នៅក្នុងកិច្ចប្រជុំ G20 នោះដែរ លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានសន្យាផ្តល់មូលនិធិរហូតដល់៤ពានលានដុល្លារដល់ធនាគារពិភពលោក ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ និងក្រីក្រ។
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានយកវេទិកាកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ជំរុញឲ្យពិភពលោកគិតគូរពីផលប្រយោជន៍ដោយស្មើភាពគ្នាពីការប្រើប្រាស់បច្ចេកវិទ្យា AI។ មេដឹកនាំចិន បានជំរុញឲ្យក្រុមប្រទេស G20 គិតគូរពីការរីកចម្រើននៃបច្ចេកវិទ្យា AI ហើយត្រូវធានាផលប្រយោជន៍ដល់ក្រុមប្រទេសកំពុងអភិវឌ្ឈន៍ និងស្នើឱ្យមានការកែទម្រង់ស្ថាប័នអន្តរជាតិ និងរួមរួមគ្នាជួយលើកកម្ពស់សមភាពផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម បច្ចេកវិទ្យាឌីជីថល និងបរិស្ថាន។
សម្រាប់លោក ស៊ី ជិនភីង ពិភពលោកគួរតែបង្កើនអភិបាលកិច្ចជាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យា AI ដើម្បីធ្វើឱ្យប្រាកដថា AI គឺសម្រាប់ទាំងអស់គ្នា មិនមែនជាហ្គេមសម្រាប់ប្រទេសអ្នកមាន និងអ្នកមាននោះទេ។ ប្រទេសចិន និងប្រទេសមួយចំនួនផ្សេងទៀតរួមទាំងសហរដ្ឋអាម៉េរិក កំពុងប្រជែងគ្នាក្នុងការកំណត់ស្តង់ដា សកលសម្រាប់អភិបាលកិច្ច AI ប៉ុន្តែការចូលរួមពីបណ្តាប្រទេសកំពុងអភិវឌ្ឈន៍ហាក់នៅមានការខ្វះចន្លោះ។ ទន្តឹមនឹងនេះ មេដឹកនាំចិន បានស្នើឱ្យធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីស្តារដំណើរការនៃការដោះស្រាយជម្លោះតាមយន្តការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ដោយឡែកលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ដែលបានបង្ហាញវត្តមានចុងក្រោយនៅក្នុងកិច្ចប្រជុំកំពូលនេះបានសន្យាផ្តល់មូលនិធីរហូតដល់៤ពាន់លានដុល្លារក្នុងរយៈពេល៣ឆ្នាំដល់ធនាគារពិភពលោកដើម្បីផ្តល់ជំនួយ និងកម្ចីការប្រាក់ទាបដល់ប្រទេសដែលមានចំណូលទាបក្នុងគោលបំណងលុបបំបាត់ភាពក្រីក្រ។ ជាមួយគ្នានេះ មេដឹកនាំមហាអំណាចសេដ្ឋកិច្ចផុតលេខលើពិភពលោករូបនេះ ស្នើឱ្យមានការបន្ធូរបន្ថយបំណុលដល់ប្រទេសក្រីក្រ ព្រោះថា បញ្ហានេះបានបង្ខំឱ្យប្រទេសជាច្រើនត្រូវជ្រើសរើសរវាងការអភិវឌ្ឍប្រទេសនាពេលអនាគត និងការសងបំណុល៕
ដោយៈ សរ សុជាតិ