
ភ្ញៀវទេសចរចិន កំពុងផ្លាស់ប្តូរនិន្នាការធ្វើដំណើររបស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយវៀតណាម និងម៉ាឡេស៊ី ទទួលបានកំណើនខ្ពស់ ខណៈប្រទេសថៃ ដែលធ្លាប់ជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរចិន បានកត់ត្រាពីការធ្លាក់ចំនួនភ្ញៀវទេសចរចិន ចំពេលមានការប្រែប្រួលរូបិយប័ណ្ណ ការព្រួយបារម្ភអំពីសុវត្ថិភាព និងបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសចិន។
បើយោងតាមរបាយការណ៍របស់ក្រសួងកីឡា និងទេសចរណ៍ថៃ នៅឆមាសទី១ ឆ្នាំ២០២៥ ថៃ ដែលកំពុងមានវិបត្តិនយោបាយទទួលបានភ្ញៀវទេសចរបរទេសចំនួន១៦លាននាក់ មានការធ្លាក់ចុះ៤,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះយ៉ាងគំហុកនេះ គឺបណ្ដាលមកពីការធ្លាក់ចុះចំនួនភ្ញៀវទេសចរចិន ដែលមានរហូតដល់ជិត១៤% នៃចំនួនភ្ញៀវទេសចរបរទេសសរុបរបស់ប្រទេសនេះ។
ដោយឡែកប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរចិន ដ៏ច្រើនមិននឹកស្មានដល់ ដោយគ្រាន់តែនៅក្នុងត្រីមាសទីមួយឆ្នាំ២០២៥ ភ្ញៀវទេសចរចិន ទៅលេងវៀតណាម បានកើនឡើងជិត៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺបានកើនលើសប្រទេសថៃ ចំនួនប្រហែល២០ម៉ឺននាក់ ខណៈអ្នកទេសចរបានសម្រុកទៅលេងរមណីយដ្ឋាន និងឆ្នេរប្រណីតៗនៅតំបន់ឆ្នេរដ៏ពេញនិយមនាទីក្រុងដាណាង និងញ៉ាត្រាង។
ប្រទេសវៀតណាម បាននាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងកំណើនទេសចរណ៍ជារួមសម្រាប់ រយៈពេល៤ខែដំបូងនៃឆ្នាំ២០២៥ ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរកើនឡើងជិត២៤% ខណៈដែលម៉ាឡេស៊ី បានជាប់ចំណាត់ថ្នាក់ទីពីរជាមួយនឹងកំណើនជាង១០% ក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះ ឥណ្ឌូនេស៊ី មានការកើនឡើងជិត៦% ខណៈដែលហ្វីលីពីន និងថៃបានកត់ត្រាការធ្លាក់ចុះ០,៨% និង០,៣% តាមលំដាប់៕
ដោយ៖ សុខ មង្គល