មិនតែប៉ុណ្ណោះ នៅពេលដែលជើងហោះហើរកម្ពុជាចិន ត្រូវបានបើកប្រតិបត្តិការច្រើនឡើងវិញ នោះ គេរំពឹងថា វាក៏នឹងអាចជួយកាត់បន្ថយតម្លៃសំបុត្រយន្ដហោះ ដែលកំពុងហក់ឡើងថ្លៃកប់ពពកនាពេលបច្ចុប្បន្ននេះ ឲ្យធ្លាក់មកនៅក្នុងកម្រិតសមរម្យអាចទទួលយកបានផងដែរ។
ក្នុងជំនួបទ្វេភាគីរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិននាពេលថ្មីៗនេះ ឯកឧត្តម ប្រាក់ សុខុនបានលើកឡើងថា ចិននឹងពិចារណាបើកជើងហោះហើរផ្ទាល់មកកម្ពុជាទាំងអស់ឡើងវិញ ក្រោយបានផ្អាក និងកាត់បន្ថយជើងហោះហើរមួយចំនួនកន្លងមក ក្រោមវិធានការទប់ស្កាត់ និងបង្ការការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ការពិចារណាបើកជើងហោះហើរឡើងវិញនេះ ធ្វើឡើងក្រោយ ថ្នាក់ដឹកនាំរដ្ឋចិន មើលឃើញពីភាពធូរស្បើយនៃការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះឯកឧត្តម វ៉ាង យី បានអះអាងថា ចិននឹងជួយជំរុញភ្ញៀវទេសចរ និងវិនិយោគិនឲ្យមកធ្វើដំណើរកម្សាន្ត និងវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរនៅក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
ជុំវិញបញ្ហានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានលើកឡើងថា ប្រសិនចិនបើកជើងហោះហើរមកកម្ពុជាទាំងអស់ឡើងវិញមែននោះ វាមិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងជួយស្រូបទាញវិនិយោគិនចិនឲ្យចូលមកកម្ពុជាកាន់តែច្រើនផងដែរ។
ជាមួយគ្នានេះឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាត់ទុកការពិចារណាបើកជើងហោះហើរឡើងវិញពីសំណាក់ភាគីចិនជាដំណឹងមួយដ៏ល្អសម្រាប់វិស័យអាកាសចរណ៍ និងកម្ពុជាទាំងមូល ព្រោះវានឹងធ្វើឲ្យលំហូរភ្ញៀវទេសចរ និងវិនិយោគិនចិនចូលមកកម្ពុជាកាន់តែច្រើន ប្រសិនបើជើងហោះហើរត្រូវបានដំណើរការឡើងវិញមែននោះ។ លើសពីនេះ វាក៏នឹងធ្វើឲ្យមានការប្រែប្រួលការដឹកជញ្ជូនទំនិញតាមផ្លូវការអាកាស និងធ្វើឲ្យតម្លៃសំបុត្រទៅមករវាងប្រទេសទាំងពីរមានអាចភាពល្អប្រសើរឡើងវិញផងដែរ។
គួរបញ្ចាក់ថា តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិន បានឡើងថ្លៃខ្ពស់កប់ពពកចន្លោះពី៥ពាន់ទៅ១ម៉ឺនដុល្លារក្នុង១ជើង ក្រោយក្រុមហ៊ុនអាកាសចរណ៍ចិនបានផ្អាក និងកាត់បន្ថយជើងហោះហើរ បន្ទាប់ពីចិនបានដាក់ចេញវិធានការគ្មានកូវីដ-១៩ ឬ Zero Covid ដោយមានការរឹតត្បិតប្រជាជន និងអ្នកដំណើរធ្វើដំណើរចេញ ឬចូលប្រទេសចិន។ បច្ចុប្បន្នជើងហោះហើរទៅមករវាងប្រទេសទាំងពីរមានតែ១ជើងប៉ុណ្ណោះក្នុង១សប្តាហ៍។
បើតាមរបាយការណ៍ ដែលផ្តល់ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោយរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ និងលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជាបានចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកដំណើរបានចូលមកកម្ពុជាមានចំនួនសរុបជាង៩ពាន់នាក់។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ចាប់ពីខែធ្នូ នេះ ជើងហោះហើរនឹងមានចំនួន៤៣ជើងក្នុង១សប្តាហ៍ កើនឡើងចំនួន៦ជើងបើធៀបនឹងខែវិច្ឆិកា កន្លងទៅ។ ទោះយ៉ាងណា អ្នកជំនាញ អះអាងថា ចំនួនជើងហោះហើរនឹងមានការប្រែប្រួលទៅតាមការវិវត្តនៃជំងឺកូវីដ-១៩៕