកម្ពុជានេះទី១ ដោយសារប្រទេសចិនមានការកាត់បន្ថយដាំចេកពីព្រោះតែចេកមានរោគស្លឹកលឿងច្រើន ខណៈដែលចេកមានតម្រូវការកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយអ្វីដែលលោក លី ស៊ាវ ឈាន មានទំនុកចិត្តមកធ្វើការវិនិយោគនៅទីនេះដោយសារតែប្រទេសកម្ពុជាមានអាកាសធាតុល្អ ក្តៅហើយសើមមិនត្រជាក់ខ្លាំង ដីល្អ អាចនិយាយបានថា នៅកម្ពុជាទឹកដីនិងអាកាសធាតុប្រហាក់ប្រហែលទៅនឹងប្រទេសហ្វ៊ីលីពីនដែលជាប្រទេសដាំចេកនិងនាំចេកច្រើនជាងគេបំផុតនៅលើពិភពលោក។
ជាមួយនឹងការវិនិយោគលើកសិដ្ឋានចេកនៅស្រុកឈូក ខេត្តកំពតនេះដែរ បុគ្គលិកនិងកម្មករប្រមាណ ៣០០នាក់ សុទ្ធតែត្រេកអរនិងគម្រោងវិនិយោគដ៏ធំនេះ ពីព្រោះវាបានផ្តល់ការងារនិងប្រាក់ខែសមរម្យបូករួមនឹងលក្ខខណ្ឌការងារល្អប្រសើរ ជាពិសេស នៅជិតផ្ទះរបស់គេផងដែរ៕