ខ្យល់បក់អាចនាំយកមេរោគកូវីដ១៩មកពីប្រទេសកូរ៉េខាងជើង

ក្រុមមន្ត្រីចិនព្រួយបារម្ភខ្លាចថា ខ្យល់បក់អាចនាំយកមេរោគកូវីដ១៩មកពីប្រទេសកូរ៉េខាងជើងឆ្លងចូលប្រទេសខ្លួន


ក្រុមមន្ត្រីមួយចំនួននៅក្នុងទីក្រុងមួយនៃប្រទេសចិន ដែលជាប់ព្រំដែនជាមួយប្រទេសកូរ៉េខាងជើង បាននិយាយថា ពួកគេមិនអាចកំណត់ដឹងច្បាស់ទេថា តើការឆ្លងថ្មីនៃជំងឺកូវីដ-១៩បានបន្តកើតឡើងចេញមកពីចំណុចណាមួយនៅក្នុងប្រទេសកូរ៉េខាងជើង ឬក៏អត់នោះទេ ប៉ុន្ដែ ក្រុមមន្ត្រីចិនទាំងនេះ បានសម្ដែងការព្រួយបារម្ភថា ខ្យល់អាចបក់នាំយកមេរោគកូវីដ១៩ ពីប្រទេសកូរ៉េខាងជើង ឆ្លងចូលទៅក្នុងតំបន់មួយចំនួននៃប្រទេសចិន ដែលស្ថិតនៅក្បែរនោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិជាច្រើន។
ក្រុមមន្ត្រីចិនព្រួយបារម្ភខ្លាចថា ខ្យល់បក់អាចនាំយកមេរោគកូវីដ១៩មកពីប្រទេសកូរ៉េខាងជើងឆ្លងចូលប្រទេសខ្លួន

បើទោះជាប្រទេសកូរ៉េខាងជើងបានចាត់វិធានការបិទខ្ទប់តាំងពីចុងខែមេសាហើយក៏ដោយ ប៉ុន្តែករណីឆ្លងប្រចាំថ្ងៃកំពុងកើនឡើងនៅក្នុងទីក្រុងដានដុង (Dandong) ដែលមានចំនួនប្រជាជនជាង២លាននាក់រស់នៅ ហើយអ្នកឆ្លងភាគច្រើនបំផុតដែលរកឃើញនៅក្នុងសហគមន៍ ក្នុងអំឡុងពេលសប្ដាហ៍មុន ត្រូវបានដាក់នៅក្រៅបរិវេណលំនៅឋានរបស់ពួកគេរយៈពេលយ៉ាងតិច ៤ ថ្ងៃមុនពេលធ្វើរោគវិនិច្ឆ័យ។ នេះបើតាមមជ្ឈមណ្ឌលបង្ការជំងឺនៅក្នុងទីក្រុងដានដុង។

ខណៈដែលមេរោគកំពុងតែផ្ទុះឡើងនៅកន្លែងផ្សេងទៀតក្នុងប្រទេសចិនរួមទាំងនៅតំបន់ភាគខាងជើងដែរនោះ ក្រុមមន្ត្រីបាននិយាយថា ពួកគេមិនត្រូវបង្កើតឱ្យមានខ្សែចង្វាក់នៃការឆ្លងតាមខ្យល់នោះទេ ដូច្នេះហើយរដ្ឋាភិបាលចិនបានជំរុញប្រជាពលរដ្ឋចិនដែលរស់នៅតាមដងទន្លេ Yalu ដែលហូរកាត់ប្រទេសទាំងពីរនេះឱ្យបិទទ្វារ បង្អួចផ្ទះរបស់ពួកគេនៅថ្ងៃណាដែលមានខ្យល់បក់បោកខ្លាំង។ ហើយពលរដ្ឋខ្លះបាននិយាយថា អាជ្ញាធរមូលដ្ឋានក៏បានសុំឱ្យពលរដ្ឋធ្វើតេសឱ្យបានញឹកញាប់ផងដែរ។

សូមរំលឹកថា មកដល់ពេលនេះមិនមានភស្តុតាងវិទ្យាសាស្រ្តច្បាស់លាស់ណាមួយដែលគាំទ្រទ្រឹស្តីនៃការឆ្លងមេរោគកូវីដ១៩តាមខ្យល់បក់មកនោះទេ។ ការស្រាវជ្រាវបង្ហាញថា ការឆ្លងតាមរយៈខ្យល់ទំនងជាមិនឆ្លងក្នុងចម្ងាយឆ្ងាយនោះទេ ជាពិសេសនៅកន្លែងខាងក្រៅតែម្ដងប៉ុន្តែមិនមែនគ្រប់គ្នានៅក្នុងប្រទេសចិនសុទ្ធតែជឿពីបញ្ហានេះទេ។ អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមជាច្រើនបានចំអកចំពោះការលើកឡើងថា មេរោគអាចធ្វើដំណើរលើអាកាសបានចម្ងាយរាប់រយម៉ែត្រ។

ប្រជាពលរដ្ឋមួយចំនួនបានសង្ស័យថា អាជ្ញាធរកំពុងពិចារណាពីលទ្ធភាពដែលថាមេរោគនេះកំពុងត្រូវបានបញ្ជូនតាមខ្យល់មកពីប្រទេសកូរ៉េខាងជើង ដែលបច្ចុប្បន្នប្រទេសឯកោមួយនេះ កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយគេសង្ស័យថា ករណីឆ្លងជំងឺនេះបានកើនឡើងលើពលរដ្ឋជាង ៤ លាននាក់ចាប់តាំងពីចុងខែមេសាមក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA)៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន និង ឥណ្ឌាបន្ដសម្រុកទិញប្រេងពីរុស្ស៊ីច្រើនជាងមុនក្នុងតម្លៃទាប

ព័ត៌មាន
ទិន្នន័យចុងក្រោយបង្អស់របស់ក្រុមហ៊ុនវិភាគទិន្នន័យ Refinitiv បង្ហាញថា ប្រទេសចិន និង ឥណ្ឌាបានបង្កើនការទិញប្រេងពីរុស្ស៊ីកាន់តែច្រើនឡើងៗ ខណៈព…

តំណាងប្រេសិតពិសេសអាមេរិកថា កូរ៉េខាងជើងអាចធ្វើការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនគ្រប់ពេលវេលា

ព័ត៌មាន
បញ្ហាឧបទ្វីបកូរ៉េ បាននិងកំពុងតានតឹងកាន់តែខ្លាំងមែនទែនហើយ ខណៈដែលតំណាងប្រេសិតពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបាននិយាយន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ