ក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបំផុតរបស់ពិភពលោក TSMC បានប្តេជ្ញាក្នុងការវិនិយោគរហូតដល់ទៅ ១០០ ពាន់លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំ ដើម្បីបង្កើនការផលិតបន្ទះឈីបដ៏ទំនើបគុណភាពខ្ពស់បំផុតរបស់ខ្លួន។ កាលពីខែមករា ក្រុមហ៊ុនតៃវ៉ាន់មួយនេះ បាននិយាយថា ការចំណាយដើមទុនរបស់ខ្លួននឹងកើនឡើងរហូតដល់ ៤៧% ក្នុងឆ្នាំ ២០២២ ដោយក្រុមហ៊ុនគ្រោងនឹងចំណាយចន្លោះពី ៤០ ពាន់លានដុល្លារ ទៅ ៤៤ ពាន់លានដុល្លារ នៅឆ្នាំនេះ ដែលនឹងកើនឡើងពីការចំណាយ ៣០ ពាន់លានដុល្លារកាលពីឆ្នាំមុន។
សូមជម្រាបថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ TSMC មានទីផ្សារមូលធនសរុបជិត ៦០០ ពាន់លានដុល្លារ ហើយបច្ចុប្បន្នក៏កំពុងតែសាងសង់រោងចក្រតម្លៃ ១២ ពាន់លានដុល្លារនៅទីក្រុងហ្វីនិច រដ្ឋរដ្ឋ Arizona និងមួយទៀតនៅប្រទេសជប៉ុន ដើម្បីបង្កើនសមត្ថភាពផលិតបន្ទះឈីបរបស់ខ្លួនផ្គត់ផ្គង់ទៅកាន់ពិភពលោក។
ទន្ទឹមនះ ក្រុមហ៊ុន Intel ក៏បានប្រកាសកាលពីខែមីនាឆ្នាំមុនផងដែរថា ខ្លួនគ្រោងនឹងចំណាយប្រាក់ចំនួន ២០ ពាន់លានដុល្លារលើរោងចក្រផលិតបន្ទះឈីបថ្មីចំនួនពីរនៅរដ្ឋ Arizona ដូចក្រុមហ៊ុន TSMC ដែរ ខណៈក្រុមហ៊ុន Intel មានវត្តមាននៅក្នុងរដ្ឋមួយនេះ អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។
ក្រៅតែពី TSMC និង Intel គេសង្កេតឃើញថា ក្រុមហ៊ុនSamsung ដែលជាក្រុមហ៊ុនធំជាងគេរបស់កូរ៉េខាងត្បូង ក៏បង្ហាញពីមហិច្ឆតាធំក្នុងការពង្រីកការផលិតបន្ទះឈីបរបស់ខ្លួនផងដែរ។ បើទោះបីជា មិនមានការលើកឡើងអ្វីថ្មីសម្រាប់ឆ្នាំ ២០២២ ប៉ុន្តែ កាលពីខែមុន ក្រុមហ៊ុនSamsung បានបង្ហាញថាខ្លួនបានចំណាយជាង ៩០% នៃការចំណាយដើមទុនប្រចាំឆ្នាំ ២០២១ របស់ខ្លួនជាង ៤០ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ទៅលើការជំរុញអាជីវកម្មបន្ទះឈីប។
ក្រៅពីនេះ ក្រុមហ៊ុនផលិតបន្ទះឈីបមួយចំនួនផ្សេងទៀត ក៏គ្រោងនឹងបង្កើនការចំណាយរបស់ពួកគេនៅឆ្នាំនេះផងដែរ។
សូមជម្រាបថា នៅឆ្នាំ ២០២១ ក្រុមហ៊ុនផលិតបន្ទះឈីបធំៗនៅទូទាំងពិភពលោកបានចំណាយ ១៤៦ ពាន់លានដុល្លារ ក្នុងការកសាងសមត្ថភាពផលិតកម្មថ្មី និងលើការស្រាវជ្រាវការផលិតបន្ទះឈីប ដែលមានការកើនឡើងជិតទ្វេដងក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពី២០២១-២០២៥ ធៀបនឹងរយៈពេល ២០១៦-២០២០។ ក្នុងនោះ TSMC, Samsung និង Intel ដែលសុទ្ធសឹងតែជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក៕