ក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់ចិនធំមួយគឺ ZTO ដែលមានប្រតិបត្តិការនៅកម្ពុជា ថ្មីៗនេះ បានប្រកាសពីការកកស្ទះការដឹកជញ្ជូនទំនិញតាមផ្លូវគោកនៅតាមព្រំដែនចិន-វៀតណាម ក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានស្ថានភាពធ្ងន់ធ្ងរ ដែលធ្វើឲ្យកំពង់ផែមួយចំនួន ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន។
ទោះជាបែបនេះក្ដី អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាអះអាងថា ការកកស្ទះទំនិញនៅតាមច្រកព្រំដែនរវាងវៀតណាម និងចិននេះ មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការដោះដូរ និងដឹកជញ្ជូនទំនិញរបស់កម្ពុជានោះទេ គ្រាន់តែធ្វើឲ្យមានការភាពយឺតយ៉ាវសម្រាប់ការដឹកជញ្ជូនទំនិញរហ័សជាកញ្ចប់តូចៗតែប៉ុណ្ណោះ។ ប៉ុន្ដែ អ្នកជំនាញកត់សម្គាល់ឃើញថា ការកើនឡើងតម្លៃប្រេងឥន្ធនៈយ៉ាងគំហុកនាពេលបច្ចុប្បន្ននេះទៅវិញទេ ដែលកំពុងជំរុញឲ្យតម្លៃដឹកជញ្ជូននៅកម្ពុជាកើនឡើង និងបង្កឲ្យមានការរអាក់រអួលក្នុងការដឹកជញ្ជូនមួយចំនួន។
បញ្ហាដឹកញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងវៀតណាម និងចិន បាននិងកំពុងជួបការកងស្ទះជាថ្មីទៀតហើយ នៅគ្រាដែលប្រទេសចិនកំពុងជួបការឆ្លងរាលដាលកូវីដ១៩កាន់តែខ្លាំង និងមានការបិទខ្ទប់តំបន់មួយចំនួនផងដែរ។ បញ្ហានេះ ក៏ជះឥទ្ធិពលដល់វិស័យដឹកញ្ជូនទំនិញកម្ពុជាផងដែរ តួយ៉ាង ថ្មីៗនេះ ក្រុមហ៊ុនដឹកញ្ជូនរបស់ចិន ដែលមានប្រតិបត្តិការនៅកម្ពុជា ZTO បានប្រកាសអំពីការពន្យារពេលដឹកជញ្ជូន ដោយសារតែបញ្ហារឹតបន្ដឹងតាមព្រំដែន កំពង់ផែចិន និងវៀតណាម។ បញ្ហានេះ បានធ្វើឲ្យការដឹកជញ្ជូនតមាផ្លូវគោកពីចិនមកកម្ពុជានឹងមានសភាពយឺតយ៉ាវ។ នេះបើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុន ZTO។
យ៉ាងណាក៏ដោយចុះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា ការរាំងស្ទះទំនិញនៅព្រំដែនចិន-វៀតណាមរបស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញកញ្ចប់រហ័ស ZTO មិនបានជះឥទ្ធិពលធ្ងន់ធ្ងរមកលើវិស័យដឹកជញ្ចូនទំនិញរបស់កម្ពុជានោះទេ។ ព្រោះថា ការដឹកជញ្ជូនទំនិញពីកម្ពុជាទៅចិនភាគច្រើនធ្វើឡើងតាមផ្លូវទឹក ខណៈទំនិញរបស់ក្រុមហ៊ុន ZTO ដែលបានកកស្ទះ គឺដឹកជញ្ជូនតាមផ្លូវគោក។
ប៉ុន្តែអ្នកជំនាញរូបនេះ អះអាងថា អ្វីដែលជាបញ្ហាចោទសម្រាប់វិស័យដឹកជញ្ជូនកម្ពុជានាពេលបច្ចុប្បន្ន គឺការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលធ្វើឲ្យថ្លៃដឹកជញ្ជូនដែលកំពុងថ្លៃស្រាប់បានកើនឡើងមួយកម្រិតទៀត និងបង្កឲ្យមានការរអាក់រអួលមួយចំនួនដោយសារកង្វះប្រេងឥន្ធនៈក្នុងការផ្គត់ផ្គង់ឲ្យវិស័យនេះ។
ស្រដៀងគ្នានេះដែរលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញបានគូសបញ្ជាក់ថា ការកកស្ទះទំនិញនៅព្រំដែនវៀតណាម-ចិន មិនបានធ្វើឲ្យប៉ះពាល់ដល់ការដោះដូរ ឬដឹកជញ្ជូនទំនិញទ្រង់ទ្រាយធំរបស់កម្ពុជានោះទេ។ ពោលគឺគ្រាន់តែធ្វើឲ្យមានភាពយឺតយ៉ាងសម្រាប់ការមកដល់នូវទំនិញលក្ខណៈកញ្ចប់ៗ ដែលដឹកជញ្ជូនរហ័សតែប៉ុណ្ណោះ។
លោក ជា ចាន់ដារ៉ា កត់សម្គាល់ឃើញថា វិបត្តិជំងឺកូវីដ-១៩ និងបញ្ហាភាពតានតឹងភូមិសាស្ត្រនយោបាយជាពិសេសសង្គ្រាមនៅអ៊ុយក្រែនបានជំរុញឲ្យតម្លៃសកលរួមទាំងកម្ពុជាបានហក់ឡើងថ្លៃជាបន្តបន្ទាប់ដែលកំពុងចោទជាបញ្ហាសម្រាប់វិស័យដឹកជញ្ជូន និងឡូជីស្ទីករបស់កម្ពុជា។ ការកើនឡើងតម្លៃប្រេងឥន្ធនៈយ៉ាងគំហុកនេះបានធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនដំឡើងថ្លៃចន្លោះពី៥% ទៅ១០% បន្ថែមទៀត ដែលជំរុញឲ្យតម្លៃដឹកជញ្ជូនកាន់តែឡើងខ្ពស់។ តែយ៉ាងណាការកើនឡើងនេះមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូនកម្ពុជានោះទេ។
សូមបញ្ជាក់ថា ក្រោយរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន បានជំរុញឲ្យតម្លៃប្រេងឥន្ធនៈសកល រួមទាំងកម្ពុជា បានហក់ឡើងថ្លៃជាបន្តបន្ទាប់ ដែលកំពុងគំរាមកំហែងដល់ប្រទេសជាច្រើនលើពិភពលោកក្នុងការប្រឈមនឹងវិបត្តិអតិផរណា។ ព្រោះថាក្រោយតម្លៃថាមពល និងប្រេងឥន្ធនៈឡើងថ្លៃបានជំរុញតម្លៃទំនិញមួយចំនួន ក៏បានឡើងថ្លៃទៅតាមនោះផងដែរ៕