ផ្សារហ៊ុនចិន បានហក់ឡើងដល់ចំណុចកំពូលអំឡុងដើមឆ្នាំ២០២១ ប៉ុន្តែចាប់តាំងពីខែកុម្ភៈ ឆ្នាំដដែលបានដាំក្បាលចុះជាបន្តបន្ទាប់ក្នុងរយៈពេល៣ឆ្នាំមកនេះ ដែលបណ្ដាលឱ្យតម្លៃភាគហ៊ុនចិន ខាតបង់រហូតដល់ទៅប្រមាណ៦ទ្រីលានដុល្លារអាម៉េរិក ពីផ្សារហ៊ុនចិន និងផ្សារហ៊ុនក្រុងហុងកុង។
សន្ទស្សន៍ផ្សារហ៊ុនក្រុងហាងសេង (Hang Seng) បានធ្លាក់ចុះដល់ទៅ១០%គ្រាន់តែនៅដើមឆ្នាំ២០២៤ នេះ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ (Shanghai Composite) បានធ្លាក់ចុះ៧% ចំណែកឯសន្ទស្សន៍ផ្សារហ៊ុនក្រុងស៊ិនជិន (Shenzhen Component) បានធ្លាក់ចុះ១០%។
ការខាតបង់ធ្ងន់ធ្ងរដ៏គួរឱ្យភ្ញាក់ផ្អើល ដែលធ្វើឱ្យគេនឹកឃើញដល់គ្រាដែលផ្សារភាគហ៊ុនចិន ដាំក្បាលចុះធ្ងន់ធ្ងរលើកចុងក្រោយចន្លោះឆ្នាំ២០១៥-២០១៦ នេះ បានឆ្លុះបញ្ចាំងពីវិបត្តិទំនុកចិត្តក្នុងចំណោមវិនិយោគិនដែលព្រួយបារម្ភអំពីអនាគតរបស់ប្រទេសចិន។
ក្រុមអ្នកវិភាគនៅធនាគារពវិនិយោគពហុជាតិសាសន៍របស់សហរដ្ឋអាម៉េរិក ហ្គោឌិន ស្សាក (Goldman Sachs) បានសរសេរនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយរបស់ខ្លួនកាលពីថ្ងៃអង្គារ សប្ដាហ៍មុនថា នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គ្មានអ្វីគួរឱ្យសង្ស័យទេ គឺវាជារយៈពេលដ៏លំបាក និងដ៏គួរឱ្យខកចិត្តសម្រាប់វិនិយោគិន និងអ្នកចូលរួមក្នុងផ្សារហ៊ុនចិន។
ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោក កំពុងញាំញីដោយបញ្ហាច្រើនស្អេកស្កះរាប់ចាប់ពីការដាំក្បាលចុះនៃវិស័យអចលនវត្ថុ បរិត្តផរណា បំណុល អត្រាកំណើតទារកធ្លាក់ចុះ និងការថយចុះកម្លាំងការងារ ក៏ដូចជាការផ្លាស់ប្តូរឆ្ពោះទៅរកគោលនយោបាយជំរុញដោយមនោគមវិជ្ជា ដែលបានធ្វើឱ្យវិស័យឯកជនមានភាពច្របូកច្របល់ និងបំភ័យឱ្យក្រុមហ៊ុនបរទេសរត់ចេញ។
វិបត្តិភាគហ៊ុននេះបានធ្វើឱ្យទីផ្សារចិន ទទួលបានលទ្ធផលអន់ជាងគេគិតមកទល់នឹងដើមឆ្នាំនេះ ផ្ទុយពីផ្សារហ៊ុនពិភពលោកដែលដឹកនាំដោយ Wall Street និងផ្សារហ៊ុនអាស៊ី ដែលដឹកនាំដោយជប៉ុន។
មានសញ្ញាបង្ហាញថា រដ្ឋាភិបាលចិន ចាប់ផ្តើមមានការព្រួយបារម្ភហើយនៅពេលនេះ។ ទីភ្នាក់ងារព័ត៌មានមួយបានរាយការណ៍កាលពីសប្តាហ៍មុនថា ទីក្រុងប៉េកាំងបានចេញសេចក្ដីណែនាំឱ្យធនាគារនានាលក់ចេញប្រាក់ដុល្លារ ដើម្បីគាំទ្រដល់ប្រាក់យន់ (Yuan) របស់ចិន ហើយសារព័ត៌មានដ៏ល្បីល្បាញ Bloomberg បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍មុនថា រដ្ឋាភិបាលចិន កំពុងត្រៀមធ្វើអន្តរាគមន៍ដោយផ្ទាល់ ដើម្បីគាំទ្រភាគហ៊ុនចិន។
ជាក់ស្ដែង នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) កាលពីថ្ងៃច័ន្ទសប្ដាហ៍មុនបានបញ្ជាឱ្យមន្ត្រីចាត់វិធានការប្រកបដោយប្រសិទ្ធភាព និងខ្លាំងក្លា ដើម្បីធ្វើឱ្យទីផ្សារមានស្ថិរភាព។ ប៉ុន្តែសំណួរសួរថា តើចិន អាចស្ដារទំនុកចិត្តរបស់វិនិយោគិនឡើងវិញបានដែរ ឬយ៉ាងណា?៕
ដោយ: តែម សុខុម