លោកស្រី ផាថានី គៀតផៃបុល (Thapanee Kiatphaibool) ប្រធានអាជ្ញាធរទេសចរណ៍ថៃ បានប្រកាសពីចំណាត់ការនេះកាលពីថ្ងៃទី១២ ខែវិច្ឆិកា បន្ទាប់ពីលោកស្រីបានចូលរួមកិច្ចប្រជុំជាមួយ នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវេស៊ីន នៅអាកាសយានដ្ឋានសុវណ្ណភូមិ ដោយផ្តោតសំខាន់នៅលើដំណោះស្រាយបញ្ហាសន្តិសុខ និងការធានាគុណភាពនៃសេវាកម្ម ដែលផ្តល់ដល់ភ្ញៀវទេសចរក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ។
ប្រធានអាជ្ញាធរទេសចរណ៍ថៃរូបនេះ បាននិយាយថា ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ អាជ្ញាធរទេសចរណ៍ថៃ ក៏ដូចជាក្រសួងទេសចរណ៍និងកីឡា ចាំបាច់ត្រូវសហការជាមួយប្រធានការិយាល័យស៊ើបអង្កេតកណ្តាល និងប៉ូលីសទេសចរណ៍។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ បានឲ្យដឹងថា នៅថ្ងៃទី ១៥ ខែវិច្ឆិកា ក៏នឹងមានការពិភាក្សាស្តីពីការដាក់ពង្រាយប៉ូលីសចិន សម្រាប់ការល្បាតនៅក្នុងទីក្រុងទេសចរណ៍សំខាន់ៗរួមជាមួយនឹងស្ថានទូតចិន ប្រចាំនៅប្រទេសថៃផងដែរ។ មែនទែនទៅ គោលការណ៍នេះអាចថ្មីសម្រាប់ប្រទេសថៃ ប៉ុន្ដែ វាធ្លាប់ត្រូវបានអនុវត្តជោគជ័យរួចហើយនៅក្នុងប្រទេសអ៊ីតាលី។ ទោះយ៉ាងណា គេមិនទាន់ដឹងថា តើរាជរដ្ឋាភិបាលថៃ នឹងសម្រេចអនុញ្ញាតឲ្យមន្ត្រីប៉ូលីសចិន អាចចុះល្បាតនៅក្នុងទីក្រុង ឬខេត្តទេសចរណ៍ណាខ្លះនៅឡើយទេ។
ក៏ប៉ុន្ដែ បើតាមការរំពឹងទុក គំនិតផ្តួចផ្តើមនេះ នឹងរួមចំណែកដល់គោលដៅនៃការទទួលភ្ញៀវទេសចរចិនរហូតដល់ ៤លាន៤សែននាក់ ក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំនេះ។
លោកស្រីផាថានី ប្រធានអាជ្ញាធរទេសចរណ៍ថៃ អះអាងថា វត្តមានប៉ូលីសចិននៅក្នុងប្រទេសថៃ វាអាចជាភាព ចាំបាច់ ព្រោះវានឹងជួយថៃបង្ហាញភ្ញៀវទេសចរចិនថា ប្រទេសថៃកំពុងពង្រឹងវិធានការសន្តិសុខរបស់ខ្លួន។
លោកស្រីបានបន្តថា ទំនុកចិត្តរបស់អ្នកធ្វើដំណើរនឹងត្រូវបានជំរុញ ប្រសិនបើមន្ត្រីប៉ូលីសចិនអាចបញ្ជាក់ថា ប្រទេសថៃមានសុវត្ថិភាព។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរជនជាតិចិន នៅក្នុងប្រទេសថៃ បានចាប់ផ្តើមថយចុះបន្ទាប់ពីក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ និង ភ្ញៀវទេសចរមួយចំនួនត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ហើយបាត់បង់ជីវិតនៅក្នុងផ្សារទំនើបមួយក្នុងទីក្រុងបាងកកកាលពីពេលថ្មីៗកន្លងទៅនេះ ។
សូមបញ្ជាក់ថា លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃ ចាប់តាំងពីចូលកាន់ដំណែងនៅខែសីហា ឆ្នាំ២០២៣ មក គឺបានយកចិត្តទុកដាក់បំផុតនៅលើភ្ញៀវទេសចរចិន ដោយរួមទាំងការដាក់ចេញ នូវការលើកលែងទិដ្ឋាការរបស់ភ្ញៀវទេសចរចិនផងដែរ៕
ដោយៈ សរ សុជាតិ