តម្លៃមាសនៅផ្សារហ៊ុនមាសក្រុងស៊ាងហៃ (Shanghai Gold Exchange) គឺប្រហែល៤៧០យន់ស្មើនឹងប្រហែល៦៥ដុល្លារក្នុងមួយក្រាម គិតត្រឹមព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ពោលគឺវាបានកើនឡើងប្រហែល៤០ដុល្លាររួចទៅហើយ។ តម្លៃមាសនៅក្នុងប្រទេសចិន ភាគច្រើន គឺទាបជាងតម្លៃស្តង់ដារអន្តរជាតិចាប់ពីដើមឆ្នាំនេះរហូតដល់ដើមខែសីហា ប៉ុន្តែចាប់តាំងពីពេលនោះមកតម្លៃមាសបានហក់ឡើងដល់កម្រិតមួយខ្ពស់បំផុត។
បើតាមក្រុមប្រឹក្សាមាសពិភពលោកបានឱ្យដឹងថា តម្រូវការគ្រឿងអលង្ការ និងការវិនិយោគសម្រាប់មាសនៅក្នុងប្រទេសចិន មានចំនួនសរុបជិត៨០០តោន ក្នុងឆ្នាំ២០២២ ដែលវាស្មើនឹងប្រហែល២០% នៃតម្រូវការពិភពលោក ហើយវាបានធ្វើឱ្យចិនស្ថិតក្នុងកម្រិតដូចគ្នានឹងប្រទេសឥណ្ឌា ដែលបានជាប់ចំណាត់ថ្នាក់ជាអ្នកប្រើមាសដ៏កំពូលនៅទូទាំងពិភពលោក។
លោក កយជីរ៉ូ កាម៉េ (Koichiro Kamei)ជាមន្ត្រីនៅវិទ្យាស្ថានយុទ្ធសាស្រ្តទីផ្សារបាននិយាយថា តម្រូវការមាសជាក់ស្ដែងដ៏រឹងមាំនៅក្នុងប្រទេសចិនកំពុងផ្តល់ការគាំទ្រដល់តម្លៃមាសថែមទៀត។ ទស្សនវិស័យដ៏ស្រពេចស្រពឹលនៃកំណើនសេដ្ឋកិច្ចកំពុងជំរុញឱ្យពលរដ្ឋចិនចាប់អារម្មណ៍ជាថ្មីចំពោះមាស ដែលជាឃ្លាំងទ្រព្យដ៏មានតម្លៃមួយ។ ជាក់ស្ដែង ស្ត្រីវ័យ៤០ឆ្នាំម្នាក់រស់នៅក្នុងទីក្រុងស៊ាងហៃ ដែលវិនិយោគលើមូលនិធិ នៃការប្ដូរប្រាក់តាមហាងឆេងមាសបាននិយាយថា ទំនាក់ទំនងអន្តរជាតិរបស់ចិនកាន់តែយ៉ាប់យ៉ឺន គួបផ្សំនឹងការកើតឡើងនូវភ្លើងសង្រ្គាមនៅជុំវិញពិភពលោក ដូច្នេះហើយតម្លៃមាសនឹងមិនធ្លាក់ចុះនោះឡើយ៕
អត្ថបទ៖ សុខ ជា